
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាបើកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣
នៅព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាបើកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរៀបចំដោយសភាកម្ពុជា។ ពិធីនេះនឹងធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាននៅថ្ងៃនេះ បានចាប់ផ្តើមដោយព្រះរាជសុន្ទរកថាស្វាគមន៍របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីបើកមហាសន្និបាតនេះ ក៏មានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងថ្លែងសុន្ទរកថាគន្លឹះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន។ បន្ទាប់មកសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ក៏បានអញ្ជើញថ្លែងសុន្ទរកថាបើកមហាសន្និបាត។
សម្ដេចតេជោបានអញ្ជើញថ្លែងនូវសុន្ទរកថាគន្លឹះសំខាន់ៗដូចខាងក្រោម៖
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានចូលរួមក្នុងពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣។ សម្តេចតេជោសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះដោយផ្ទាល់នៅភ្នំពេញ។ ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ កម្ពុជាពិតជាមានកិត្តិយស ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣នេះ ស្របពេលនឹងការប្រារព្ធខួបលើកទី៥៥ នៃការបង្កើតអាស៊ាន។
សម្តេចតេជោបន្តថា ក្នុងរយៈពេលជិត ៣ឆ្នាំកន្លងទៅ យើងមានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលអាស៊ានខិតខំប្រឹងប្រែង និងរួមគ្នាជាធ្លុងមួយក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រោមស្មារតីយោគយល់ និងចេះជួយគ្នាទៅវិញទៅមក ជាពិសេសបានយកជ័យជម្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ រហូតបានឈានទៅដល់ការបើកប្រទេស និងចាប់ផ្តើមស្ដារសេដ្ឋកិច្ចរៀងៗខ្លួនឡើងវិញ។
ទោះជាយ៉ាងនេះក្តី ពិភពលោកនៅតែបន្តប្រឈមនឹងវិបត្តិជាច្រើនទៀត ដូចជាការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សង្គ្រាម ការបែងចែកប៉ូលពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ដែលមិនត្រឹមតែកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់ជីវិតប្រជាជន និងសន្តិសុខសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្ទច់បង្អាក់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល រួមទាំងបង្កឱ្យមានការកើនឡើងនូវសម្ពាធអតិផរណា ការរាំងស្ទះខ្សែច្រវាក់ផ្គត់ផ្គង់ និងបញ្ហាអសន្តិសុខស្បៀង និងថាមពល ។ល។ ក្នុងបរិបទនេះ ប្រធានបទនៃ មហាសន្និបាទអន្តរសភាអាស៊ាន លើកទី៤៣ នេះ មានភាពពាក់ព័ន្ធ និងសមស្រប ដែលនឹងរួមចំណែកបំផុសនូវស្មារតីទទួលខុសត្រូវរួមក្នុងការឆ្លើយតបទាន់ពេលស្របទៅនឹងសភាពការណ៍វិវឌ្ឍន៍របស់តំបន់ និងសកល ព្រមទាំងពន្លឿនការស្ដារសង្គម សេដ្ឋកិច្ចអាស៊ានឡើងវិញ ឆ្ពោះទៅរកវិបុលភាពរួម។
ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» កម្ពុជាពិតជាមានមោទនភាព ដែលបានដឹកនាំអាស៊ានចូលរួមចំណែកក្នុងការដោះស្រាយរាល់បញ្ហាប្រឈមដ៏លំបាកនានា ដែលតំបន់ កំពុងជួបប្រទះ ហើយបានឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ដើម្បីរួមចំណែកជំរុញសន្ទុះនៃដំណើរការកសាងសហគមន៍អាស៊ាន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ។ ជាក់ស្តែង ជាមួយនឹងការប្តេជ្ញាចិត្តក្នុងនាមជាប្រធានអាស៊ាន និងការចូលរួមជួយជ្រោមជ្រែងពីសមាជិកអាស៊ាន កម្ពុជាសម្រេចបានភាពជោគជ័យគួរជាទីមោទនៈលើការរៀបចំ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេលថ្មីៗ ដោយថ្នាក់ដឹកអាស៊ាន និងដៃគូបានអនុម័តឯកសារ និងគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើន សំដៅលើកកម្ពស់ចីរភាពបរិយាបន្ន និងភាពធន់របស់អាស៊ានដូចជា៖ ១)សេចក្តីថ្លែងការណ៍ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីអាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ២)សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្តីពីរបៀបវារៈនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ ២០២៥ , ៣)សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការកសាងអនាគតមួយ ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ តាមរយៈការជំរុញសហគ្រិនភាពស្ត្រីក្នុងតំបន់អាស៊ាន, ៤)សេចក្ដីថ្លែងការណ៍ស្តីពីបរិវត្តកម្មឌីជីថលនៃប្រព័ន្ធអប់រំក្នុងតំបន់អាស៊ាន ។ល។
សម្តេចតេជោបានបន្តទៀតថា ទាក់ទងនឹងចីរភាព បរិយាបន្ន និង ភាពធន់អាស៊ាន បាននិងកំពុងផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្ស ការកែទម្រង់វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យស្របទៅនឹងការវិវឌ្ឍនៃបរិវត្តកម្មឌីជីថល និងការលើកកម្ពស់តួនាទីស្ត្រី និង យុវជន ក្នុងការបង្កើនផលិតភាព សេដ្ឋកិច្ច និង ការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទក្រោយវិបត្តិកូវីដ-១៩។ ចំពោះបញ្ហាប្រែប្រួលអាកាសធាតុ កម្ពុជាបានស្នើអាស៊ានពិចារណាលើការរៀបចំ «គំនិតផ្តួចផ្តើមបៃតងអាស៊ាន» នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាពេលថ្មីៗនេះផងដែរ ដើម្បីតម្រង់ទិសនៃកិច្ចអភិវឌ្ឍ តំបន់ឆ្ពោះទៅកាន់អនាគតបៃតងប្រកបដោយចីរភាព។