ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំនេះ មាន​ទូក​សរុប​ចំនួន ៣៣៨ នឹង​ចូលរួម​ប្រកួត ព្រមទាំង​ប្រទីប​ចំនួន​៣០ ក៏​នឹង​បង្ហាញ​ខ្លួន​ក្នុង​ព្រះរាជ​ពិធី នេះ​បើ​តាម​ប្រសាសន៍ ឯកឧត្តម ឈិន កេត​នា ទីប្រឹក្សា​រាជរដ្ឋាភិបាល អនុប្រធាន​អចិន្ត្រៃយ៍ និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ

នា​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ មាន​កិច្ចប្រជុំ​ក្រោម​អធិបតីភាព ឯកឧត្តម ឈិន កេត​នា ទីប្រឹក្សា​រាជរដ្ឋាភិបាល អនុប្រធាន​អចិន្ត្រៃយ៍ និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ តំណាង​ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាល​រាជធានី​-​ខេត្ត ដើម្បី​ពិភាក្សា​ការត្រៀម​លក្ខណៈ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០២៣​។​

​ឯកឧត្តម ឈិន កេត​នា ទីប្រឹក្សា​រាជរដ្ឋាភិបាល អនុប្រធាន​អចិន្ត្រៃយ៍ និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ប្រធាន​អង្គប្រជុំ បានលើកឡើង​ពី​ការងារ​ចំពោះ​មុខ ដែល​គ្រប់​អនុគណៈកម្មការ គណៈ​លេខា​អចិន្ត្រៃយ៍ និង​ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាល​រាជធានី​-​ខេត្ត ត្រូវ​រួម​សហការ​គ្នា ដើម្បី​រៀបចំ​ឱ្យបាន​សមស្រប​ទាំង​រូបភាព​ចាត់តាំង និង​ទាំង​ខ្លឹមសារ​នៃ​ការរៀបចំ​ព្រះរាជ​ពិធី បុណ្យអុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០២៣ នេះ​។​

​ឯកឧត្តម​ប្រធាន បាន​បន្តថា ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំនេះ ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ ពោល​គឺ​នៅ​ថ្ងៃទី ២៦-២៧-​និង​២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅ​តាម​ដង​ទន្លេសាប មុខ​ព្រះបរមរាជវាំង ហើយ​ក្នុងនោះ​មាន​ទូក​សរុប​ចំនួន ៣៣៨ នឹង​ចូលរួម​ប្រកួត ព្រមទាំង​ប្រទីប​ចំនួន​៣០ ក៏​នឹង​បង្ហាញ​ខ្លួន​ក្នុង​ព្រះរាជ​ពិធី​ផងដែរ​។​

​សូម​ជម្រាប​ជូន​ថា ព្រះរាជ​ពិធី​បុណ្យ​អុំទូក ត្រូវបាន​គេ​តំណាល​ថា ជា​ពិធីបុណ្យ​រំលឹក​ដល់​ការដឹងគុណ ចំពោះ​កងទ័ពជើងទឹក​របស់​កម្ពុជា ដែល​បាន​ពលី​ជីវិត​បូជា​ចំពោះ​ទឹកដី​ក្នុង​ចម្បាំង នា​ស​.​វ​ទី ១២ ក្នុង​រាជ ព្រះបាទ ជ័យវរ្ម័ន​ទី​៧ ​ក្នុង​ឆ្នាំ ១១៧៧ ដល់​ឆ្នាំ ១១៨១ នៃ​គ​.​សករាជ ។

​ឆ្នាំនេះ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អាណត្តិ​ទី ៧ បាន​ប្រារព្ធ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ដ៏​មហោឡារិក​និង​អធិកអធម​ជាទីបំផុត ហើយ​ព្រះរាជ​ពិធី​បុណ្យ​នេះ​ជា​ព្រះរាជ​ពិធី​បុណ្យ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​ចំណោម​ពិធីបុណ្យ​ផ្សេងៗ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ម្លប់​នៃ​សន្តិភាព​។​

​មុន​នឹង​បញ្ចប់​កិច្ចប្រជុំ ឯកឧត្តម ឈិន កេត​នា ប្រធាន​អង្គប្រជុំ ក៏​បាន​សំណូមពរ​អោយ​គ្រប់ សមាជិក សមាជិកា អង្គប្រជុំ​ទាំងអស់ រាយការណ៍​ជូន​ថ្នាក់ដឹកនាំ ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និង​រដ្ឋបាល​រាជធានី​-​ខេត្ត បាន​ជ្រាប និង​ចាត់តាំង​អនុវត្ត​តាម​ស្មារតី​នៃ​អង្គប្រជុំ​ឱ្យ​សម្រេច​លទ្ធផល​ល្អ​ប្រសើរ​៕