ជនសង្ស័យ​ម្នាក់​ត្រូវ​អាវុធហត្ថ​ចាប់​ខ្លន ពាក់ព័ន្ធ​ករណី​ឆបោក​ក្លែង​ឯកសារ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ ដើម្បី​ដាក់បញ្ចាំ​

​ភ្នំពេញ​៖ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ធ្វើ​ការឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​ក្លែង​ឯកសា​រ​វិញ្ញាប័នបត្រ​សម្គាល់អ​បន​វត្ថុ ដើម្បី​ដាក់​បញ្ជាំ​។ ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ​បាន​ធ្វើឡើង កាលពី​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២២​នេះ នឹង​បាន​នាំខ្លួន​ជនសង្ស័យ​រូបនោះ​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ករណីនេះ កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌ ក៍​បាន​ធ្វើ​ការស្រាវជ្រាវ ស៊ើបអង្កេត​តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​អចលនវត្ថុ​មួយកន្លែង​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

​តាម​ការបញ្ជាក់​ពី​ជន​រងគ្រោះ​ថា ថ្មីៗ​នេះ​ខ្ញុំបាទ​ទើបតែ​ទទួលបាន​ព័ត៌មាន និង​ឯកសារ​ថតចម្លង​ពី​បុគ្គល​ផ្សេង​ទៀត​បង្ហាញថា វិញ្ញាបនបត្រ​សម្គាល់​អ​ចលនវត្ថុ​របស់​ខ្ញុំបាទ​ត្រូវបាន​ផ្ទេរ​ចេញ​ទៅ​ឈ្មោះ ឈឿង ច័ន្ទ​ពិសិដ្ឋ និង​ឈ្មោះ ទុំ ដាឡែន ទៅវិញ ដែល​ការពិត​ដី​នេះ​គឺ​ខ្ញុំបាទ​ពុំ​ធ្លាប់​ដែល​បាន​លក់ដូរ ឬ​ធ្វើ​ការចាត់ចែង​ណាមួយ​ទៅ​តតីយជន​នៅឡើយ​ទេ​។​

​ក្រោយពី​ធ្វើ​ការស៊ើបអង្កេត​បឋម​តាម​នីតិវិធី​រួច​មក និង​ធ្វើ​សេចក្តីរាយការណ៍​ជូន​ទៅ​ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​ឈាន​ដល់​ការនាំ​ខ្លួន​បុគ្គល​សង្ស័យ​ឈ្មោះ ឈឿង ពិសិដ្ឋ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ តាម​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​លេខៈ ៣១៧ អ​.​យ​.​ក ចុះ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២២​។

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ក៍សាង​សំណុំរឿង​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕​