ឯកឧត្តម​បណ្ឌិត កៅ ថាច ប្តេជ្ញា​បំពេញ​មុខងារ​ដើម្បី​គាំទ្រ​វិស័យ​កសិកម្ម លើកកម្ពស់​ជីវភាព​ប្រជាកសិករ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​

ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត កៅ ថាច ប្រតិភូ​រាជ​រដ្ឋា ភិបាល​ទទួលបន្ទុក​ជា​អគ្គនា​យក​ធនាគារ​អភិវឌ្ឍន៍ជនបទ​និង​កសិកម្ម នៅក្នុង​ពិធី​សម្ពោធ​ធនាគារ ARDB សាខា​ខណ្ឌ​ដូនពេញ​នៅ​ថ្ងៃទី​១៦​ខែ​មករា​ឆ្នាំ​២០២៥​នេះ​  បាន​ប្តេជ្ញា​ថា នឹង​បន្ត​បំពេញ​មុខងារ​រួម​របស់​ខ្លួន ដើម្បី​គាំទ្រ​វិស័យ​កសិកម្ម​លើកកម្ពស់​ជីវភាព​ប្រជាកសិករ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​។​

​ពិធី​សម្ពោធ​នេះ ក្រោម​វត្តមាន ឯកឧត្តម រស់ សីល​វ៉ា រដ្ឋលេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​,​ឯកឧត្តម សុន គន្ធរ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​,​លោក ជ ដា​រិទ្ធ នាយក​សាខា ធនាគារជាតិ​នៃ​កម្ពុជា​តំណាង​លោកជំទាវ​បណ្ឌិត ជា សិរី អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​  សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដែល​សរុប​ចំនួន ១៥០​នាក់​។​

​ក្នុងឱកាស​នោះ ឯកឧត្តម រស់ សីល​វ៉ា រដ្ឋលេខាធិការ បាន​សម្តែង​នូវ​ការស្វាគមន៍ ចំពោះ​ការដាក់​ឱ្យ​ដំណើរការ ប្រតិបត្តិការ​អាជីវកម្ម​របស់​សាខា​ធនាគារ​អភិវឌ្ឍ​ន៍​ជនបទ និង​កសិកម្ម ខណ្ឌដូនពេញ សង្កាត់​ចតុមុខ ដែល​ជា​សក្ខីភាព​ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​ភាព​រីកចម្រើន​ទាំង​ទំហំ និង​វិសាលភាព​ប្រតិបត្តិការ​ធនាគារ​ដល់​គ្រប់​តួអង្គ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ​។​
​ជាមួយគ្នា​នោះ ដើម្បី​ចូលរួម​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ប្រកបដោយ​ភាពជោគជ័យ​នឹងមាន​ប្រសិទ្ធភាព ឯកឧត្តម រស់ សីល​វ៉ា រដ្ឋលេខាធិការ ក៏​បាន​ស្នើ​ឱ្យ​ធនាគារ​អភិវឌ្ឍន៍ ជនបទ និង​កសិកម្ម បន្ត​យកចិត្តទុកដាក់​លើ​ការងារ​សំខាន់ៗ​ចំនួន​៧​ចំណុច ដូចខាងក្រោម​៖

​ទី​១-​ជំរុញ​ការអនុវត្ត​មុំ​ទី​៣ “​ការលើកស្ទួយ​វិស័យ​កសិកម្ម និង​ការអភិវឌ្ឍន៍​ជនបទ​” នៃ បញ្ច​កោណ​ទី​៤ នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា​, ទី​២-​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី អនុវត្ត​ឱ្យ​សម្រេចបាន​លទ្ធផល​ល្អ​នូវ​ភារកិច្ច​ទាំងឡាយ​ដែល​រាជរដ្ឋាភិបាល ប្រគល់ជូន​
​ទី​៣-​បន្ត​ចូលរួម​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ និង​ជំរុញ​ការពង្រីក​ប្រតិបត្តិការ ធនាគារ តាម​បែប​ឌីជីថល ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​ធុរកិច្ច​ឌីជីថល​
​ទី​៤-​ជំរុញ​ការផ្តល់​ហិរញ្ញប្បទាន​បៃតង ដើម្បី​ធានា​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​,​ទី​៥-​បន្ត​កៀរគរ​ប្រភព​ទុន​បន្ថែម ពី​ប្រភព​ដែល​មាន​សក្តានុពល ជាពិសេស​ប្រាក់​បញ្ញើ​,​ទី​៦-​បន្ត​ពង្រឹង​ប្រសិទ្ធភាព​នៃ​ប្រតិបត្តិកា​រធ​នា​គារ តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ ដល់​បុគ្គលិក​គ្រប់​លំដាប់ថ្នាក់​បន្ថែមទៀត និង​
​ទី​៧-​បន្ត​ជំរុញ​ការ​ផ្តល់​ឥណទាន​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ការ​បង្ខិត​សេវា​ធនាគារ​ឱ្យ កាន់តែ​កៀក​នឹង​អតិថិជន​។​

​ឯកឧត្តម​បណ្ឌិត កៅ ថាច បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា ការដាក់ឱ្យ​ដំណើរការ​ប្រតិបត្តិការ អាជីវកម្ម​របស់​សាខា​ខណ្ឌដូនពេញ​-​សង្កាត់​ចតុមុខ​នេះ នឹង​ដើរតួនាទី​យ៉ាង​សំខាន់​សម្រាប់​ការផ្តល់​សេវា ធនាគារ​ឱ្យ​កាន់តែ​ទូលំទូលាយ ផ្តល់​ភាពងាយស្រួល និង​ខិតជិត​អតិថិជន ដូចជា ការ​ផ្តល់​ឥណទាន​, ការ​ធ្វើ​ប្រតិបត្តិកា​រដក​-​ដាក់​ប្រាក់​បញ្ញើ​, ការធ្វើ​ប្រតិបត្តិការ​ផ្ទេរប្រាក់​, ការ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់ និង​ប្រតិបត្តិកា​រធនាគារ​ផ្សេងៗ​ទៀត​។​

​ក្នុងនាម​ជា​ធនាគារ​បម្រើ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ធនាគារ ARDB នឹង​បន្ត​បំពេញ មុខងារ រួមចំណែក​គាំទ្រ​វិស័យ​កសិកម្ម ក្នុង​គោលដៅ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាកសិករ និង អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ដោយ​ផ្តោត​សំខាន់​លើ​ចំណុច​មួយចំនួន ដូចខាងក្រោម​៖

១- បន្ត​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ​
២- បន្ត​ការធ្វើ​បរិវត្ត​កម្ម​ទៅ​ជា​ធនាគារ​ឌីជីថល ទាំង​ផ្នែក​ប្រតិបត្តិការ និង​ការផ្តល់​សេវាកម្ម​ជូន អតិថិជន​
៣- ជំរុញ​ការ​កៀរគរ​ប្រភព​ទុន និង​ហិរញ្ញប្បទាន​បន្ថែម សម្រាប់​ពង្រីក​សកម្មភាព​របស់​ធនាគារ និង​
៤- ជំរុញ​ផលិតភាព​អនុវត្ត​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ តាមរយៈ​ការអភិវឌ្ឍន៍​សមត្ថភាព​ធនធានមនុស្ស​៕​