ស្ថានភាព​សត្វ​ផ្សោត​ទន្លេមេគង្គ​ល្អប្រសើរ កើត​ច្រើន ស្លាប់​តិច​ក្រោយ​ការប្រកាស​អាសន្ន​របស់​សម្តេច​តេជោ កាលពី​ឆ្នាំ​២០២៣

ខេត្ត​ក្រចេះ​៖ ​ស្ថានភាព​នៃ​ការរស់នៅ​របស់​សត្វ​ផ្សោត​ក្នុង​ទន្លេមេគង្គ​នៃ​ខេត្ត​ស្ទឹងត្រែង​និង​ខេត្តក្រចេះ​បច្ចុប្បន្ន​ឃើញ​មាន​ការប្រសើរ​ជាង​មុន​។ ប្រសើរ​ជាង​មុន​មាន ន័យ​ថា សត្វ​ផ្សោត​មាន​ការ​កើត​កូន​ឡើង​ជា​បន្តបន្ទាប់​និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការស្លាប់​។​

​មន្ត្រី​ជំនាញ​នៃ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​សត្វ​ផ្សោត​ទឹកសាប គឺជា​សត្វ​ដ៏​កម្រ​នៅលើ​ពិភពលោក ដែល​បច្ចុប្បន្ន​កំពុង​មាន​វត្តមាន​នៅក្នុង​ទន្លេមេគង្គ​របស់​កម្ពុជា​ក្នុង​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង​។ សត្វ​ផ្សោត ត្រូវបាន​ចាត់ទុកជារ​តនៈ​សម្បត្តិ​របស់​កម្ពុ​ជា​ផងដែរ​។​

​តាមរយៈ​វត្ត​មាន​សត្វ​ផ្សោត​នេះ បាន​រួមចំណែក​ទាក់ ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​រូប​ក្នុង​មួយឆ្នាំៗ​ឱ្យ​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង​ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។

​បច្ចុប្បន្ន​សត្វ​ផ្សោត​កំពុង​រស់នៅ​ទន្លេមេគង្គ​ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង​មាន​ជាង​១០០​ក្បាល​។​

​និយាយ​ពី​ស្ថានភាព​សត្វ​ផ្សោត​នៅ​មុន​ឆ្នាំ​២០២៣ បាន​រង​ការគំរាមកំហែង​ខ្លាំង ពោល​បាន​ជួប​ការស្លាប់​ច្រើន ហើយ​ការកើតមាន​ចំនួន​តិច​។ ស្ថានភាព​មិន​ល្អ​កើត មាន​លើ​សត្វ​ផ្សោត​នេះ បាន​នាំឱ្យ​មាន​ការព្រួយបារម្ភ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន ពេល​សម្តេច​នៅ​កាន់​ការងារ​ជា​នាយករដ្ឋមន្ត្រី​។​

​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៣ ពេល​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​ទន្លេមេគង្គ​នៅ​ក្នុង​ខេត្ត​ក្រចេះ សម្តេច​តេជោ ហ៊ុន សែន បាន​ណែនាំ​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​អភិបាល​ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង ឱ្យ​ចាត់វិធានការ​តឹងរឹង ដើម្បី​កែប្រែ​ស្ថានភាព​សត្វ​ផ្សោត​។​

​សម្តេច​តេជោ បាន​ណែនាំ​ឱ្យ​រៀបចំ​កំណត់​តំបន់​ស្នូល​អចិន្ត្ត្រៃយ៍ ដើម្បី​ការអភិរក្ស ដោយ​ហាមឃាត់​ការនេសាទ ការ​ដាក់​មង និង​ការរំខាន​ផ្សេងៗ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​តំបន់​សត្វ​ផ្សោត​រស់​នៅ​មាន​សុវត្ថិភាព​បាន​១០០​ភាគរយ រួម​ទាំង​ការ​កំណត់​តំបន់​ស្នូល​ផ្សេងទៀត ទៅតាម​ស្ថានភាព​ទឹក​ឡើង និង​ទឹក​ចុះ​ជាដើម​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ណែនាំ​ដល់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជាពិសេស​រដ្ឋា​បាល​ខេត្ត​ទាំងពីរ​ដែល​មាន​វត្តមាន​សត្វ​ផ្សោត​រស់នៅ ត្រូវ​រៀបចំ​លើ​ការអភិរក្ស និង​ការពារ ព្រមទាំង​ធានា​ថា​សត្វ​ផ្សោត​ទន្លេមេគង្គ​នេះ​មិន​ជាប់​មង ជាពិសេស​មិន​ត្រូវ​ឱ្យមាន​ឧបករណ៍ ឬ​កត្តា​មួយ​ចំ​មួន​មក​រំខាន​សត្វ​ផ្សោត​ជាដាច់ខាត​។​

​ក្រោយ​ការអំពាវនាវ​នោះ អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ បាន​ដាក់ចេញ​វិធានការ​បន្ទាន់ និង​ជាក់លាក់​។ មន្ត្រី​ឆ្មាំ​ត្រូវបាន​ពង្រាយ​ក្នុង​តំបន់​អភិរក្ស ហើយ​យាមកាម​២៤​ម៉ោង លើ​២៤​ម៉ោង​។​

​ក្រៅពី​មង សន្ទូច​ហើយ​នោះ ការ​លប​លួច​ប្រើ​ឧបករណ៍​ឆក់ ដើម្បី​ចាប់​ត្រី​ក្នុង​ទន្លេមេគង្គ ជាហេតុ​ចម្បង​មួយ​នាំឱ្យ​ប៉ះពាល់​ដល់​ការរស់នៅ ការបង្ក​កំណើត និង​បង្ក​ឱ្យ​ផ្សោត​ស្លាប់​។ អាជ្ញាធរ​បាន​ចាត់វិធានការ​តឹងរឹង​លើ​ការ​លបលួច​ប្រើ​ឧបករណ៍​ឆក់​នេះ រហូត​ឈាន​ទៅ​ចាប់ខ្លួន​អ្នក​ឆក់​មក​ផ្តន្ទាទោស​ជា​បន្តបន្ទាប់​។​

​ក្រោយ​វិធានការ​ម៉ឺង​មាត់ និង​ច្បាស់លាស់​នោះ ធ្វើឱ្យ​ស្ថានភាព​សត្វ​ផ្សោត​មាន​ភាពល្អប្រសើរ​ឡើង​វិញ ពោល​គឺ​ស្លាប់​តិច និង​កើត​ច្រើន​។ របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ចន្លោះ​ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​ដល់​ដើមខែ​កុម្ភៈ ឆ្នាំ​២០២៥ សត្វ​ផ្សោត​កើត​ថ្មី​សរុប​ចំនួន​៣២​ក្បាល និង​ស្លាប់​សរុប​ចំនួន​២៩​ក្បាល​។​

​របាយការណ៍​បានបញ្ជាក់​ថា ឆ្នាំ​២០២១ មាន​ផ្សោត​កើត​ថ្មី ៦​ក្បាល និង​ស្លាប់​៩​ក្បាល​, ឆ្នា​២០២២ មាន​ផ្សោត​កើត​ថ្មី ៦​ក្បាល និង​ស្លាប់ ១១​ក្បាល​, ឆ្នាំ​២០២៣ មាន​ផ្សោត​កើត​ថ្មី ៨​ក្បាល និង​ស្លាប់​៥​ក្បាល​, ឆ្នាំ​២០២៤ មាន​ផ្សោត​កើត​ថ្មី ៩​ក្បាល និង​ស្លាប់ ៤​ក្បាល​។ សម្រាប់​ឆ្នាំ​២០២៥ គិត​ត្រឹម​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥ មាន​ផ្សោត​កើត​ថ្មី ៣​ក្បាល ពុំ​មាន​ផ្សោត​ស្លាប់​នោះ​ទេ​។​

​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ក្រចេះ បាន​មើលឃើញ​ថា ប្រសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន នា​ដើមឆ្នាំ​២០២៣ គឺ​ប្រៀប​ដូចជា​ឱសថ​ចូល​មក​សង្គ្រោះ​ជីវិត​សត្វ​ផ្សោត​លើ​ដង​ទន្លេមេគង្គ​។​

​បើ​ទោះបីជា​យ៉ាងណា ប្រជាពលរដ្ឋ​នៅតែ​ចង់ឃើញ​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​យកចិត្តទុកដាក់ និង​ចាត់វិធានការ​តឹងរឹង​លើ​ការប្រព្រឹត្ត​បទល្មើស​នេសាទ ជាពិសេស​ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​ឆក់ ដែល​ពួកគាត់​អះអាងថា នៅតែ​មាន​ការ​លបលួច​ចេញ​ឆក់​នៅពេល​យប់​។​

​លោក ម៉ុក ពន្លក នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ខេត្ត​ក្រចេះ បាន​សន្យាថា ប្រឹងប្រែង​អនុវត្តន៍​ការងារ​នេះ​ឱ្យអស់​ពី​លទ្ធភាព និង​សមត្ថភាព ដើម្បី​ចូលរួម​ការពារ គ្រប់គ្រង អភិរក្ស​សត្វ​ផ្សោត ព្រមទាំង​ជីវៈចម្រុះ​ជលផល​ឱ្យ​ឋិតឋេរ​ជា​រៀងរហូត​។​

​លោក ម៉ុក ពន្លក ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​ប្រើ​ឧបករណ៍​ឆក់​ត្រី​ឱ្យ​ភ្ញាក់រលឹក​ចូលខ្លួន​សារភាព និង​ទម្លាក់​ចោល​សកម្មភាព​ឆក់​ត្រី ដែល​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​៕