រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​បិទ​ព្រឹត្តិការណ៍​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២៣

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​បិទ​ព្រឹត្តិការណ៍​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២៣ ​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​បិទ​ព្រឹត្តិការណ៍​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២៣ រៀបចំឡើង​ដោយ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ នៅ​ល្ងាច​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នា​ភូមិ​អន្លង់ត្នោត ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង (​ក្នុង​ដី​ឡូដ៍​ជិត​ច្រមុះជ្រូក រូប​សំណាក​ព្រះ​គោ​ព្រះ​កែវ​)​។​

​ព្រឹត្តិការណ៍​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២៣ បាន​ប្រារព្ធ​បើក​កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២៤ រៀបចំឡើង​ដោយ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​
​សហការ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​អភិវឌ្ឍន៍ ក្រុមហ៊ុន វឌ្ឍន​: ប្រ៊ូ​វើរី Krud , Krud Cola ,Krud Ice និង V-Active Sports ដោយ​មាន​ការផ្សាយ​ផ្ទាល់​តាមរយៈ ទូរទស្សន៍​ជាតិ​កម្ពុជា ។​

​សម្រាប់​ព្រឹត្តិការណ៍​ការប្រកួត​កីឡា ប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២៣ ធ្វើឡើង​ដើម្បី​លើកកម្ពស់ និង​ផ្សព្វផ្សាយ​ក្បាច់គុន​បុរាណ​ខ្មែរ ដល់​សាធារណៈជន​ទាំង​ក្នុង​និង​ក្រៅប្រទេស និង​អន្តរជាតិ​ឲ្យបាន​ស្គាល់ និង​យល់​ច្បាស់​អំពី​គុណ​តម្លៃ​នៃ​ក្បាច់គុន​បុរាណ​ខ្មែរ ជាពិសេស​ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ​-​កីឡា​ការិនី ដែល​មាន​សក្តានុពល សម្រាប់​ប្រមូលផ្តុំ​ជា​ក្រុម​ជម្រើស​ជាតិ ហ្វឹក ហាត់​ត្រៀមលក្ខណៈ​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នានា ៕