
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ត្រូវរៀបចំសណ្តាប់ធ្នាប់ថ្មីក្នុងវិស័យព័ត៌មាននៅកម្ពុជា ដើម្បីកុំអោយបង្ករភាពរញ៉េររញ៉ៃ សំដៅពង្រឹងសមត្ថភាព គុណភាពការងារ និងសុវត្ថិភាពក្នុងការប្រើប្រាស់ព័ត៌មាន
នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងទិសដៅបង្កើនប្រសិទ្ធភាពការងារលើការ ដឹកនាំ និងសម្របសម្រួលមន្ទីរព័ត៌មានរាជធានី-ខេត្ត ដែលបានធ្វើឡើង នាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ។
កិច្ចប្រជុំនាឱកាសនេះមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកដឹកនាំការងារ ជាយុទ្ធសាស្ត្រលើកិច្ចការផែនការ ថវិកា គោលនយោបាយ និងអធិការកិច្ចរបស់ មន្ទីរព័ត៌មានរាជធានី-ខេត្ត ។
ទាក់ទងការងារ “ ត្រូវរៀបចំសណ្តាប់ធ្នាប់ថ្មីក្នុងវិស័យព័ត៌មាននៅកម្ពុជា ដើម្បីកុំអោយបង្ករភាពរញ៉េររញ៉ៃ “ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា គឺសំដៅលើការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុតផ្សេងៗ ការគោរពក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន សមត្ថភាព គុណភាពការងារ និងសុវត្ថិភាពក្នុងការប្រើប្រាស់ព័ត៌មាន ។ អ្នកសារព័ត៌មានដែលគ្មានសណ្តាប់ធ្នាប់ ស្ថាប័នសារព័ត៌មាន ដែលគ្មានច្បាប់អនុញ្ញាត្តត្រឹមត្រូវ គឺជាអ្នកបំផ្លាញដល់ដំណើរការងាររបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍប្រទេសជាតិ ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការរៀបចំអោយ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលតាមបណ្តាមន្ទីរព័ត៌មាន ខេត្ត រាជធានី គឺដើម្បីជាការផ្សារភ្ជាប់នូវទំនាក់ទំនងរវាងមន្ទីរ និងក្រសួង អោយនៅខិតជិតគ្នា ធ្វើកិច្ចការរួមគ្នានូវរាល់គោលនយោបាយ និងផែនការសកម្មភាពផ្សេងៗត្រូវអនុវត្តន៍ ។
កន្លងមកនេះ មន្ទីរព័ត៌មាន ហាក់បីដូចជាធ្វើការងារដាច់ឆ្ងាយតែឯង តែចាប់ពីពេលនេះទៅ មន្ទីរព័ត៌មាន គឺមានភាពកក់ក្តៅ មានថ្នាក់ដឹកនាំពីក្រសួងព័ត៌មានទៅជួយកិច្ចការងារ ព្រោះមន្ទីរព័តមាន មានតូនាទីសំខាន់ក្នុងក្របខណ្ឌ័គ្រប់គ្រងព័ត៌មាន របស់ព្រះរាជាណាចក្រកម្ពុជា ផងដែរ ព្រោះខេត្តនីមួយៗជាកោសិកានៃប្រទេស បើកោសិកានេះល្អ នឹងធ្វើអោយទម្រង់នៃការគ្រប់គ្រងព័ត៌មានជារួម មានភាពខ្វះចន្លោះ ។ ដូច្នេះ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន ទទួលបន្ទុកវិស័យព័ត៌មាននៅក្នុងខេត្ត និងទទួលបន្ទុក មន្ទីរព័ត៌មានខេត្ត តែម្តង ហើយជាសេនាធិការរបស់រដ្ឋមន្ត្រី លើវិស័យព័ត៌មាន តាមខេត្ត ។
ទន្ទឹមនេះ ឯកឧត្តម លោកជំទាវ ដែលទទួលបន្ទុក នឹងក្លាយទៅជាគ្រូបង្គោល មើលខុសត្រូវលើការងារព័ត៌មាន ជួយសម្របសម្រួលការងារជាមួយមន្ទីរព័ត៌មានខេត្ត ដើម្បីធ្វើអោយការគ្រប់គ្រងវិស័យព័ត៌មានក្នុងខេត្ត បានដំណើរទៅដោយរហូត ហើយអ្វីដែលសំខាន់គឺមានទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដីខេត្ត ។
ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលទទួលបន្ទុកមន្ទីរព័ត៌មាន គឺមិនមែនជាអ្នកប្រតិបត្តិការអោយមន្ទីរនោះទេ គ្រាន់តែជាជន្ទល់ក្នុងការពង្រឹងតូនាទីរបស់មន្ទីរព័ត៌មាន ៕