ខ្មាន់កាំភ្លើង​មួយក្រុម សម្រុកចូល​រំដោះ​អ្នកទោស​ជនជាតិ​ចិន​ម្នាក់ នៅ​ក្រុង​សៀមរាប ពេល​មន្ដ្រី​បញ្ជូនទៅ​ពេទ្យ​ធ្មេញ​

ខេត្តសៀមរាប​៖ ខ្មាន់កាំភ្លើង​មួយក្រុម​មាន​គ្នា​៥​នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​មាន​ត​កាណុង បាន​សម្រុកចូល​រំដោះ​អ្នកទោស​ជនជាតិ​ចិន​ម្នាក់ ដែល​មន្ដ្រី​ពន្ធនាគារ​បញ្ជូន​ទៅ​ពេទ្យធ្មេញ​មួយកន្លែង​។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២៣​នេះ ចំណុច​គ្លី​និច​ធ្មេញ​ជុំ​ចិន្តា ក្នុង​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សេចក្ដីរាយការណ៍​ជំហាន​ដំបូង​បានឲ្យដឹងថា នៅ​ព្រឹក​មិញ​នេះ មន្ដ្រី​ពន្ធនាគារ​ចំនួន​៤​នាក់ បាន​បញ្ជូន​ពិរុទ្ធជន​ជនជាតិ​ចិន​ខាងលើ ទៅ​គ្លីនិច​ធ្មេញ លុះ​ពេល​កំពុង​អង្គុយចាំ​ពេទ្យ​ធ្វើ​ធ្មេញ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​៥​នាក់ មាន​ពាក់​ស្រោម​មុខ ស្រោមដៃ និង​ប្រដាប់​ដោយ​អាវុធ​ដែល​ត​កាណុង បាន​ភ្ជង់​ទៅកាន់​មន្ដ្រី​ពន្ធនាគារ ហើយ​ជនសង្ស័យ​បាន​ចូល​ទៅ​រំដោះ​អ្នកទោស​ចេញ​ទៅ​បាត់​។ ពេល​ធ្វើ​សកម្មភាព​នោះ ក្រុម​ខ្មាន់កាំភ្លើង​បាន​យក​ខ្សែរូត​ចង​រឹតដៃ​មន្ដ្រី​ពន្ធនាគារ ចំនួន​៤​នាក់​ថែមទៀត​។​

​ក្រោយ​រំដោះ​ក្រុម​ខ្មាន់កាំភ្លើង បាន​ឡើង​ជិះ​រថយន្ដ​មួយ​គ្រឿង ម៉ាក Lexus 330 ពណ៌​ផ្សេង​បារី ពាក់​ផ្លាកលេខ​ភ្នំពេញ​2AA-4315 គេចខ្លួន​បាត់​ស្រមោល​។ រំលង​បាន​ប៉ុន្មាន​ម៉ោង​ក្រោយ រថយន្ដ​ដែល​ជិះ​ធ្វើ​សកម្មភាព​នោះ ត្រូវបាន​គេ​ប្រទះ​ឃើញ​យក​ទៅ​ផ្លុង​ចោល​។

​ក្នុង​នោះ​សមត្ថកិច្ច​ជំនាញ​ប្រទះឃើញ កាំភ្លើង​ខ្លី​ចំនួន​៥​ដើម និង​សម្ភារ​មួយចំនួនទៀត​។ បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ កំពុង​រួមដៃគ្នា​ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ក្រុម​ឧក្រិដ្ឋជន​។​

​លោក ឆែម សាវុធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បានឲ្យដឹងថា ពិរុទ្ធជន​ឈ្មោះ Chen hsin han អាយុ​៤៥​ឆ្នាំ​ជនជាតិ​ចិន ជាប់ទោស​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ដែល​ចំនួន​ទោស​ជាង​៥០​ឆ្នាំ​៕