
ឯកឧត្តម ឈិន កេតនា អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខចម្រើន ក្នុងព្រះរាជពិធីបុណ្យអុំទូក នៅមុខទីសក្ការៈព្រះអង្គដង្កើ មុខព្រះបរមរាជវាំង
នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខចម្រើន នៅមុខទីសក្ការៈព្រះអង្គដង្កើ មុខព្រះបរមរាជវាំង ដើម្បីបួងសួងសុំឲដំណើរការនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅដោយទទួលបាននូវភាពជោគជ័យ និងអធិកអធមជាទីបំផុត។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាផងដែរ។
សូមបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នឹងប្រារព្ធទិវាបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក លក្ខណៈទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ។
បន្ទាប់ពីទទួលបានមហាជោគជ័យដ៏ត្រចះត្រចង់ក្នុងទិវាបុណ្យឯករាជ្យជាតិខួបអនុស្សាវរីយ៍លើកទី៧០ (៩វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ១៩៥៣) រាជរដ្ឋាភិបាលកម្ពុជា បានបន្តប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីបានខកខានមិនបានប្រារព្ធអស់រយៈពេលចំនួន៣ ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ និងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។
ក្រោមម្លប់នៃសុខសន្តិភាព ទើបព្រះរាជាណាចក្រកម្ពុជា អាចប្រារព្ធព្រះរាជពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន។ ដោយសារកត្តាសុខសន្តិភាពនេះហើយដែលអាចធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍឡើងទៅមុខជាលំដាប់ និងទទួលបានសមិទ្ធផលនានាជាច្រើន។ ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដ៏មហោឡារិកនិងអធិកអធមជាទីបំផុត ហើយព្រះរាជពិធីបុណ្យនេះជាព្រះរាជពិធីបុណ្យដ៏មានប្រជាប្រិយភាពបំផុតក្នុងចំណោមពិធីបុណ្យផ្សេងៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់នៃសន្តិភាព។
ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ មានប្រសាសន៍បញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពោលគឺនៅថ្ងៃទី ២៦-២៧-និង២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ក្នុងនោះទូកង ទូកមួង និងចំនួនកីឡាករ តាមក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី ខេត្ត ដែលគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ទទួលបានមានចំនួនសរុប ៣៣៧ទូក និងសរុបកីឡាករ កីឡាការនីចំនួន ២០ ៤១៧ នាក់(ពីរម៉ឺនបួនរយដប់ប្រាំពីរ) ព្រមទាំងប្រទីបចំនួន៣០ ក៏នឹងបណ្តែតឡើងតាមដងទន្លេសាប ពីត្បូងទៅជើង ទើបឈប់ និងចតនៅមុខព្រះបរមរាជវាំង ព្រមទាំងការរៀបចំសាឡង់ឲ្យបានត្រឹមត្រូវនិងមានរបៀបរៀបរយសម្រាប់ដំណើរការអុជកាំជ្រួចពេលល្ងាចរយៈពេល៣ថ្ងៃ ក្នុងនោះមានចំនួន៤ដង ពោលគឺនៅពាក់កណ្តាលអាធ្រាតថ្ងៃទី២ម្តងទៀត ដែលជាយប់អកអំបុកសំពះព្រះខែ ដើម្បីអបអរសាទរព្រះរាជពិធីផងដែរ៕