ក្រុម​ឈ្មួញ​ប្រើល្បិច​ថ្ពិន​ភ្នែក​សមត្ថកិច្ច យក​រថយន្ត​៤​ផ្លូវ​ដឹក​ដើម​ឫស្សី​បង្កប់​ឈើ​ខុសច្បាប់​

​ខេត្ត​ក្រចេះ​៖ កាលពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ឆ្លួង បាន​ឃាត់​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ប្រភេទ​៤​ផ្លូវ ពាក់​ស្លាក​លេខ ៣A ៥៩៤៦ ដែល​បាន​ធ្វើដំណើរ​ឆ្លងកាត់​ស្រុក​ឆ្លូង មកដល់​ចំណុច​ភូមិ​បាន​ជ័យ​១ ឃុំ​ហានជ័យ ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក ស្ទាក់​ចាប់​រថយន្ត​នោះ​ត្រួតពិនិត្យ​រកឃើញ​បង្គោល​ឈើ​ក្រាក់​ជាច្រើន​បង្កប់​ក្រោម​ដើម​ឫស្សី ដែល​ក្រុម​ឈ្មួញ​ត្រៀម​បញ្ជូន​ទៅ​ចែកចាយ​។​

​ពាក់ព័ន្ធ​ករណី​នេះ​លោក កង ស៊ុម មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ឆ្លូង​បញ្ជាក់ថា ក្រោយ​ចុះ​ឃាត់​រថយន្ត​ដឹកឈើ​ខុសច្បាប់​នេះ​ខាងលើនេះ មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ បាន​រៀបចំ​ឯកសារ​នាំ​យក​រថយន្ត និង​វត្ថុតាង​ប្រគល់​ជូន​ទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆ្លូង ដើម្បី​រក្សា​ទុក​និង​បន្ត​នីតិវិធី​។

​ចំណែក​ម្ចាស់​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ប្រភេទ​៤​ផ្លូវ ត្រូវបាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​សួរនាំ និង​ធ្វើ​កំណត់ហេតុ ហើយ​ត្រៀម​បញ្ជូនបន្ត​ទៅ​កាន់​បញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ បន្តទៀត​។​

​សូមបញ្ជាក់​ថា មួយ​រយៈពេល​នេះ ក្រុម​ឈ្មួញ​ជួញ​ឈើ​នៅ​ខេត្ត​ក្រចេះ​ល្បីៗ​(​ដូច​ជា​ឈ្មោះ ធា​, ឈ្មោះ​ចែ​មុំ​,​ឈ្មោះ​ស្រី​ល័ក្ខ​,​ឈ្មោះ​លោក ឆាយ​,)​ដឹក​ចេញ​តាម​ផ្លូវជាតិ​លេខ​៧ ផ្លូវ​ភ្ជាប់​ពី​ខេត្ត​ស្ទឹងត្រែង ស្រុក​សំបូ​ខេត្ត​ក្រចេះ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​យ៉ាង​អាណាធិបតេយ្យ យកទៅ​លក់​ឲ្យ​ដេប៉ូ​ឈើ​មួយចំនួន​ដែល​មាន​ត្រឹម​តែ​ច្បាប់​ដេប៉ូ​ឈើ តែ​គ្មាន​ច្បាប់​សម្បទាន​ព្រៃឈើ​របស់​រដ្ឋ​នោះ​។​

​យ៉ាងណាក៏ដោយ លើ​បញ្ហា​ការ​លាក់​បន្លំ​ផល​អនុផល​ធនធានធម្មជាតិ​(​បទល្មើស​ព្រៃឈើ​)​ក៍​ដូចជា​ការកាប់បំផ្លាញ់​ព្រៃឈើ​ចំណុច​ព្រៃ​ការពារ​ភ្នំ​ព្រិច រួម​ទាំង​កាប់​កូនឈើ​ជញ្ជូន​មក​ដុត​កម្ទិច​ឱ្យក្លាយ​ទៅ​ជា​ធ្យូង ដើម្បី​ប្រព្រឹតបទល្មើស​ឆ្លងដែល លក់ ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់ សូម​ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ មេត្តា​បញ្ជា​កម្លាំង​មន្ទីរ​បរិស្ថាន និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដើម្បី​មាន​ចំណាត់ការ​ទប់ស្កាត់​ផង​ទាន​។​

​បើ​ពុំ​ដូច​ច្នេះ​ទេ ព្រៃឈើ​ដែល​នៅ​សេសសល់​ចំណុច​ខ្លះ​នៃ​ព្រៃ​ការពារ​(​ភ្នំ​ព្រិច​-​ព្រៃ​ឡង់ ក្នុង​ខេត្ត​ក្រចេះ​)​និង​ត្រូវ​រលាយ​ហិនហោច គ្មាន​សល់​អ្វី​ទៀតឡើយ​៕