​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា និង​លោកស្រី Sandrine Boucher នាយិកា AFD ប្រចាំ​កម្ពុជា​

នៅ​ទីស្តីការក្រសួង នា​រសៀល​ថ្ងៃ​ពុធ ៦​កើត ខែ​ភទ្របទ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ទទួល​ជួប​គណៈប្រតិភូ​បារាំង​ដឹកនាំ​ដោយ​ឯកឧត្ដម Jacques PELLET ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​បារាំង និង​លោកស្រី Sandrine BOUCHER នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) ដើម្បី​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត Jacques PELLET លោកស្រី Sandrine Boucher នាយិកា AFD និង​គណៈប្រតិភូ ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​មួយចំនួន​សម្រាប់​កិច្ចសហប្រតិបត្តិកា​ររ​បស់​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​ធនធានទឹក និង​ឧតុនិយម​។​

​ជាមួយគ្នានេះដែរ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​តាមរយៈ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏ដូចជា​លោកស្រី​នាយិកា ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការដឹងគុណ​ចំពោះ​សាធារណរដ្ឋ​បារាំង ជាពិសេស AFD ដែល​ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​មក​នេះ តែងតែ​ផ្តល់នូវ​ការឧបត្ថម្ភ និង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ពលរដ្ឋ​កម្ពុជា ទាំង​ជំនួយ​បច្ចេកទេស​និង​ហិរញ្ញវត្ថុ​លើ​គ្រប់​វិស័យ ជាពិសេស​ការស្តារ​និង​អភិវឌ្ឍន៍​វិស័យ​ធនធានទឹក និង​ឧតុនិយម​នៅ​កម្ពុជា​។​

​សូមជម្រាបថា ក្នុង​រយៈពេល ១០​ឆ្នាំ​ចុងក្រោយ​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម​ទទួល​សមិទ្ធផល​គម្រោង​ចំនួន​ពីរ ដែល​គាំទ្រ​ដោយ​ហិរញ្ញប្បទាន​របស់ AFD ក្នុងនោះ​មាន​គម្រោង​មួយ​បាន​បញ្ចប់ និង​គម្រោង​មួយទៀត​កំពុង​អនុវត្ត​គឺ​៖ ទី​១.​គម្រោង WASP (Water Agricultural Sector Project) រយៈពេល ៥​ឆ្នាំ​(២០១៥-២០១៩)​ដែល​បាន​បញ្ចប់ ស្ថិតនៅក្នុង​ខេត្ត​កណ្តាល ខេត្ត​កំពង់ធំ ខេត្តសៀមរាប និង​ខេត្ត​បន្ទាយមានជ័យ​។ ទី​២.​គម្រោង WAT4CAM ដំណាក់កាល​ទី​១(​កំពុង​អនុវត្ត​) ដែល​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៩ នៅក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ​។​

​បច្ចុប្បន្ន​នេះ​មាន​គម្រោង​និង​កម្មវិធី​ចំនួន​ពីរ ដែល​ស្ថិត​ក្រោម​កិច្ចសហប្រតិបត្តិការ​ហិរញ្ញប្បទាន​របស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​(AFD) ដែល​ក្នុងនោះ​មាន​៖ ទី​១.​កម្មវិធី WAT4CAM ដំណាក់កាល​ទី​១ កំពុង​អនុវត្ត និង​គ្រោង​បញ្ចប់​ក្នុង​ឆ្នាំ​២០២៥ និង​ទី​២.​ការស្ដារ​អាង​ស្ទឹង​ស្វាយចេក បាន​និង​កំពុង​សិក្សា​អំពី​សមិទ្ធ​លទ្ធភាព (Feasibility study) ដែល​គ្រោង​បញ្ចប់​ក្នុង​ខែវិច្ឆិកា​។​

​ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​ភាគី​បារាំង​ថា ឯកឧត្តម​កំពុង​ពិចារណា​អំពី​លទ្ធភាព​ក្នុង​ការរៀបចំ​វេទិកា​ប្រចាំ​ឆ្នាំ​រវាង​ដៃគូ​អភិវឌ្ឍន៍​ជា​មួយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ការវិនិយោគ​លើ​វិស័យ​ធនធានទឹក និង​ឧតុនិយម​នៅ​កម្ពុជា​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ភាគី​បារាំង ជាពិសេស AFD ជួយ​កៀរគរ​ដៃគូ​អភិវឌ្ឍន៍​ដទៃ​ទៀត​ឱ្យ​ចូលរួម​ចំណែក​ក្នុង​ការស្តារ​និង​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​ធនធានទឹក និង​ឧតុនិយម​នៅ​កម្ពុជា​ផងដែរ​។​

​គួរបញ្ជាក់​ថា កិច្ច​ពិភាក្សា​បាន​ផ្តោត​លើ​គម្រោង​ដែល​បាននិងកំពុង​អនុវត្ត និង​កិច្ចសហប្រតិបត្តិការ សក្តានុពល​រវាង​ភាគី​បារាំង​និង​រាជរដ្ឋាភិបាល​កម្ពុជា​។ ដោយឡែក​លើ​វិស័យ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានទឹក និង​ឧតុនិយម ចាប់ពី​ឆ្នាំ​១៩៩៣ រហូតដល់​បច្ចុប្បន្ន ភាគី​បារាំង ជាពិសេស AFD នៅតែ​ជា​ដៃគូ​ដ៏​សំខាន់​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ក្នុង​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​ការឆ្លើយតប​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​។​

​ជំនួប​ពិភាក្សា​បាន​បញ្ចប់​ក្រោម​បរិយាកាស​រីករាយ​និង​ស្និទ្ធស្នាល ហើយ​ភាគី​ទាំងពីរ​បាន​បង្ហាញ​នូវ​សុច្ឆន្ទៈ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ធនធានទឹក និង​ឧតុនិយម​ឱ្យ​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចម្រើន​បន្ថែម​ទៀត​៕