ពិធី​បុណ្យ​អុំទូក​រយៈពេល ២​ថ្ងៃ នៅ​ខេត្ត​កំពត​ទទួលបាន​ភ្ញៀវទេសចរ ៥២​ម៉ឺន​នាក់

​ខេត្ត​កំពត​៖ ថ្នាក់ដឹកនាំ​ខេត្ត​កំពត​បាន​រៀបចំ​ពិធី​បុណ្យ​អុំទូក​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០-១១ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដោយ​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ប្រមាណ​៥២០,០០០​នាក់ ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​ចំនួន​១,៣៧៥​នាក់ នេះ​បើ​តាម​ការ​ឲ្យដឹងពី លោក សយ ស៉ីណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា នៅ​ថ្ងៃ​ទី​១ ភ្ញៀវ​សរុប​ចំនួន​២៥០,០០០​នាក់ (​ភ្ញៀវ​អន្តរជាតិ ៦១៥​នាក់​) និង​នៅ​ថ្ងៃទី​២ ភ្ញៀវ​សុ​ប​ចំនួន​២៧០,០០០​នាក់ (​ភ្ញៀវ​អន្តរជាតិ ៧៦០​នាក់​)​។​

​លោក​ប្រធាន​មន្ទីរ​បន្តទៀតថា ការរៀបចំ​ពិធី​បុណ្យ​អុំទូក​ឆ្នាំនេះ រដ្ឋបាល​ខត្ត​បាន​ខិតខំ​រៀបចំ​កែលម្អ​សោភ័ណភាព ហេដ្ឋារចនាសម្ពន្ធ ការរៀបចំ​ពិធី​ប្រកប​ដោយ​ភាព​ទាក់ទាញ​ញាំ​ង​ឲ្យមាន​ភាពសប្បាយ​រីករាយ និង​ការចូលរួម​គាំទ្រ​ពី​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​បើ​តាម​លោក សយ ស៉ីណុ​ល ការងារ​បដិសណ្ឋារកិច្ច ការគ្រប់គ្រង​បរិស្ថាន អនាម័យ​ចំណីអាហារ តម្លៃ​ចំណីអាហារ​ត្រូវបាន​ពង្រឹង និង​គ្រប់គ្រង​យ៉ាង​ល្អប្រសើរ​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ក៏​បាន​ខិតខំ​សហការ​ពង្រឹង​គ្រប់គ្រង​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ចរាច​រណ៍​ដោយ​រលូន​ប្រកបដោយ​ជោគជ័យ​៕