​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រារព្ធ​ខួប​ទំនាក់ទំនង​អាស៊ាន​-​កាណាដា

​នៅ​ល្ងាច​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ ២០២២ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន បាន​ធ្វើ​ជា​សហប្រធាន​ជាមួយនឹង​ឯកឧត្តម ចាស​ស្ទីន ទ្រូ​ដូ នាយករដ្ឋមន្ត្រី​កាណាដា ក្នុង​កិច្ចប្រជុំ​កំពូល​ប្រារព្ធ​ខួប​ទំនាក់ទំនង​អាស៊ាន​-​កាណាដា ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ សុខា​ភ្នំពេញ​។

​ក្នុង​កិច្ចប្រជុំ​នោះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ឆ្នាំ​២០២២ បាន​វាយតម្លៃ​ខ្ពស់​ចំ​នូវ​សំណើ​កាណាដា ចំពោះ​ការពង្រីក​ទំនាក់ទំនង​រវាង​អាស៊ាន និង​កាណាដា ឱ្យទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា តាមរយៈ​ការពង្រឹង​ទំនាក់ទំនង​រវាង​អាស៊ាន និង​កាណាដា ទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ ដែល​ជា​ទិសដៅ​ដ៏​ប្រសើរ​សម្រាប់​ជំរុញ​ទំនាក់ទំនង​កិច្ចសន្ទនា អាស៊ាន​និង​កាណាដា ឲ្យ​កាន់តែ​ស្អិតរ​មួ​ត និង​កាន់តែ​ស៉ីជម្រៅ​។ ជាក់ស្តែង ការបើក​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កាណាដា នៅ​ពេល​ថ្មីៗ​នេះ គឺជា​ការបោះ​ជំហាន​ជា​វិជ្ជមាន​ដំបូង ស្របតាម​ទិសដៅ​នេះ ដែល​នឹង​ជំរុញ​ស្តារ​សេដ្ឋកិច្ច នៅក្នុង​តំបន់​ទាំង​ពីរ​ឡើង​វិញ ប្រកបដោយ​ចីរភាព បរិយាប័​ន្ន និង​ភាព​ធន់ ក្រោយ​វិបត្តិ​ជំងឺ​កូវី​ដ​-១៩​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​ថា រយៈពេល​៤៥​ឆ្នាំ​មកនេះ អាស៊ាន​បាន​ការប្តេជ្ញា និង​បំណងប្រាថ្នា​រួម ក្នុងការ​រក្សា​នូវ​សន្តិភាព ស្ថិរភាព និង​វិបុលភាព ក្នុង​តំបន់​ទាំងពីរ ភាព​ជា​ដៃគូ​ដ៏​យូរអង្វែង​របស់​អាស៊ាន និង​កាណាដា បាន​នាំមក​នូវ​សមិទ្ធផល​លេចធ្លោ​លើ​គ្រប់​វិស័យ និង​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​ក្នុង​តំបន់ និង​សាកលលោក ជាពិសេស​លើកកម្ពស់​សុខមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​។​

​សូមបញ្ជាក់​ថា ទំនាក់ទំនង​កិច្ចសន្ទនា​អាស៊ាន​-​កាណាដា ត្រូវបាន​បង្កើតឡើង​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​១៩៧៧ ក្រោយ​ការកោះប្រជុំ​ផ្លូវការ​លើកដំបូង រវាង​រដ្ឋលេខាធិការ​កាណាដា សម្រាប់​កិច្ចការបរទេស និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​អាស៊ាន​។ នៅ​ឆ្នាំ​១៩៨១ កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សេដ្ឋកិច្ច អាស៊ាន​-​កាណាដា ត្រូវបាន​ចុះហត្ថលេខា​ដោយ​ដាក់​មូលដ្ឋាន សម្រាប់​កិច្ច​សហប្រតិបត្តិការ​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​បច្ចេកទេស​រវាង​ភាគី​ទាំងពីរ​។​

​នៅ​ឆ្នាំ​២០២០ ការដោះដូរ​ទំនិញ​ទៅមក រវាង​អាស៊ាន និង​កាណាដា មាន​ចំនួន ១៦,២​ពាន់​លាន​ដុល្លារ និង​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ពី​កាណាដា​មក​អាស៊ាន​ឈានដល់ ៥,១​ពាន់​លាន​ដុល្លារ​៕