ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ថ្លែងថា​នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ក្រសួង​ព័ត៌មាន​នឹង​បើក​ ” យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​“

តាមរយៈ​កិច្ចការងារ​ដ៏​សំខាន់​នេះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បានស្នើ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​ចូលរួម​ក្នុង​”​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​” ដែល​ជា​គំនិត​មួយ​ក្នុង​ការផ្តល់​នូវ​សុវត្ថិភាព​ជូន​ទៅ​ដល់​អ្នកសារព័ត៌មាន និង​ផ្តល់​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ទទួល​ព័ត៌មាន ។​

​នេះ​ជា​ការបញ្ជាក់​ពី ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្វែងយល់​អំពី ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​នៅ​កម្ពុជា សហការ​រៀបចំ​ដោយ​ក្រសួង​ព័ត៌មាន និង​សមាគម​សារព័ត៌មាន​អេឡិចត្រូនិច អឹម អេស ជេ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២៥ នា​សាលចតុម្មុខ​មង្គល​ទីស្តីការ​ក្រសួង​ព័ត៌មាន ដោយ​មាន​ការចូលរួម​សិក្សា​ស្វែងយល់​ពី​អ្នកសារព័ត៌មាន​ប្រមាណ​ជាង ៤០០​នាក់ ។​

​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ គ្រោង​ធ្វើ ឡើង​ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​បង្កើន​ការយល់ដឹង​ដល់​ពលរដ្ឋ​ទាក់ទង​នឹង​ផលប៉ះពាល់​នៃ​ព័ត៌មាន​ក្លែងក្លាយ​។​

​យុទ្ធនាការ​នេះ​ក៏​ជា​ការឃោសនា និង​ផ្សព្វផ្សាយ​ជា​សាធារណៈ ពី​វិធានការ​ទប់ស្កាត់​ការ​សាយភាយ​ព័ត៌មាន​ក្លែងក្លាយ ការប្រើប្រាស់​បណ្ដាញ​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព និង​ការចែករំលែក​ព័ត៌មាន​ជា​ដើម​។

​ឯកឧត្តម រដ្ឋមន្ត្រី បានបង្ហាញ​ ​ភាព​សុទិដ្ឋិនិយម​នៅ​ក្នុង​ការប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដែល​ជា​ជំ​ហ៊ាន​មួយ​យ៉ាង​សំខាន់​នៅ​ក្នុង​ការបង្កើន​ការយល់ដឹង​អំពី​ផលប៉ះពាល់​នៃ​ព័ត៌មាន​ក្លែងក្លាយ​ដល់​សាធារណជន​ទូទាំង​ប្រទេស ហើយ​គំនិត​ផ្តួចផ្តើម​នេះ​កំពុង​ទទួលបាន​ការគាំទ្រ​ពី​បណ្តា​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​អាស៊ាន និង​តំបន់​ដទៃ​ទៀត ៕​