ក្លិប​អ្នកកាសែត​កម្ពុជា បន្ទោស​អ្នកកាសែត​៤​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​មណ្ឌលគិរី​ថា មាន​កំហុស​ក្រមសីលធម៌​វិជ្ជាជីវៈ​

ភ្នំពេញ ៖ ក្លិប​អ្នកកាសែត​កម្ពុជា​(​ក​.​អ​.​ក​) កាលពី​ថ្ងៃ​ទី ២៤ តុលា ម្សិលមិញ​បាន​ស្ដីបន្ទោស​ទៅ​កាន់​អ្នកកាសែត​៤​នាក់​ដែល​ត្រូវបាន​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ចាប់​ខ្លួន​ថា ពួកគេ​មាន​កង្វះខាត​ក្រមសីលធម៌​វិជ្ជាជីវៈ​។​

​ក​.​អ​.​ក បាន​ធ្វើ​ការកត់សម្គាល់​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​នៅតែ​មាន​អ្នកសារព័ត៌មាន​ជា​បន្ត​បន្ទាប់​បាន​ប្រឈម​នឹង​ការឃាត់ខ្លួន​ពី​សមត្ថកិច្ច ពាក់ព័ន្ធ​នឹង​ការបំពាន​លើ​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​ដែល​នាំឱ្យ​ប៉ះពាល់​ដល់​ការលើកកម្ពស់​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​។ ជាក់ស្តែង​ថ្មីៗ​នេះ អ្នកសារព័ត៌មាន​៤​រូប​ត្រូវបាន​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​ឃាត់ខ្លួន ដែល ក​.​អ​.​ក យល់ថា​អាច​មក​ពី​កង្វះខាត​ក្នុង​ការអនុវត្ត​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ផ្នែក​សារព័ត៌មាន ។​

​ក​.​អ​.​ក មិន​បាន​ចាត់ទុក​ករណី​នេះ​ជា​បញ្ហា​ថ្មី​សម្រាប់​ស្ថានភាព​សារព័ត៌មាន​នៅ​កម្ពុជា​នោះទេ ប៉ុន្តែ​អ្វី​ដែល ក​.​អ​.​ក ចង់​រំលេច​ឱ្យឃើញ​នោះ​គឺ ទាំង​ស្ថាប័ន​ជំនាញ ទាំង​សមាគម​សារព័ត៌មាន ជាពិសេស​ក្លិប​អ្នកកាសែត​កម្ពុជា​បាន​និង​កំពុង​យកចិត្តទុកដាក់​ក្នុង​ការបើក​វគ្គ​បណ្តុះបណ្តាល ផ្សព្វផ្សាយ អប់រំ​ដល់​អ្នកសារព័ត៌មាន​អំពី​ក្រមសីលធម៌​និង​វិជ្ជាជីវៈ រួម​ទាំង​ការលើកទឹកចិត្ត​អ្នកសារព័ត៌មាន​ក្នុង​ការអនុវត្ត​នូវ​ក្រមសីលធម៌​និង​វិជ្ជាជីវៈ ហើយ​ជាទូទៅ​អ្នកសារព័ត៌មាន​ជាច្រើន​បាន​យល់ដឹង និង​បាន​ចូលរួម​អនុវត្ត​ដោយ​ស្មារតី​ទទួលខុសត្រូវ​។ ប៉ុន្តែ​អ្នកសារព័ត៌មាន​មួយ​ចំនួន​ហាក់ដូចជា​មិន​ទាន់​អនុវត្ត​បាន ដែល​ជា​ហេតុ​នាំឱ្យ​មាន​កា​រ​ឃាត់​ខ្លួន​ដោយសារតែ​ការធ្វេសប្រហែស ឬ​មើល​រំលង​នូវ​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​។​

​ក​.​អ​.​ក ចាត់ទុក ក្រមសីលធម៌​និង​វិជ្ជាជីវៈ មិន​គ្រាន់តែ​ជួយ​អ្នកសារព័ត៌មាន​ពី​ការចោទប្រកាន់​ពី​បទល្មើស ឬ​ឃាត់ខ្លួន​នោះទេ តែ​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​នេះ​ហើយ​ដែល​ជួយ​ត្រួសត្រាយ​ផ្លូវ​អ្នកសារព័ត៌មាន​ក្នុង​ការលើកកម្ពស់​ជីវ​ភាព​រស់នៅ​ប្រកប​ដោយ​ភាពថ្លៃថ្នូរ និង​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា ។​

​ក​.​អ​.​ក ជាថ្មី​ម្តងទៀត អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​ក្រមសីលធម៌​និង​វិជ្ជាជីវៈ ដែល​ជា​អាវ​ក្រោះ​ការពារ​ខ្លួនឯង​ផង និង​លើកតម្កើង​សេរីភាព​សារព័ត៌មាន​ផងដែរ​។​

​ក​.​អ​.​ក សង្ឃឹម​យ៉ាង​មុតមាំ​ថា អ្នកសារព័ត៌មាន​ទាំងអស់​នឹង​បន្តដំណើរ​ជាមួយ ក​.​អ​.​ក ក៏​ដូចជា​សមាគម​សារព័ត៌មាន​ផ្សេងទៀត​ដើម្បី​លើកកម្ពស់​ការអនុវត្ត​នូវ​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​សារព័ត៌មាន សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ស្ថាប័ន​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​រក្សាបាន​នូវ​កិត្តិយស សេចក្តីថ្លៃថ្នូរ ចៀសវាង​ភាព​អសកម្ម​ដែលនាំឱ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា ។​

​ក​.​អ​.​ក សូម​ជម្រាប​ជូន​ថា នៅ​ចុងឆ្នាំ​នេះ ក​.​អ​.​ក នឹង​រៀបចំ​វេទិកា​និពន្ធ​នាយក​លើក​ទី​២០ ដែល​ជា​វេទិកា​ដ៏​មាន​សារសំខាន់ និង​ធំ​ជាង​គេ​របស់ ក​.​អ​.​ក ដោយ​ផ្តោត​លើ​ប្រធានបទ​ស្តី​ពី​ក្រមសី​លធ​ម៌​និង​វិជ្ជាជីវៈ​មក​ពិភាក្សា និង​បំពេញ​បន្ថែម​លើ​ចំណុច​ខ្វះខាត​ហើយ​នឹង​ចេញ​នូវ​សេចក្តីថ្លែងការណ៍​រួម​មួយ​ដែល​រំពឹង​ថា នឹង​ជួយ​រម្លឹក​ដល់​អ្នកសារព័ត៌មាន​ឱ្យ​ចូលរួម​កាន់តែ​សកម្ម​ថែម​ទៀត​ក្នុង​ការអនុវត្ត​និង​លើកកម្ពស់​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​៕