​ក្រសួង​មុខងារសាធារណៈ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សហការ​រៀបចំ​សិក្ខាសាលា​ស្តីពី «​ការពិនិត្យ​ឡើងវិញ និង​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​»

​ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ កំពុង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​សិក្ខាសាលា​ស្តីពី «​ការពិនិត្យ​ឡើងវិញ និង​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​» ដោយ​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ដោយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ថ​ថ្នាក់ដឹកនាំ​ន និង​មន្ត្រី​ជំនាញ​បច្ចេកទេស​នៃ​ក្រសួង​ទាំងពីរ​។​

​ក្នុង​មតិ​ស្វាគមន៍​អង្គសិក្ខាសាលា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូ​រគ​មនាគ​ម បាន​ជម្រាបជូន​អង្គសិក្ខាសាលា​ថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន និង​កំពុង​ធ្វើការ​ពិនិត្យ​ឡើងវិញ ការវិភាគ​មុខងារ រចនាសម្ព័ន្ធ​ក្រសួង ដែល​បាន​កំណត់​ដោយ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ព្រមទាំង​ពិនិត្យ​លើ​ឯកសារ​គោលនយោបាយ​ពាក់ព័ន្ធ​នានា​បន្ថែមទៀត​។ ក្រសួង​ក៏​បាន​ពិនិត្យឡើងវិញ និង​វិភាគ​លើ​ទិដ្ឋភាព​ពាក់ព័ន្ធ​សំខាន់ៗ មួយចំនួន ដូច​ជា​ការពង្រឹង ការអនុវត្ត​មុខងារ​របស់​ក្រសួង ទាំង​អភិក្រម​ការងារ ធនធានមនុស្ស និង​ធនធាន​ថវិកា ព្រមទាំង​ការផ្តល់សេវា​សាធារណៈ ជូន​ដល់​ប្រជាជន និង​ក្រសួង ស្ថាប័ន​ផ្សេងៗ ក្នុង​គោលបំណង​រៀបចំ​រចនាសម្ព័ន្ធ​ក្រសួង​ឱ្យ​មាន​របៀបរៀបរយ​កាន់តែ​ល្អប្រសើរ សំដៅ​ធានា​ឱ្យបាន​ការវិភាគ​មុខងារ​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព​។​

​ជាក់ស្តែង​បច្ចុប្បន្ននេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន និង​កំពុង​អភិវឌ្ឍ​មុខងារ និង​ភារកិច្ច​ដែល​មានចែង​ក្នុង​អនុក្រឹត្យ​ស្តីពី «​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​» ហើយ​បន្ទាប់​ពី​បាន​ពិនិត្យឡើងវិញ និង​វិភាគ​មុខងារ​រចនាសម្ព័ន្ធ ដោយ​ផ្អែក​តាម​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ នៃ​រដ្ឋសភា ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ក្នុង​វិស័យ​អភិបាលកិច្ច ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ស្វែងរក​ឃើញ​មុខងារ​គោល​សំខាន់ៗ ដោយ​ដកស្រង់​ចេញ​ពី​គោលនយោបាយ និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ផង និង​តាមរយៈ​ការពិភាក្សា​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង ស្ថាប័ន្ធ​ពាក់ព័ន្ធ​ផង​។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​លើកឡើង​ថា បច្ចេកវិទ្យា​ពិតជា​មាន​សារៈសំខាន់​ណាស់​  ក្នុង​ការងារ​ប្រចាំថ្ងៃ​របស់​មន្ត្រីរាជការ និង​រចនាសម្ព័ន្ធ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក៏ដូចជា​ក្រសួង​ស្ថាប័ន​ដទៃ​ទៀត​ផង​ដែរ​។

​ឯកឧត្តម ជា វ៉ាន់ដេត បាន​បន្ថែមថា បច្ចុប្បន្ន​ក្រសួង​បាន និង​កំពុង​រៀបចំ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​«​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​» ដែល​កំណត់​អំពី​ការរៀបចំ​នូវ​រចនាសម្ព័ន្ធ​ថ្មី ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ និង​មុខងារ​របស់​អង្គភាព​ចំណុះ ប្រកបដោយ​ប្រសិទ្ធភាព​ការងារ​នៃ​ការចូលរួម​ការ​បដិវត្ត​សង្គម​ឌីជីថល ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។

​ឯកឧត្តម​រដ្ឋមន្ត្រី បានបញ្ជាក់​ថា ដោយ​សង្ឃឹម​ថា​សិក្ខាសាលា​នា​ព្រឹក​នេះ នឹង​ធ្វើឱ្យ​ការរៀបចំ​មុខងារ រចនាសម្ព័ន្ធ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែមទៀត ដើម្បី​បំពេញ​ផលប្រយោជន៍​ជូន​ជាតិ​មាតុភូមិ​។​

​សូមជម្រាបថា សិក្ខាសាលា​នា​ព្រឹក​នេះ ត្រូវបាន​រៀបចំឡើង​ជា​មួយ​បទ​បង្ហាញ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​មុខងារសាធារណៈ ចំនួន​ពីរ​រូប​គឺ​៖ (១) ការបង្ហាញ​ពី​ដំណើរការ នៃ​ការពិនិត្យ​ឡើងវិញ និង​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ របស់​ក្រសួង ស្ថាប័ន ដោយ​លោក​ជំទាវ ឈី វិជ្ជ​រ៉ា រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ និង (២) ការបង្ហាញ​ពី​ការងារ​បំពេញ​គ្នា គាំទ្រ​គ្នា និង​ជំរុញ​ការអនុវត្ត​ការងារ​រួមគ្នា ក្នុង​ក្របខណ្ឌ​ការកែទម្រង់ និង​ពង្រឹង​អភិបាលកិច្ច ដោយ​ឯកឧត្តម យក់ ប៊ុន​ណា រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​មុខងារសាធារណៈ​៕​