សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​រាជរដ្ឋាភិបាល អាណត្តិ​ទី​៦ និង​សមាជិក​រាជរដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៧

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៩ រោច ខែ​ទុតិយាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២៣ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឋានៈ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ សមាជិក​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ចាស់ និង​សមាជិក​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​ដែល ជំនួប​នេះ​ធ្វើឡើង​នៅ​វិមាន​៧​មករា ទីស្នាក់ការ​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា ។

​នៅក្នុង​ជំនួប​នេះ​ដែរ សម្ដេច​តេជោ​  បាន​ស្នើ​អោយ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ទាំងអស់ ក្នុង​អាណត្តិ​ទី​៧ ថ្មី​នេះ ត្រូវ​យកចិត្តទុកដាក់​ចុះ​ជួប ជាមួយ​ប្រជាពលរដ្ឋ​អោយបាន​ច្រើន​ដើម្បី​ដឹង​ពី​សុខទុក្ខ​របស់​ពលរដ្ឋ​  ត្រូវ​យកចិត្តទុកដាក់ ដោះស្រាយ​លើ​បញ្ហា សន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេស​បង្កើន​នូវ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ។

​សម្ដេច​តេជោ សូមអោយ នាយក​រដ្ឋមន្ត្រី​ថ្មី ត្រូវ​តែងតាំង​នូវ មន្ត្រី​ថ្នាក់​នយោបាយ នៅតាម​បណ្ដា ក្រសួង ស្ថាប័ន ឡើងវិញ និង​ក៏​មាន​ការកែសម្រួល​នូវ​តួនាទី​មន្ត្រី​នយោបាយ​ខ្លះៗ​ផងដែរ ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី​។

​មុន​នឹង​បញ្ចប់ សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ជូនពរ ដល់​សមាជិក​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ថ្មី​ទាំងអស់ សូម​ទទួលបាន​នូវ​សុខភាព​ល្អ និង​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ ជូន​ជាតិ​មាតុភូមិ​។ ក្នុង​ជំនួប​នេះ​ដែរ​នេះដែរ ក៏​មាន​ពិធី​ថតរូប​ជុំគ្នា ទាំង​សមាជិក​រាជរដ្ឋាភិបាល​អណត្តិ​ទី​៦ និង រាជរដ្ឋាភិបាល​អណត្តិ​ទី​៧​ថ្មី នៅមុខ​វិមាន​៧​មករា ផងដែរ​។​

​សូមបញ្ជាក់​ថា អាណត្តិ​ថ្មី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​នឹង​មាន​សុពលភាព​ចាប់ពី​ថ្ងៃ​ទី​២២ ខែ​សីហា តទៅ គឺ​មាន​ការផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​ស្ទើរតែ​ទាំងស្រុង​ដោយ​មាន ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី ដែល​ការផ្លាស់ប្តូរ​ជា​ប្រវត្តិសាស្ត្រ​នៃ​ការដឹកនាំ​ប្រទេស​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ដែល​ឈ្នះឆ្នោត​នេះ ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន ចាត់ទុក​ជា​ការផ្លាស់ប្តូ​រ ដើម្បី​ធានា​នូវ​ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍន៍​មួយ​យូរអង្វែង​៕