ជំនួប​រវាង​ឯកឧត្តម​បណ្ឌិត ថោង ខុន និង​ប្រធាន FEI ជំរុញ​ដល់​ការ​ពិនិត្យ​លទ្ធភាព កីឡា​ជិះសេះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី ឆ្នាំ​២០២៩ នៅ​កម្ពុជា​

ឯកឧត្តម​បណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​ជំរុញ​អភិវឌ្ឍ​ចលនា​កីឡា និង​ជា​ប្រធាន គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា (NOCC) បានអនុញ្ញាត​ឱ្យ លោក Ingmar DE VOS ប្រធាន​សហព័ន្ធ​កីឡា បង្ហាត់​ជិះសេះ​អន្តរជាតិ (FEI) និង​ជា​សមាជិក គណៈកម្មាធិការ អូឡាំពិក​អន្តរជាតិ (IOC) និង​ជា​សមាជិក​ទីភ្នាក់ងារ ប្រឆាំង​សារធាតុ ដូ​ប៉ា​ពិភពលោក (WADA) ពិភាក្សា ក្នុង​ការ​បន្ត​គាំទ្រ ដល់​ការអភិវឌ្ឍ​កីឡា ជិះសេះ​នៅ​កម្ពុជា ហើយ​ក្នុងនោះ ប្រភេទ​កីឡា​ជិះ​សេះ ក៏​ត្រូវបាន​ជំរុញ​ឱ្យ មាន​ការ​ពិនិត្យ​លទ្ធភាព ក្នុង​ការជំរុញ ដល់​ការបញ្ចូល​ប្រភេទ​កីឡា​ជិះ​សេះ ទៅក្នុង​ការប្រកួត​កីឡា យុវជន​អាស៊ី លើក​ទី​៥ ឆ្នាំ​២០២៩ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​។​

​ជំនួប​រវាង​ឯកឧត្តម​បណ្ឌិត ថោង ខុន ជាមួយ លោក Ingmar DE VOS ប្រធាន សហព័ន្ធ​កីឡា បង្ហាត់​ជិះសេះ អន្តរជាតិ ត្រូវបាន​ធ្វើឡើង នៅ​ទីស្នាក់ការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា​។ បន្ទាប់​ពី សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះ​រាជានុញ្ញាត​ឱ្យ​ប្រតិភូ​សហព័ន្ធ​កីឡា​បង្ហាត់​ជិះសេះ​អន្តរជាតិ​ចូល​ក្រាបថ្វាយបង្គំ​គាល់ នា​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៤ នៅ​ព្រះបរមរាជវាំង​។​

​នៅក្នុង​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នេះ ឯកឧត្តម​បណ្ឌិត ថោង ខុន ផ្តោត​សំខាន់​លើ​ការពិភាក្សា ក្នុង​ការ​បន្ត​គាំទ្រ ដល់​ការអភិវឌ្ឍ​កីឡា ជិះសេះ​នៅ​កម្ពុជា តាមរយៈ​ការពិនិត្យ​លទ្ធភាព ក្នុង​ការជំរុញ ដល់​ការបញ្ចូល​ប្រភេទ​កីឡា ជិះ​សេះ ទៅក្នុង​ការប្រកួត​កីឡា​កម្រិត​តំបន់ នាពេល​អនាគត ជា​ពិសេស​ពិនិត្យ​លទ្ធភាព ក្នុង​បញ្ចូល​ប្រភេទ​កីឡា​ជិះសេះ​ក្នុង​ការប្រកួត​កីឡា​យុវជន​អាស៊ី លើក​ទី​៥ ឆ្នាំ​២០២៩ នៅ​កម្ពុជា ដែល​ទាមទារ​ឱ្យ​មាន​ការវាយតម្លៃ​យ៉ាង​ហ្មត់ចត់​ពី​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី (OCA) ស្របតាម​ស្តង់ដារ​កំណត់​បច្ចេកទេស ដូច​ការរៀបចំ​ការប្រកួត​កីឡា​អូឡាំពិក​ដែរ​។​

​ជាមួយគ្នានេះ ឯកឧត្តម​បណ្ឌិត ថោង ខុន ក៏ដូចជា​ស្នើសុំ​ការគាំទ្រ​ពី​សហព័ន្ធ​កីឡា​បង្ហាត់​ជិះសេះ​អន្តរជាតិ លើ​ការរៀបចំ​អភិវឌ្ឍ​ធនធាន​អត្ត​ព​លិក​, ធនធាន​បច្ចេកទេស​-​ជំនាញ​ថែទាំ​សេះ និង​ការសាងសង់​ទីលាន​ប្រកប​តាម​ស្តង់ដារ​អន្តរជាតិ ដើម្បី​ស្នើសុំ​រាជរដ្ឋាភិបាល ក្នុង​ការ​ពិនិត្យ​លទ្ធភាព​បញ្ចូល​ប្រភេទ​កីឡា​ជិះសេះ​ក្នុង​ការប្រកួត​កីឡា​យុវជន​កម្រិត​អាស៊ី នា​ឆ្នាំ​២០២៩​។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន ក៏បាន​ថ្លែងអំណរគុណ​ដល់​សហព័ន្ធ​កីឡា​បង្ហាត់​ជិះសេះ​អន្តរជាតិ ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​គម្រោង “​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​ក្មេងស្រី​ក្រីក្រ​” របស់​សហព័ន្ធ​លើ​ការបង្កើត​កម្មវិធី​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ជំនាញ​អ្នក​ថែទាំ​សេះ​នៅ​កម្ពុជា ដែល​គម្រោង​នេះ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​សហព័ន្ធ​ក្នុង​ការបណ្តុះបណ្តាល​អ្នក​ថែទាំ​សេះ​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់ ក្នុង​ទិសដៅ​បន្ត​ជំរុញ​អភិវឌ្ឍ​កីឡា​ជិះសេះ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ប្រជាប្រិយភាព និង​ក្លាយជា​ប្រភេទ​កីឡា​ដ៏​មាន​សក្កា​នុព​ល​ផងដែរ​។​

​គួរបញ្ជាក់​ថា ជំនួប​សម្តែង​ការគួរសម​នេះ​មាន​សមាសភាព​ប្រតិភូ​កីឡា​ជិះសេះ​អន្តរជាតិ​អមដំណើរ​ដោយ​លោក Jack HUANG អនុប្រធាន FEI និង​លោកស្រី June YU ប្រធាន​គ្រប់គ្រង​ផ្នែក​សារព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ​។ រីឯ​សមាសភាព​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ មាន​លោកស្រី ទេព ម៉ូ​ណា ប្រធាន​សហព័ន្ធ​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ និង​ព្រះអង្គម្ចាស់ នរោត្តម ណាន​ដា ទេវី អគ្គលេខាធិការ និង​សមាជិក​មួយចំនួន​ទៀត​៕​