សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រធាន​រដ្ឋសភា​ម៉ារ៉ុក​

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ ឯកឧត្តម រ៉ាឈី​ត តា​ល​ប៊ី អា​ឡា​មី ប្រធានរដ្ឋសភា​ប្រទេស​ម៉ារ៉ុក នា​ល្ងាច​ថ្ងៃទី​២២ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅ​វិមាន​រដ្ឋ​សភា នៅក្នុង​ពេល​ដែល​ឯកឧត្តម​ប្រធានរដ្ឋសភា បាន​ដឹកនាំ​គណៈប្រតិភូ​មក​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន លើក​ទី​៤៣ ដែល​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

​ឯកឧត្តម រ៉ាឈី​ត តា​ល​ប៊ី អា​ឡា​មី បាន​អបអរសាទរ​ចំពោះ សម្តេច​ប្រធានរដ្ឋសភា ដែល​បាន​ដឹកនាំ​មហាសន្និបាត​អាយ​ប៉ាទ​ទទួលបាន​ជោគជ័យ​។ ឯកឧត្តម​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​ប្រធានរដ្ឋសភា ក៏​ដូចជា​រដ្ឋសភា​កម្ពុ​ជា ដែល​បាន​គាំទ្រ​ដល់​សភា​ម៉ារ៉ុក បាន​ធ្វើ​ជា​សភា​ប្រទេស​សង្កេតការណ៍​AIPA និង​បាន​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ដល់​គណៈប្រតិភូ​សភា​ម៉ារ៉ុក​។

​ឯកឧត្តម រ៉ាឈី​ត តា​ល​ប៊ី អា​ឡា​មី បានលើកឡើង​ពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​តាំងពី​យូរលុង​ណាស់​មកហើយ​។ កម្ពុជា​និង​ម៉ារ៉ុក​ជាប្រទេស​រាជានិយម​ដូចគ្នា និង​បាន​ស្គាល់​សុខទុក្ខ​គ្នា​ទៅវិញទៅមក​។
​ដើម្បី​ពង្រឹង​ពង្រីក​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​សភា​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត ឯកឧត្តម​ប្រធានរដ្ឋសភា បាន​គោរព​អញ្ជើញ សម្តេច​ប្រធានរដ្ឋសភា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ារ៉ុក នៅ​ពេលវេលា​សមស្រប​ណាមួយ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ទទួលយក​ការគោរព​អញ្ជើញ​របស់​ឯកឧត្តម​ប្រធានរដ្ឋសភា និង​បាន​មានប្រសាសន៍​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម​ប្រធានរដ្ឋសភា និង​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ម៉ារ៉ុក នាពេលនេះ ពិតជា​បាន​ផ្តល់​នូវ​កិត្តិយស សម្រាប់​ប្រទេស​កម្ពុជា និង​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការបន្ត​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​យើង​ទាំង​ពីរ កម្ពុជា​-​ម៉ារ៉ុក ឱ្យ​កាន់តែ​ប្រសើរ​ថែម​មួយកម្រិត​ទៀត​។​

​វត្តមាន​របស់​គណៈប្រតិភូ​សភា​ម៉ារ៉ុក​នៅ ក្នុង​មហាសន្និបាត​អាយ​ប៉ា​លើក​ទី​៤៣ ក្នុងនាម​ជា​សភា​សង្កេតការណ៍ បាន​លើកទឹកចិត្ត និង​រួមចំណែក​គាំទ្រ​ដល់​សភា​កម្ពុជា ក្នុង​អាណត្តិ​ជា​ប្រធាន​នៃ​មហាសន្និបាត ឱ្យ​បំពេញ​កាតព្វកិច្ច​ប្រកបដោយ​ជោគជ័យ​។​

​ឆ្លៀត​នៅក្នុង​ឱកាស​នោះ​សម្តេច​ប្រធានរដ្ឋសភា បាន​លើកទឹកចិត្ត និង​គាំទ្រ​រាជរដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ម៉ារ៉ុក ឱ្យ​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ល្អប្រសើរ និង​ស៊ីជម្រៅ ជាពិសេស​លើ​វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​អប់រំ​ជា​ដើម ដើម្បី​នាំមក​នូវ​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រជាជាតិ​ទាំងសងខាង​៕