រថភ្លើង​ល្បឿន​លឿន​-​ភ្នំពេញ​ប៉ោយប៉ែត​គ្រោង​ចំណាយ ជាង​៤​ពាន់​លាន​ដុល្លារ ប្រើ​ពេល​ប្រហែល​៤​ឆ្នាំ​

​ភ្នំពេញ​៖ នៅក្នុង​កិច្ចប្រជុំ​មួយ​រវាង​ក្រុម​មន្ត្រី​ក្រសួង​សា ធា​រណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន – ថ្នល់​ចិន (CRBC) បាន​វាយតម្លៃ​ថា គម្រោង​រថភ្លើង​ល្បឿន​លឿន​ភាគ​ខាងជើង ភ្នំពេញ​-​ប៉ោយ​ប៉ែត គ្រោង​ចំណាយ​ប្រាក់​ជាង​៤​ពាន់​លាន​ដុល្លារ និង​ចំណាយពេល​ប្រហែល​៤​ឆ្នាំ ។​

​ក្រសួង​បានឲ្យ​ដឹង​តាមរយៈ​ការសិក្សា​បឋម​នេះ​ថា ៖ គម្រោង​នេះ​មាន​ប្រវែង​សរុប​ប្រមាណ ៣៨២​គ​.​ម ត្រូវការ​ទុន​វិនិយោគ​ប្រមាណ​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​រួម​បញ្ចូល​ទាំង​ក្បាល និង​ទូរថភ្លើង​សម្រាប់​ដំណើរការ និង​ប្រើប្រាស់​រយៈពេល​សាងសង់​ប្រមាណ ៤​ឆ្នាំ​។ ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ មាន​ខ្នាត​ទទឹង​ប្រវែង ១.៤៣៥ ម​ម ល្បឿន​សម្រាប់​ធ្វើ​ចរាចរណ៍​គឺ ១៦០​គ​.​ម​/​ម៉ និង​មាន​ស្ថានីយ​សរុប​ចំនួន​៣៣ សម្រាប់​ដំណើរការ (​ស្ថានីយ​ចំនួន​១៩ ក្នុង​ផែនការ​រយៈពេល​ខ្លី និង​គ្រោង​បន្ថែម​ចំនួន ១៤​ទៀត ក្នុង​ផែនការ​រយៈពេល​វែង​)​។

​ក្នុងនោះដែរ ខ្សែរ​រថភ្លើង​ត្រូវ​បំពាក់​ប្រភេទ​ក្បាលរថភ្លើង ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី ដោយ​មាន​ការសាងសង់​ផ្លូវអាកាស​រំលង​កាត់​ទទឹង​ផ្លូវ​ប្រមាណ​ជាង ៣០០​កន្លែង ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​ត្រង់​ចំណុច​ប្រសព្វ​ជាមួយ​ផ្លូវថ្នល់ និង​មាន​បែងចែក​ដាច់​ពីគ្នា រវាង​ស្ថានីយ​អ្នក ដំណើរ និង​ស្ថានីយ​លើកដាក់​ទំនិញ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ (​មួយ​នៅ​ស្ថានីយ​ភ្នំពេញ​សម្រាប់​អ្នកដំណើរ និង​មួយទៀត​នៅ​ស្ថានីយ​សំរោង​សម្រាប់​លើកដាក់​ទំនិញ​) ៕​