លោក មួង នឿន អភិបាល​ស្រុក​បន្ទាយមាស ត្រូវបាន​ប្រកាស​ចូល​កាន់​មុខតំណែង​ថ្មី​ជា​អភិបាល នៃ​គណៈ អភិបាល ស្រុក អង្គរជ័យ ចំណែក​លោក ស៊ីវ ផេង អភិបាល​ស្រុក​ដងទង់​ចូល​កាន់​កាន់តំណែង​ថ្មី​ជា​អភិបាល​ស្រុក​បន្ទាយមាស​

ខេត្ត​កំពត ៖ លោក មួង នឿន អភិបាល​ស្រុក​បន្ទាយមាស នៅ​ព្រឹក ថ្ងៃ ទី ៣០ ខែ សីហា ឆ្នាំ ២០២២ ត្រូវបាន​ប្រកាស​ចូល​កាន់​មុខតំណែង​ថ្មី ជា​អភិបាលស្រុក​អង្គរជ័យ​វិញ ។

​ពិធី​ចូលកាន់​មុខតំណែង​ជា​អភិបាលស្រុក​ថ្មី​នេះ បាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃ គណៈ អភិបាលខេត្ត កំពត ដែល​បាន​រៀបចំ​ឡើង​នៅ​សាលាស្រុក អង្គរជ័យ ។

​ការអញ្ជើញ​ចូលរួម​ក្នុងឱកាស​នោះ រួមមាន ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សា ខេត្ត អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី នាយករង​រដ្ឋបាល សាលាខេត្ត លោកស្នងការ លោក​មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ លោក លោកស្រី ប្រធាន​មន្ទីរ អង្គភាព ជុំវិញ ខេត្ត លោក លោកស្រី នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន អង្គភាព​ចំណុះ​សាលាខេត្ត​លោក លោកស្រី អភិបាលក្រុង ស្រុក លោក លោកស្រី មេឃុំ មេភូមិ និង មន្ត្រីរាជការ ចំណុះ រដ្ឋបាល ស្រុក អង្គរជ័យ យ៉ាងច្រើន កុះករ ។

​សូមជម្រាបថា យោង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ ៦៥០ អនក្រ​. ត ត​ចុះ​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ ២០២២ ត្រូវបាន​ផ្ទេរ​ភារកិច្ច លោក មួង នឿន ពី​អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​បន្ទាយមាស ទៅ​ជា​អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​អង្គរជ័យ​វិញ​។​

​ចំណែក​លោក ស៊ីវ ផេង អភិបាល​ស្រុក​ដងទង់ ត្រូវ​ប្តូ​មក​កាន់​តំណែង​ជា​ថ្មី អភិបាល​ស្រុក​បន្ទាយមាស ការ​ចូល​កាន់​មុខតំណែង​ថ្មី​នេះ បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​អង្គារ ៤​កើត ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២២ ឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពត​។

​យោង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​៦៥០ អនក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២២ ត្រូវបាន​ផ្ទេរ​ភារកិច្ច​លោក ស៊ីវ ផេង ពី​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ដងទង់ ទៅ​ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​បន្ទាយមាស​៕