​រដ្ឋាភិបាល​យេ​ម៉ែន​និយាយថា កងកម្លាំង​សហរដ្ឋអាមេរិក និង​អង់គ្លេស​វាយប្រហារ​សំដៅលើ​ក្រុម Houthi ដោយ​បាន​សម្លាប់​មនុស្ស ១១​នាក់​

Reuters៖ អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ដែល​ទទួលស្គាល់​ជា​អន្ត​រ​ជាតិ​របស់​ប្រទេស​យេ​ម៉ែន​បាន​ប្រាប់​សារ​ព័ត​មាន​រ៉​យ​ទ័​រថា កាលពី​ថ្ងៃ​ចន្ទ ការវាយប្រហារ​តាម​ដែនអាកាស​ដែល​សន្មត​ថា ជា​សម្ព័ន្ធភាព​រវាង​សហរដ្ឋអាមេរិក និង​អង់គ្លេស​បាន​វាយប្រហារ​លើ​ទីក្រុង​កំពង់ផែ និង​​ទីប្រជុំជន​តូចៗ នៅ​ភាគ​ខាងលិច​ប្រទេស​យេ​ម៉ែន ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១១​នាក់ និង​បាន​បង្ក​ឲ្យ​រងរបួស ១៤​នាក់ ស្របពេល​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​ការពារ​ការដឹកជញ្ជូន​ពាណិជ្ជកម្ម​។​

​បើ​យោង​តាម​សារព័ត៌មាន Al Masirah ដែល​ជា​សារព័ត៌មាន​ទូរទស្សន៍​សំខាន់​ដែល​គ្រប់គ្រង​ដោយ​ក្រុម Houthi បានឲ្យដឹងថា យ៉ាងហោច​ណាស់​មានការ​វាយប្រហារ​តាម​ដែនអាកាស​ចំនួន ១៧​លើក ត្រូវបាន​រាយការណ៍​នៅក្នុង​ប្រទេស រួម​ទាំង​នៅក្នុង​ទីក្រុង​កំពង់ផែ Hodeidah និង​នៅ​កំពង់ផែ Ras Issa ដ៏​សំខាន់​។​

​ការវាយប្រហារ​នេះ​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​មាន​ការស្លាប់​របស់​ជន​ស៊ីវិល​ជា​លើកដំបូង និង​ការបាត់បង់​នាវា​ចាប់តាំងពី​ក្រុម Houthis ជា​សម្ព័ន្ធមិត្ត​អ៊ីរ៉ង់​បានចាប់ផ្តើម​វាយប្រហារ​លើ​ការដឹកជញ្ជូន​ពាណិជ្ជកម្ម​កាលពី​ខែ​វិច្ឆិកា ក្នុង​សាមគ្គីភាព​ជាមួយ​ប៉ាឡេ​ស្ទីន​ដែល​រង​ការវាយប្រហា​រដោយ​អ៊ីស្រាអែល​។ ការវាយប្រហារ​នេះ​ក៏​កើតឡើង​ចំ​ថ្ងៃ​ទី​មួយ​នៃ​ខែ​បុណ្យ​សាសនា Ramadan របស់​សាសនា​អ៊ីស្លាម ដែល​ជា​រយៈពេល​ត្រូវ​តម​អាហារ​សម្រាប់​អ្នក​កាន់​សាសនា​អ៊ីស្លាម​ដែរ​។​

​ទោះបីជា​មាន​ការ​សងសឹក​ពី​សម្ព័ន្ធ​សហរដ្ឋអាមេរិក និង​អង់គ្លេស រួម​ទាំង​កងទ័ព​ជើង​ផ្សេង​ទៀត​ក៏​ដោយ ក៏​ក្រុម Houthis បាន​បង្កើន​យុទ្ធនាការ​វាយប្រហារ​លើ​នាវា​ពាណិជ្ជកម្ម​ជាច្រើន​គ្រឿង​នៅ​ក្នុង​ផ្លូវ​ដឹកជញ្ជូន​ដ៏​មមាញឹក​បំផុត​មួយ​របស់​ពិភពលោក​។​