​ដក​ឋានន្តរសក្តិ​មន្ត្រី​ចរាចរណ៍ ៤​រូប មួយកម្រិត និង​បញ្ឈរជើង ៣​ខែ បន្ទាប់ពី​ប្រព្រឹត្ត​កំហុស​នៅ​គោលដៅ​ស្តុប​ទន្លេបាសាក់ ផ្លូវ​ម៉ៅ​សេទុង​

​ភ្នំពេញ​៖ បន្ទាប់ពី​បាន​ឃើញ​វីដេអូ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ភ្លាម លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​ស្នងការរង​ទទួល​ផែន​ធនធានមនុស្ស ការិយាល័យ​បុគ្គលិក ផ្នែក​វិន័យ​ធ្វើ​ការកោះហៅ​មន្ត្រី​គោលដៅ​ទាំង​ចំនួន ៤​រូប ទៅ​សួរនាំ​នៅ​ការិយាល័យ ទាក់ទង​នឹង​មន្ត្រី​នៅ​គោលដៅ​ស្តុប​ទន្លេបាសាក់ ផ្លូវ​ម៉ៅ​សេទុង ដែល​បាន​ប្រព្រឹត្ត​កំហុស ដោយ​បាន​ហៅ​ឃាត់​រថយន្ត​មក​ធ្វើការ​ផាកពិន័យ ដោយ​អ្នកបើកបរ​មិន​មាន​កំហុស​។ នេះ​បើ​យោង​តាម​ការបកស្រាយ​បំភ្លឺ​ព័ត៌មាន​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២២​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ ក្រោយពី​ការសួរនាំ​រួច មន្ត្រី​ទាំង​៤​រូប បាន​សារភាព​កំហុស និង​បាន​ទទួលស្គាល់​កំហុស​ដែល​បាន​ប្រព្រឹត្ត ដោយ​ហៅ​អ្នកបើកបរ​ធ្វើការ​ផាកពិន័យ មិន​ចេញ​វិក្កយបត្រ ស្របពេល​ដែល​អ្នក​បើក​បរ​មិន​មាន​កំហុស​ទាល់តែសោះ​។ ការណ៍​នេះ ដោយ​ទទួលបាន​បទបញ្ជា និង​ការឯកភាព​ពី លោកស្នងការ​ផ្នែក​វិន័យ នៃ​ការិយាល័យ​បុគ្គលិក បាន​សម្រេច​ដក​មន្ត្រី​ទាំង ៤​រូបនេះ មក​បញ្ឈរជើង​រយ​:​ពេល ៣​ខែ ដោយ​បង្ហាញ​មុខ​ជា​ប្រចាំ​រាល់​ម៉ោង​ធ្វើការ​នៅ​ការិយាល័យ​បុគ្គលិក ធ្វើ​កិច្ចសន្យា ជា​ពិសេស​មន្ត្រី​ដែល​ប្រព្រឹត្ត​កំហុស ត្រូវបាន​ដក​ឋានន្តរសក្តិ​មួយកម្រិត​(​ដក​មួយ​សក្តិ​) ដើម្បី​ជា​ការព្រមាន​ចំពោះ​ការប្រព្រឹត្ត​កំហុស​នេះ​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២២ វេលា​ម៉ោង ៩:១៥​នាទី​ព្រឹក នៅ​ចំណុច​គោលដៅ​ស្តុប​ទន្លេបាសាក់ តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង មាន​ករណី​ផាកពិន័យ​មិន​ត្រឹមត្រូវ និង​មិន​ចេញ​វិក្កយបត្រ ប្រព្រឹត្ត​ដោយ​ក្រុម​មន្ត្រី​នៅ​គោលដៅ​នោះ ទៅលើ​រថយន្ត​មួយ​គ្រឿង​ម៉ាក ISUZU ពណ៌​ទឹកប្រាក់ ខណៈពេល​អ្នកបើកបរ​មិន​បាន​ប្រព្រឹត្តល្មើស​ភ្លើង​សញ្ញា​ចរាចរណ៍​ឡើយ​(​ភ្លើងពណ៌​បៃតង​) ដោយ​មាន​ភស្តុតាង​ជា​វីដេអូ​កាមេរ៉ា​ភ្ជាប់​នៅក្នុង​រថយន្ត ពេល​កំពុង​បើក​បរឆ្ល​ង​ស្តុប​។​

​រហូតដល់​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២២ មានការ​បែកសារ​ជា​សម្លេង​ទទួលកំហុស ដែល​លោក​អនុសេនីយ៍ទោ ព្រំ ចាន់​ដា​រ៉ា បាន​យក​គណនី​ហ្វេ​សប៊ុក​របស់​លោក​អនុសេនីយ៍​ឯក ថាច ប៊ុនធឿន ផ្ញើ​សារ​ទៅកាន់​ម្ចាស់​រថយន្ត ដើម្បី​ផ្ទេរ​ប្រាក់​ជូន​វិញ និង​ស្នើសុំ​លុប​វីដេអូ​ដែល​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម ប៉ុន្តែ​ត្រូវបាន​ម្ចាស់​រថយន្ត​បដិសេធ​៕