មន្ត្រី​ចរាចរណ៍​ផ្លូវ​គោ​ក​ប្រមាណ​១០​នាក់ ដែល​អនុវត្ត​ច្បាប់​នៅ​ដងផ្លូវ​សាធារណៈ​ហើយ​ខ្វះ​សីលធម៌ បំពាន​វិជ្ជាជីវ នៅ​ចំណុច​ខណ្ឌ​សែន​សុខ ត្រូវបាន​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ហៅ​ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​

ភ្នំពេញ​៖ លោក ស៊ន សុ​ភក្ដ្រ បាន​លើកឡើង​ថា​៖ មន្ត្រីនគរបាល​ខណ្ឌ​សែន​សុខ​ប្រមាណ​១០​នាក់ ដឹកនាំ​ដោយ​លោក​វរ​សេរ​នីយ៍ទោ ហឿង វឿន អធិការរង​នគរបាល​ទទួល​ផែន​ចរាចរណ៍​ខណ្ឌ​សែន​សុខ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ត្រូវបាន​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ហៅ​មក​សួរនាំ និង​បំភ្លឺ ជុំវិញ​ប៉ះទង្គិច​ជាមួយ​លោក​បណ្ឌិត សុខ ទូច នាំឲ្យ​មាន​ការផ្ទុះ និង​ចែកចាយ​ព្រោងព្រាត​នៅតាម​បណ្តាញ​សង្គម​។

​សម្រាប់​ហេតុការណ៍​មួយ​នេះ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ហើយ​ថា លោក​នឹង​ធ្វើកា​រលើ​រឿង​នេះ​យ៉ាង​ម៉ត់ចត់ ហើយ​ចាត់វិធានការ​តាមច្បាប់​មិន​លើកលែង​នោះឡើយ សម្រាប់​មន្ត្រី​នគរបាល​ដែល​អនុវត្ត​ច្បាប់​គ្មាន​សីលធម៌ និង​វិជ្ជាជីវៈ​។

​សម្រាប់​គោលដៅ​ត្រួតពិនិត្យ​ជាតិ​អាកុល​ដែល​នាំឲ្យ​មាន​ផ្ទុះ​បាតុភាព​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ១១៖៥៥​នាទី យប់​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ស្ថិតនៅ​មុខ​សាលា​បឋមសិក្សា​ភ្នំពេញ​ថ្មី តាមផ្លូវ​ហាណូយ ខណ្ឌ​សែន​សុខ រវាង​កម្លាំង នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​កម្លាំង​នគរបាល​អន្តរាគមន៍​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

​សម្រាប់​លោក​វរសេនីយ៍ទោ ហឿង វឿន អធិការរង​នគរបាល​ខណ្ឌ​សែន​សុខ​ទទួល​ផែន​ចរាច​រណ៍ ដែល​ដឹកនាំ​កម្លាំង​គោលដៅ​មួយ​នេះ កន្លង​ទៅ​ខ្ញុំ​ធ្លាប់​ទទួលបាន​ព័ត៌មាន​ថា លោក​ធ្លាប់​ប្រើ​ពាក្យសំដី​ដាក់​ពលរដ្ឋ​មិន​សមរម្យ​ច្រើន ពេល​ដឹកនាំ​ចុះ​អនុវត្ត​ការងារ ត្រួតពិនិត្យ​ជាតិ​អា​កុល និង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​។ ឆ្លងកាត់​បាតុភាព​មួយ​នេះ ខ្ញុំ​សង្ឃឹមថា លោក​នឹង​មាន​ការ​ប្រែ​ឥរិយាបថ ពាក្យសំដី និង​កាយវិការ​របស់​លោ​កឡើ​ង​វិញ​។​

​សម្តេច​តេជោ ហ៊ុន សែន កន្លង​ទៅ​ធ្លាប់បាន​ប្រើ​ពាក្យ​មួយ​ឃ្លា​ថា «​មន្ត្រី គឺជា​ខ្ញុំបម្រើ​ដាច់​ថ្លៃ​របស់​ប្រជាពលរដ្ឋ​»​។ «​យើង​មិនមែន​ជា​ចៅហ្វាយ​របស់​ប្រជាជន​នោះទេ យើង​ជា​ខ្ញុំបម្រើ​ដ៏​ស្មោះត្រង់​បំផុត​របស់​ប្រជាជន​»​។ ខ្ញុំ​គិតថា អ្វីៗ​កើតឡើង​ដោយសារ ការប្រើ​ពាក្យ​សំដី​ប៉ុណ្ណោះ​។​

​ទោះ​យើង​ជា​សមត្ថកិច្ច និង​ដឹកនាំ​គោលដៅ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ក៏ដោយ តែ​អ្នកធ្វើដំណើរ​តាមផ្លូវ សុទ្ធតែ​ជា​ពលរដ្ឋ​របស់​យើង​ទេ ពាក្យសំដី​គួរ​ទន់ភ្លន់​ជាមួយ​កាយវិការ​សមរម្យ នោះ​ការអនុវត្ត​ច្បាប់​រឹតតែ​ប្រសើរឡើង​។

​សម្រាប់​យើង​ទាំងអស់គ្នា ក៏​មិន​បាន​បំភ្លេច​គុណ​សម្បត្តិ​ដ៏​ធំធេង​របស់​បងប្អូន​ស​ម​ត្ថ​កិច្ច​នោះឡើយ ដែល​បាន​ចូលរួម​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ទាំង​ថ្ងៃ​ទាំង​យប់​។ ចំពោះ​មន្ត្រី​នគរបាល​ចរាចរ ក៏​បាន​ដើរតួនាទី​សំខាន់​ណាស់ សម្រាប់​ការសម្រួល​ធ្វើ​ដំណើរ​របស់​បងប្អូន​ទាំង​ថ្ងៃ ទាំង​ហាលភ្លៀង តែ​យើង​ក៏​មិន​គាំទ្រ​ចំពោះ​បុគ្គល​នគរបាល​ដែល​ខូច និង​អនុវត្ត​លើស​នោះទេ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ធ្លាប់បាន​មានប្រសាសន៍ថា អ្នកបើកបរ​ទាំងអស់​ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន គោរព​ច្បាប់ និង​បើកបរ​ដោយ​ស្វ័យ​ទទួលខុសត្រូវ ដោយ​មិន​ត្រូវ​ខ្លាច​នគរបាល​ចរាចរណ៍​ចាប់​នោះទេ​។​

​ចំពោះ​វិធានការ​រឹតបន្តឹង​ច្បាប់​ចរាច​រណ៍ និង​ពិនិត្យ​ជាតិ​អាកុល​នេះ គឺ​ជា​ការណែនាំ​ជា​ប្រចាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ ហើយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏​មិន​បាន​បោះបង់​ចំពោះ​ការងារ​មួយ​នេះដែរ ពោល​ត្រូវតែ​ពង្រឹង​របៀបរបប​ការងារ ក្រមសីលធម៌ និង​វិជ្ជាជីវៈ​របស់​កងកម្លាំង​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង ចៀ់ស​វាង​បង្ក​បាតុភាព​ដូច​ករណី​ជា​មួយ​លោក​បណ្ឌិត សុខ ទូច ដូច​នៅ​ពេល​នេះ​។

​តែ​សម្រាប់​មន្ត្រី​នគរបាល​អន្តរាគមន៍​ដែល​បានប្រើកាយ​វិការរុ​ញ​លោក​បណ្ឌិត សុខ ទូច ចង់​ដួល​នោះ ខ្ញុំ​នៅតែ​ឲ្យមាន​ការទទួលខុសត្រូវ និង​រង​ការពិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ ដោយ​មិន​អាច​លើកលែង​បាន​ឡើយ​៕​