សមត្ថកិច្ច​ឆ្មក់​បង្ក្រាប​ទីតាំង​លក់​សត្វព្រៃ​មួយ​កន្លែង​ក្រោយ​សាលាខណ្ឌ​ដង្កោ​ដកហូត​បាន​សាច់​ជ្រូកព្រៃ និង​សាច់​ឈ្លូល​មួយចំនួនធំ​

ភ្នំពេញ​: កម្លាំង​អន្តរាគមន៍​បង្ក្រាប​សត្វ​ព្រៃ​នៃ​រដ្ឋបាល​ព្រៃឈើ​រួមសហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ និង​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី ២២ ខែ មេសា ឆ្នាំ ២០២២ នេះ​បាន​ចុះ​ឆែកឆេរ និង​បង្ក្រាប​ទីតាំង​លក់​សាច់​សត្វព្រៃ​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​លោក អ៊ុន វណ្ណា​រិទ្ធ នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ ប្រាប់​អោយដឹងថា​មុន​ឈាន​ដល់​ការបង្ក្រាប​គឺ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ការស្រាវជ្រាវ​រហូត​កំណត់​ច្បាស់​ថា​ទីតាំង​នេះ​ពិតជា​មាន​លួច​លក់​សត្វព្រៃ​ខុស​ច្បាប់​ប្រាកដ​មែន ទើប​កម្លាំង ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​រកឃើញ​សាច់ជ្រូក​ព្រៃ​ស្រល់ ចំនួន ៥,៥០​គីឡូក្រាម សាច់សត្វ​ឈ្លូស ចំនួន ១០​គីឡូក្រាម​។​

​ក្រោម​ពិនិត្យ​ឃើញជាក់ស្តែង​សមត្ថកិច្ច​បាន​ដកហូត​សាច់​ព្រៃ​ទាំងនោះ និង​បាន​ណែនាំ​ម្ចាស់​ទីតាំង រួម​ទាំង​ធ្វើ​ការពិន័យ​ទៅតាម​ច្បាប់​៕​