នាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ប្រកាស​មុខតំណែង ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជា​អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​

​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​របស់ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជា​អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក នា​ព្រឹក​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៣ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​។

​ថ្លែង​ក្នុង​ឱកាស​នោះ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បន្ត​ដឹកនាំ​នាវា​កម្ពុជា ធានាបាន​និរន្តរភាព​ជាតិ សន្តិភាព ស្ថិរភាព​យូរអង្វែង ដែល​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ ក៏ដូចជា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​ក្នុងន័យនេះ កងយោធពល​ខេមរភូមិន្ទ ប្តេជ្ញា​គាំទ្រ​ពេញទំហឹង និង​ចូលរួម​អនុវត្ត​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ក្នុង​ការអនុវត្ត​វិធានការ គោលនយោបាយ និង​កម្មវិធី​នានា នៅក្នុង​ក្របខណ្ឌ​នៃ «​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១»​។​

​ជាមួយ​នោះ កងយោធពល​ខេមរភូមិន្ទ សូម​ប្តេជ្ញា​ការពារ​រាជដ្ឋាភិបាល​ស្របច្បាប់​កើតចេញ​ពី​កា​រ​បោះឆ្នោត និង​កម្ទេច​ចោល​រាល់​អំពើ​ក្បត់ជាតិ មនោគមន៍វិជ្ជា​ជ្រុលនិយម ដែល​មាន​គោលបំណង​ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​។​

​នាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏​បាន​ផ្តាំផ្ញើ​ដល់​គ្រប់​កងឯកភាព យកចិត្តទុកដាក់​កសាង​ធនធាន​មនុស្ស​គ្រប់​ជំនាញ ឲ្យ​សមស្រប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​កំណែទម្រង់​កងយោធពល​ខេមរភូមិន្ទ ដោយ​ធ្វើ​ការបណ្តុះបណ្តាល​នាយទាហាន​វ័យក្មេង​មាន​សមត្ថភាព​ឱ្យ​ចូល​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​៕