រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម​កម្ពុជា លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគិន​ចិន​ដែល​មាន​ជំនាញ និង​បច្ចេកទេស​ទីផ្សារ​ល្អៗ មក​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​

នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៣ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​សហការី បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម​ភាគី ឯ​.​ឧ Tang Renjian រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​កិច្ចការ​ជនបទ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សហការី នៅ​ទីក្រុង​ណាន​នី​ង ដើម្បី​ពិភាក្សារ​ទ្វេរ​ភាគី​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​នៃ​ប្រទេស​ទាំង​២​។​

​នៅក្នុង​ជំនួប​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា បាន​លើក​ពី​សមិទ្ធផល​ធំៗ​ជាច្រើន​ដែល​សម្រេចបាន​ក្រោម​កិច្ចសហការ​រវាង​ក្រសួង​កសិកម្ម​នៃ​ប្រទេស​ទាំង​ពីរ រួម​មាន​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ដ មន្ទីរពិសោធន៍​ផលិតផល​កសិកម្ម​, មជ្ឈមណ្ឌល​ជំរុញ​ផលិតផល​កសិកម្ម​កម្ពុ​ជា និង​ការកសាង​សមត្ថភាព​បច្ចេកទេស​ដល់​មន្ត្រី​កសិកម្ម​។​

​បន្ថែម​ពីលើ​នេះ ឯកឧត្តម​រដ្ឋមន្ដ្រី បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​របស់​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អន្តរជាតិ (Foreign Economic Cooperation Center) នៃ​ក្រសួង​កសិកម្ម និង​កិច្ចការ​ជនបទ​ចិន ដែល​បាន​សហការ​យ៉ាង​ជិតស្និទ​ជាមួយ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា បាន​រៀបចំ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ២០២៤-២០២៨​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ផង​ដែរ​អំពី​យន្តការ​សម្រាប់​ជំរុញ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព និង​បាន​ជា​ផលប្រយោជន៍​ដល់​ភាគី​ទាំងសងខាង​នូវ​ច្រករបៀង មច្ឆា និង​អង្ករ ដែល​ភាគី​ទាំង​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ២០២៣ ដោយ​ត្រូវ​រៀបចំ​នូវ​គណៈកម្មការ​តម្រង់​ទិស​ដែល​ដឹកនាំ​ដោយ​អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​ទាំង​ពីរ និង​ក្រុម​ការងារ​បច្ចេកទេស​រួម សម្រាប់​រៀបចំ​ផែនការ​សកម្មភាព​អនុវត្ត​អោយ​ត្រូវ​តាម​គោលនយោបាយ​ដែល​បាន​កំនត់​ដោយ​ថ្នាក់​ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​សម​ភាគី​ជួយ​សហការ​ផ្នែក​បច្ចេកទេស​ដើម្បី​ជំរុញ​នូវ​មុខទំនិញ​អាទិភាព​ចំនួន​៣​ដូចជា អង្ករ ស្វាយចន្ទីរ និង​ត្រី​ចិញ្ចឹម នៅក្នុង​ច្រករបៀង​អង្ករ និង​មច្ឆា សម្រាប់​នាំ​ចេញ​មក​កាន់​ទីផ្សារ​ចិន និង​ទីផ្សារ​អន្តរជាតិ​ដទៃទៀត​។ ទន្ទម​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ដ្រី បាន​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគិន​ចិន​ដែល​មាន​ជំនាញ និង​បច្ចេកទេស​ទីផ្សារ​ល្អៗ មក​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ពិសេស​លើ​ការកែច្នៃ វិច​ខ្ចប់​ផលិតផល​កសិកម្ម​ដែល​មាន​ស្រាប់ ឱ្យទៅ​ជា​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់ រសជាតិ​ឆ្ងាញ់ និង​មាន​ឈ្មោះ​ល្បី​លើ​ទីផ្សារ​អន្តរជាតិ​។​

​ឯកឧត្តម Tang Renjian ក៏​បាន​កោត​ស​សើរ​ចំពោះ​ការសម្រេចបាន​នូវ​ផលិតផល​កសិកម្ម​យ៉ាង​ច្រើន​របស់​កម្ពុជា ដែល​កម្ពុជា​ធានាបាន​ទាំងស្រុង​នូវ​សន្តិសុខ​ស្បៀង​សម្រាប់​ប្រទេស និង​បាន​រួមចំណែក​ក្នុង​ការរក្សារ​សន្តិសុខ​ស្បៀង​សម្រាប់​តំបន់​ផងដែរ​។

​បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម​ចិន ក៏​បាន​បញ្ជាក់ថា កម្ពុជា​មាន​ផលិតផល​កសិកម្ម​ជា​ច្រើន​ដែល​មាន​គុណភាព​ល្អ រសជាតិ​ឆ្ងាញ់ ហើយ​ប្រជាជន​ចិន​ក៏​ចូល​ចិត្ត​ផង​ដែរ​។ ឯកឧត្តម​នឹង​លើកទឹកចិត្ត និង​ជំរុញ​អ្នកវិនិយោគ​ចិន​មក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​បង្កើន​ពាណិជ្ជកម្ម​កសិកម្ម​រវាង​ប្រទេស​ទាំង​២ ឱ្យ​កើនឡើង​មួយកម្រិត​ទៀត​នាពេលខាងមុខ​។​

​ឯកឧត្តម Tang Renjian រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​កិច្ចការ​ជនបទ ប្រទេស​ចិន​ក៏​បាន​សម្តែង​នូវ​ការសប្បាយ​រីករាយ និង​កោត​ស​សើរ​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា ដែល​បាន​លើកឡើង​ត្រង់ៗ និង​បាន​គូសបញ្ជាក់​យ៉ាងច្បាស់​ពី​វិធីសាស្ត្រ​ដើម្បី​សម្រេចបាន​ជោគជ័យ​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រសួង​ទាំងពីរ ក្នុង​ការអនុវត្ត​ច្រករបៀង មច្ឆា​និង​អង្ករ​នេះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ទាំង​២ បាន​ឯកភាពគ្នា​ក្នុង​ការបង្កើត​គណៈកម្មកា​រ​តម្រង់ទិស និង​ក្រុម​ការងារ​បច្ចេកទេស​រួម សម្រាប់​ច្រករបៀង​អង្ករ និង​មច្ឆា និង​ឯកភាព​ថា​ក្រុម​ការងារ​បច្ចេកទេស​នឹង​ចាប់ផ្តើម​កិច្ចប្រជុំ​ឆាប់ៗ​ដើម្បី​កំនត់​ផែនការ​សកម្មភាព និង​លើក​ទិសដៅ​ច្បាស់លាស់​ក្នុង​ការអនុវត្ត​ឈានទៅ​សម្រេចបាន​នូវ​ជោគជ័យ ឆ្លើយតប​ទៅ​តាម​ទស្សនៈវិស័យ​របស់​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​ទាំង​ពីរ​៕