ទីតាំង​រូបសំណាក សេះ​សមុទ្រ​បាញ់​ទឹក គឺជា​កន្លែង​ដែល​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ​ចូល​លេង​កម្សាន្ត​ក្នុង​ក្រុង​កំពត​

ខេត្ត​កំពត​៖ យ៉ាងណា​ក៍ដោយ ទោះបី​មិន​ទាន់​បាន​សម្ពោធ​ជា​ផ្លូវការ​ក្តី ទីតាំង​រូបសំណាក ត្រី​សេះ​សមុទ្រ​បាញ់​ទឹក គឺ​ជា​គោលដៅ​ចម្បង​របស់​ភ្ញៀវ​ដែល​ធ្វើដំណើរ​ឆ្ពោះ​មក​កម្សាន្ត​ក្នុង​ក្រុង​កំពត​។

​សម្រាប់​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ទីលាន​រូបសំណាក ត្រី​សេះ​សមុទ្រ​បាញ់​ទឹក ស្ថិតនៅ​លំដាប់​ទី​១ ខណ​:​ដែល​បរិវេណ​តំបន់​ត្រជាក់​រង្វង់​មូល​ទុរេន ឈរ​នៅ​លំដាប់​បន្ទាប់​ដែល​ភ្ញៀវ​ពេញនិយម​។​

​លោក គឹម ប៊ុនថន អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត​បាន​ប្រាប់ឱ្យដឹង​ថា ក្នុងចំណោម​ទេសចរ​ជិត ១​លាន ៤​សែន​នាក់​ដែល​បាន​ចូល​មក​កម្សាន្ត​នៅ​ខេត្ត​កំពត នា​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​កន្លងទៅ ក្រុង​កំពត​ទទួល​ភ្ញៀវ​បាន​ជាង ១​លាន ២​សែន​នាក់​។​

​សម្រាប់​ក្រុង​កំពត​រយ​:​ពេល ៤​ថ្ងៃនោះ គឺ​ភ្ញៀវ​ជិត​ឆ្ងាយ​និយម​ចូលចិត្ត​ទីតាំង​រូបសំណាក ត្រី​សេះ​សមុទ្រ​បាញ់​ទឹក ខ្លាំងជាងគេ បន្ទាប់​មក​បរិវេណ​តំបន់​ត្រជាក់​រង្វង់​មូល​ទុរេន ស្ថិតនៅ​លំដាប់​ទី​២​។

​លោក​អនុប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា វត្ត​មាន​ភ្ញៀវ​កើន​ឡើង​នៅ​ទីតាំង​តំបន់​ត្រជាក់​រង្វង់​មូល​ទុរេន មានតែ​វេលា​រសៀល​ស្របពេល​ដែល​ពិធី​បាញ់​ទឹក​រាំ​លេង​កម្សាន្ត​ដំណើរការ​ប៉ុណ្ណោះ​។ ប៉ុន្តែ​នៅ​បរិវេណ​រូបសំណាក ត្រី​សេះ​សមុទ្រ​បាញ់​ទឹក គឺ​កុះក​រទាំង​ព្រឹក រសៀល និង​យប់ គឺ​មាន​តាំងពី​មុន​ថ្ងៃ​ចូលឆ្នាំ​ម្ល៉េះ​។ ជាទូទៅ ឆ្នាំ​នេះ​នៅ​តាម​រមណីយដ្ឋាន​នានា​មិនសូវ​សម្បូរ​ភ្ញៀវទេសចរ​នោះទេ ពោល​គឺ​ភ្ញៀវ​ហាក់​មាន​ការថយចុះ បែរ​ជា​កើនឡើង​ក្នុង​ក្រុង​កំពត​ទៅវិញ​។​

​សូមបញ្ជាក់​ថា តាម​របាយការណ៍​ដែល​ទទួលបាន​ពី​មន្ទីរ​ទេសចរណ៍​គឺ​រយៈពេល ៤​ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ខេត្ត​កំពត​ទទួលភ្ញៀវ​ទេសចរ​បាន ១.៣៩៩.៨៩៧​នាក់ ក្នុងនោះ​ភ្ញៀវ​មក​លេង​កម្សាន្ត និង​ថតរូប​អនុស្សាវរីយ​នៅ​ទីតាំង​រូបសំណាក ត្រី​សេះ​សមុទ្រ​បាញ់​ទឹក ក្រុង​កំពត មាន​ចំនួន ១.២៤៥.៤២២​នាក់ ចំណែកឯ​នៅ​តាម​រមណីយដ្ឋាន​នានា​មាន​ចំនួន ១៥៤.៩៥៣​នាក់​៕