សម្តេច​តេជោ ហ៊ុន សែន ក្នុង​ពិធី​ជំនួប​អ្នកសារព័ត៌មាន​នៅ​កោះ​ពេជ្យ​បានផ្តាល់​អនុសាសន៍សំ​ខាន់ៗ​ចំនួន​០៨ ចំណុច​ដល់​អ្នកសារព័ត៌មាន​

នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ៨​រោច ខែ​បុស្ស ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ផ្តល់​កិត្តិយស​ជួប​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​អ្នកសារព័ត៌មាន​ប៉ុន្មាន​ជិត ៥,០០០ នាក់ នៅ​សាល​ពិ​ព័ណ៌​កោះ​ពេជ្រ ពិធី​ន​នេះ​ធ្វេី​ឡើងវិញ បន្ទាប់​ពី​មាន​ការអាក់ខាន​រយៈពេល​បី​ឆ្នាំ​ដោយសារ​ជំងឺ​កូវី​ដ​-១៩​។

​ជំនួប​អាហារ​សាមគ្គី​នៅ​ឆ្នាំនេះ ធ្វើ​ឡើង​ក៏​ចំ​ពេល​ខួប​៣៨​ឆ្នាំ​នៃ​ការ​កាន់តំណែង​ជា​នាយក​រដ្ឋមន្ត្រី​របស់​សម្ដេច​តេជោ ហ៊ុន សែន ផងដែរ​។ ក្រៅពី​អ្នកព័ត៌មាន​ហើយ​នោះ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល អភិបាល​រាជធានី ខេត្ត មន្ត្រី​អ្នកនាំពាក្យ និង​មន្ត្រី​របស់​រាជរដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​លើ​វិស័យ​សារព័ត៌មាន ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ក្នុង​ពិធី​នេះ​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ជំនួប​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ថ្ងៃនេះ បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាពសុខដុមរមនា បន្ទាប់​ពី​ខកខាន​៣​ឆ្នាំ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩​។ ជំនួប​ថ្ងៃ​មិនមែន​ត្រឹមតែ​ជា​ជំនួប​រវាង​នាយករដ្ឋមន្ត្រី និង​អ្នកសារព័ត៌មាន​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ជំនួប​ជាមួយ​អ្នក​ផ្តល់​ព័ត៌មាន​អ្នកនាំពាក្យ មក​ពី​ស្ថាប័ន​ផ្សេងៗ​ផងដែរ​។​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានចាត់ទុក​ជំនួប​នេះ គឺជា​កិច្ចប្រឹងប្រែង​មួយ ដើម្បី​រួមគ្នា​ធ្វើ​ជា​ប្រយោជន៍​សម្រាប់​សង្គម​ជាតិ​របស់​យើង​។​

​នៅ​ល្ងាច​នេះ សម្តេច​តេជោបា​នវាយត​ម្លៃ​ខ្ពស់​ចំពោះ​អ្នកសារព័ត៌មាន ដែល​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ នា​រយៈពេល​កន្លងមក​នេះ​។ សម្តេច​តេជោ​ក៏បានថ្លែងអំណរគុ​ណស​ម្រាប់ការ​ជូនពរ​ទាំងឡាយ​ក្នុង​ថ្ងៃ​ខួប​៣៨​ឆ្នាំ ដែល​សម្តេច​កាន់​តួនាទី​ជា​នាយករដ្ឋមន្ត្រី​។​សម្តេច​តេជោ​ក៏បានថ្លែងអំណរគុ​ណ​ដល់​អ្នកសារព័ត៌មា​ន​ទាំងអស់ ដែល​បាន​ចូលរួម​ចំណែក​ប្រយុទ្ធប្រឆាំង​នឹង​ភាព​អសកម្ម​នានា​ក្នុងសង្គម ដើម្បី​រដ្ឋាភិបាល​ធ្វើ​ការកែលម្អ​។ សម្តេច​តេជោ ក៏​បាន​ថ្លែង​កោតសរសើរ​ក្រសួង​ព័ត៌មាន ដែល​ធ្វើ​ការងារ​បាន​ល្អប្រសើរ​លើ​ការសម្របសម្រួល​ដល់​អ្នកសារព័ត៌មា​នក្នុងពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​កន្លងទៅ​ថ្មីៗ​នេះ​ប្រកបដោយ​ភាពជោគជ័យ​។​សម្តេច​តេជោក៏បាន​ថ្លែងថា អ្នកសារព័ត៌មាន និង​អ្នកផ្តល់​សារព័ត៌មាន​របស់​ប្រទេស​កម្ពុជា​យើង​គឺ​មាន​ភាព​ល្អប្រសើរ​ជាង​មុន​ច្រើន​។​

​ក្នុង​ឱកាស​នេះ​ផងដែរ សម្ដេច​តេជោ ហ៊ុន សែន ក៏បាន​ផ្ដល់​នូវ​អនុសាសន៍​សំខាន់ៗ​ចំនួន​០៨ ដូចខាងក្រោម​៖

១-​ក្រសួង​ព័ត៌មាន ត្រូវ​ជំរុញ​ឲ្យមាន​សេចក្ដីព្រា​ង​ច្បាប់ ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន បាន​ចេញ​នូវ​អាណត្ដិទី​៧ និង​ត្រៀម​រៀបចំ ដាក់​ឲ្យ​ដំណើរការថ្នាល​ទូរទស្សន៍​ឌីជីថល​កម្ពុ​ជា នៅ​ដើមឆ្នាំ​២០២៣​ខាងមុខនេះ និង​ត្រូវ​បិទ​ការផ្សាយ​ទូរទស្សន៍​អាន់​ណឺឡុង នៅ​ឆ្នាំ​២០២៥ តាម​ផែនការ ដែល​បាន​គ្រោងទុក​។ បើ​សិន​បើ​អនុវត្ដ​មិនបាន យើង​នឹង​ត្រូវ​ខាតបង់​ច្រើនណាស់ គឺ​យើង​ដើរ​មិន​ទាន់​ការវិវត្ដន៍​បច្ចេកវិទ្យា នៅក្នុង​តំបន់​អាស៊ាន​។​

២-​ស្ថាប័ន​ព័ត៌មាន​រដ្ឋ និង​ឯកជន ត្រូវ​ចូលរួម​ថែរក្សា​សន្ដិភាព​ស្ថិរភាព​នយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម តាមរយៈ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ដោយ​ធ្វើ​ការផ្សព្វផ្សាយ​ជំរុញ​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន មាន​សមត្ថកិច្ច ទប់ស្ដាត់ និង​ចាត់វិធានការ​រាល់​បទល្មើស​គ្រឿងញៀន ល្បែងស៊ីសង គ្រប់​ប្រភេទ ក្មេង​ទំនើង ចោរប្លន់ ប្រដាប់អាវុធ គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ដែល​កើតឡើង​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​កសាង​សង្គម​កម្ពុជា​មួយ ឲ្យមាន​សុវត្ថិភាព សណ្ដាប់ធ្នាប់​ល្អ និង​រក្សា​កិត្ដិយស សេចក្ដីថ្លៃថ្នូរ លើក​មុខមាត់​កម្ពុជា លើ​ឆាក​អន្ដរជាតិ​។​

៣-​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២៣ ខាងមុខនេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ សូម​ចូលរួម​យុទ្ធនាការ​ផ្សព្វផ្សាយ ការរាប់​ថយក្រោយ​១០០​ថ្ងៃ នៃ​ព្រឹត្ដិការណ៍​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ឲ្យបាន​ផុលផុស ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅប្រទេស​បាន​ដឹង និង​បំផុសស្មារតី លើកទឹកចិត្ដ​ដល់​កីឡា​ក​រ​-​កីឡា​ការិនី ឲ្យខិត​ខំ​ហ្វឹកហាត់ ដើម្បី​ទទួលបាន​មេដៃ​ច្រើន ក្នុង​ការប្រកួត​នាពេលខាងមុខ និង​លើក​ទឹកចិត្ដ​ឲ្យ​យុវជន និង​ប្រជាពលរដ្ឋ​យើង​គាំទ្រ និង​ស្នេហា​វិស័យ​កីឡា ក្រោម​ពាក្យស្លោក «​កីឡា​រស់នៅ ក្នុង​សន្ដិភាព​»​។​

៤-​ស្ថាប័ន​ព័ត៌មាន ត្រូវ​បង្កើត​ភាព​ជា​ដៃគូ ជាមួយ​រាជ​រដ្ឋភិបាល ដោយ​ត្រូវ​បំពេញ​តួនាទី​ជា​ស្ពាន​ចម្លង ផ្សារភ្ជាប់​ទំនាក់ទំនង​ពី​ស្ថាប័ន​រដ្ឋ​ទៅ​ប្រជាជន និង​ពី​ប្រជាជន​មក​ស្ថាប័ន​រដ្ឋ​វិញ ទាំង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ទាំង​ការ​អនុវត្ដ​ជាក់ស្ដែង ដែល​តម្រូវឲ្យ​អ្នកសារព័ត៌មាន ចូលរួម​កាន់តែ​សកម្ម​ថែម​ទៀត ដើម្បី​ថែរក្សា​សុខសន្ដិភាព និង​ការអភិវឌ្ឍន៍​។​

៥-​ចូលរួម​យុទ្ធនាការ ប្រយុទ្ធ​ជាមួយនឹង​ភាព​អសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និង​ភាព​អ​យុត្ដិធម៌​នៅក្នុង​សង្គម ដើម្បី​កសាង​កម្ពុជា​ជា​សង្គម​មួយ​ដែល​ស្អាតស្អំ មាន​តម្លាភាព​។ សម្ដេច​តេជោក៏បាន​ដាស់​តឿ​ន​សារ​ជា​ថ្មីរ​ដល់​អ្នកសារព័ត៌មាន គឺ​កុំ​បំពាន​អ្នកដទៃ កុំ​បំភ្លៃ​ការពិត និង​នៅ​ថ្ងៃនេះ សម្ដេច​តេជោ​ក៏បានផ្ដល់​សារសំខាន់​មួយទៀត​គឺ អ្នកសារព័ត៌មាន​ត្រូវ​ផ្សាយ​ការពិត​កុំ​ប្រឌិត​រឿង​អ្នក​ដ៏​ទៃ​។ និង​សូមឲ្យ​អ្នកសារព័ត៌មាន ចូលរួម​ជាមួយនឹង​រាជរដ្ឋាភិបាល ក្នុងខណៈដែល​រាជរដ្ឋាភិបាល កំពុងតែ​ជំរុញ​កែទម្រង់​រដ្ឋ ដើម្បី​ឲ្យមាន​តម្លាភាព ដែល​ទាមទារ​ឲ្យ​អ្នកសារព័ត៌មាន​បំពេញ​តួនាទី​តាម​វិជ្ជាជីវៈ​មាន​សមត្ថភាព និង​សិក្សា​បញ្ហា​ដ៏​ស៊ីជម្រៅ ហ៊ាន​បញ្ចេញ​នូវ​ការពិត​។​

៦-​ចូលរួម​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​មិន​ពិត និង​ព័ត៌មាន​ក្លែងក្លាយ ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ និង​អន្ដរជាតិ ដែល​បច្ចុប្បន្ន​តំណាង​សារព័ត៌មាន​របស់​យើង ក៏​មាន​ក្នុង​ក្រប​ខណ្ឌ​ស្ថាប័ន​ជាតិ​អាស៊ាន ដែល​តម្រូវ​ឲ្យ​ស្ថាប័នព័ត៌មា​ន​ធ្វើ​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​មិន​ពិត និង​ព័ត៌មាន​ក្លែងក្លាយ ឲ្យ​កាន់តែ​សកម្ម​ថែមទៀត​។

៧-​សមាគម​អ្នកសារព័ត៌មាន ត្រូវ​បន្ដ​សហការ​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សមត្ថភាព​ជំនាញ​ដល់​បុគ្គលិក និង​ភ្នាក់ងារ​របស់​ខ្លួន​ឲ្យ​ដើ​រទាន់​ការវិវត្ដន៍​បច្ចេកវិទ្យា​ប្រព័ន្ធ ផ្សព្វផ្សាយ​ឌីជីថល ដែល​អាច​ជួយ​បំពេញការងារ​បាន​រហ័ស និង​ទាន់​សភាព​ការ​។​

៨-​ចូលរួម​ធ្វើ​ការផ្សព្វផ្សាយ​ព័ត៌មាន​អប់រំ ឲ្យ​ប្រជាពលរដ្ឋ​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូវី​ដ​-១៩ និង​អនុវត្ដ​វិធានការ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ឲ្យបាន​ខ្ជាប់ខ្ជួន​៕