ឯកឧត្តម ខៀវ កាញារីទ្ធ ប្រធាន​ក្រុម​ការ​​ងារ​ថ្នាក់កណ្តាល ចុះជួយ​ស្រុក​កោះសូទិន ទទួល​ស្វាគមន៍​សមាជិក​គណបក្ស​ប្រឆាំង ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​

ខេត្ត​កំពង់ចាម​៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២២ ដែល​ជា​ថ្ងៃ​បើក​យុទ្ធនាការ​រក​សំឡេងឆ្នោត ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ទទួល​ស្វាគមន៍​សមាជិក​គណបក្ស​ប្រឆាំង​ចំនួន​១៣​រូប ដែល​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​សមាជិក​គណបក្សប្រឆាំង​ទាំង​១៣​នេះ រស់នៅ​ក្នុងភូមិ​អង្គរជ័យ​លើ ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ដែល​កន្លង​ធ្លាប់ធ្វើ​សកម្មភាព​នយោបាយ​បម្រើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រោយមកទៀត មាន​ជាប់​និន្នាការ​ជាមួយ​គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ​។​

​ការទទួល​បាន​សមាជិក​ថ្មី មកពី​គណបក្ស​ទាំងពីរ​ខាងលើ​នេះ គឺ​នៅក្នុង​ពិធី​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដោយ​មាន​ការចូលរួម​ពី​ក្រុមការងារ​ថ្នាក់កណ្តាល ក្រុមការងា​ចុះ​ជួយ​ស្រុក ឃុំ ភូមិ ជា​គណៈអចិន្ត្រៃយ៍​គណបក្ស​ស្រុក បេក្ខជន​ក្រុមប្រឹក្សាឃុំ គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​កោះសូទិន ជាច្រើន​នាក់​ផងដែរ​។​

​ពិធី​ទទួល​សមាជិក​ថ្មី ត្រូវបាន​ធ្វើឡើង​នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​ភូមិ​អង្គរជ័យ​លើ ដែល​ក្រុមការងារ​ចុះជួយ​ភូមិ​នេះ សហការ​ជាមួយ​ប្រធានភូមិ បាន​ណែនាំ និង​បញ្ចុះបញ្ចូល​ពួកគាត់ ឲ្យ​ងាក​មក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​ទាំងអស់គ្នា ក្រោម​ម្លប់​សន្តិភាព​។​

​ឯកឧត្តម​បាន​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​សមាជិក​ថ្មី​ទាំង​១៣​នាក់​នេះ និង​បាន​ឡើង​អំពី​សមិទ្ធផល​ធំៗ​ដែល​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​បាន​រហូត​មក​ដល់ពេលនេះ និង​បាន​ធ្វើឲ្យ​ប្រទេស​ជាតិ មាន​ការរីកចម្រើន​ឥត​ឈប់​ឈរ​លើ​គ្រប់​វិស័យ ក្រោម​ដំបូល​សន្តិភាព​ពេញលេញ​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា «​ប្រទេសជាតិ​មាន​សន្តិភាព សូម​ស្វាគមន៍​បងប្អូន​មក​រួម​កសាង​ជាតិ​ទាំងអស់គ្នា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន​»​។​

​លោក អឿ វុន អាយុ​៧៣​ឆ្នាំ អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ភូមិ​អង្គរជ័យ​លើ បាន​មានប្រសាសន៍​ជម្រាប​ឯ​ឧត្តម​រដ្ឋមន្ត្រី និង​ក្រុម​ការងា​រថា កន្លងមក​លោក​ធ្លាប់​បម្រើ​គណបក្សប្រឆាំង​មែន ប៉ុន្តែ​លោក​យល់ថា ជាការ​ឥតប្រយោជន៍ ព្រោះ​លោក​មិន​បាន​ទទួល​អ្វី​មក​វិញ​ទាំងអស់ ដួច្នេះក៏​សម្រេចចិត្តចូល​រួមជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ដើម្បី​រួមគ្នា​ការពារ​សន្តិភាព ដែល​ប្រទេស​កម្ពុជា​ទទួលបាន​ដោយ​ពិបាក​បំផុត​។​

​លោក​បាន​សន្យា​នៅ​ចំពោះមុខ​ឯកឧត្តម​រដ្ឋមន្ត្រី​ថា នឹង​ខិតខំ​កៀងគរ​អតីត​សមាជិក​ប្រឆាំង​ឲ្យ​ងាក​មក​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​នាំគ្នា​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ឈ្នះ​ភ្លូកទឹកភ្លូកដី នៅក្នុង​ឃុំ​នេះ​។​

​ចំណែក​ឯកឧត្តម លី វ៉ាន់​ហុង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន បាន​មានប្រសាសន៍​សំណេះសំណាល​ក្នុង​បរិយាកាស​សប្បាយរីករាយ ហើយ​ចែក​អាវ និង​មួក គណបក្ស​ប្រជាជន​កម្ពុជា ជូន​បងប្អូន​ទាំង​១៣​រូប ដើម្បី​ប្រើប្រាស់​ក្នុងពេល​ឃោសនា​រក​សំឡេងឆ្នោត ក្នុង​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​មាន​ការរីកចម្រើន និង​សម្បូរ​រុងរឿង​ថែមទៀត​៕