សមត្ថកិច្ច​រកឃើញ​គ្រឿងញៀន​ប្រមាណ​២​រយ​គ​.​ក ក្នុង​ឡាន​ផ្លាក​លេខ​ខេមរភូមិន្ទ​ពេល​ជួប​គ្រោះ​ចរាចរណ៍​

​ភ្នំពេញ​៖ សមត្ថកិច្ច​ឲ្យដឹងថា គេ​បាន​រឹបអូស គ្រឿង ញៀន ចំនួន​១៦ កេស មាន​ទម្ងន់ ប្រហែល ២០០ គីឡូក្រាម ពី​ក្នុង​រថយន្ត​មួយ​គ្រឿង​ដែល​មាន​ផ្លាក លេខ​ខេមរភូមិន្ទ បន្ទាប់ពី​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បុក​រះ ទៅលើ​រថយន្ត ២​គ្រឿង នៅលើ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ហេតុការណ៍ នៃ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង ១១:៣០​នាទី​យប់ ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២​។​យ៉ាងណាក៏ដោយ​អ្នក​នៅ​ក្នុង​រថយន្ត​នោះ​ដែល​គេ​ដឹងថា​មាន​ពីរ​នាក់​បាន​គេច​ខ្លួន​ដោយ​សុវត្ថិភាព​។​

​មន្ត្រីនគរបាល​បានបញ្ជាក់​ថាៈ បច្ចុប្បន្ន​វត្ថុតាង​គ្រឿង ញៀន ដែល​រឹបអូស​បាន រួម​ទាំង​រថយន្ត ត្រូវបាន​យក ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ច្បារអំពៅ ជា​បណ្តោះអាសន្ន ដើម្បី​ធ្វើ​ការស្រាវជ្រាវ ជា​បន្ត​ទៀត​៕