
សមត្ថកិច្ចឆ្មក់បង្ក្រាបករណីឈ្មួញជួញដូរសត្វព្រៃ និងឆ្អឹងសត្វព្រៃ នៅស្រុកកោះញែក
ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចបាននិយាយថា កម្លាំងចម្រុះរបស់សមត្ថកិចបានឆ្មក់ចូលទៅក្នុងផ្ទះអ្នកជួញដូរសត្វព្រៃដែលជាជនជាតិព្នងចំនួនពីរទីតាំងនៅក្នុងស្រុកកោះញែក កាលពីថ្ងៃទី១៤ កញ្ញាម្សិលមិញ ដោយរឹបអូសបានសាច់សត្វ សត្វរស់ និងឆ្អឹងសត្វជាច្រើននៅក្នុងផ្ទះឈ្មួញដែលធ្វើការជួញដូរសត្វព្រៃទាំងនេះ ។
ទីតាំងទីមួយនៅចំណុចផ្ទះឈ្មោះ វិះ មុំ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិព្នង មានទីលំនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ វត្ថុតាងចាប់បានរួមមាន៖
១/ សត្វឈ្លូសចំនួន ២ក្បាល ទម្ងន់ ២៧.៥គីឡូ
២/ ស្នែងឈ្លូសចំនួន ៤ក្បាល
៣/ ស្នែងទន្សោងចំនួន១ ក្បាល
៤/ ទ្រូងអណ្ដើកចំនួន ៤ ទម្ងន់ ០.៥គីឡូ ។
ទីតាំងទីពីរចំណុចផ្ទះឈ្មោះ ស្រឹ អ៊ួង ភេទស្រី អាយុ ៦៨ឆ្នាំ ជនជាតិ ព្នង មានទីលំនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
ចំណែកវត្ថុតាងដែលរឹបអូសបានរួមមាន៖
១/ ជ្រូកព្រៃចំនួន ៤ក្បាល ទម្ងន់៨១គីឡូ
២/ ឈ្លូសចំនួន ១ក្បាល ទម្ងន់១៣គីឡូ
៣/ សំពោច ១ក្បាល ទម្ងន់ ២គីឡូ
៤/ សត្វស្វារស់ចំនួន ៣ក្បាល ។
ក្រុមកម្លាំងសមត្ថកិច្ចចម្រុះបានដឹកជញ្ជូនសម្ភារៈ និងវត្ថុតាងទាំងអស់យកទៅផ្នែករដ្ឋបាលព្រៃឈើកោះញែក ចំណែកជនសង្ស័យទាំងពីរនាក់ ត្រូវបានឱ្យធ្វើកិច្ចសន្យាបញ្ឈប់ និងពិន័យអន្តរៈកាល ដោយឡែកសាច់សត្វព្រៃទាំងអស់ត្រូវបានក្រុមការងារដុតបំផ្លាញចោល ៕