
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញធ្វើជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីចែករំលែកបទពិសោធន៍ទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ ជូនដល់និស្សិតចំនួន ៨៧១ អង្គ នាក់ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញធ្វើជាវាគ្មិនកិត្តិយសក្នុងកម្មវិធីចែករំលែកបទពិសោធន៍ ចំណេះដឹងទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ រួមទាំងការវិវឌ្ឍនៃប្រពន្ធ័ផ្សព្វផ្សាយ និងទិដ្ឋភាពប្រពន្ធ័ផ្សព្វផ្សាយនៅកម្ពុជា បញ្ហាប្រឈមនីមួយៗ ក៏ដូចជាយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មាន ជូនដល់និស្សិតចំនួន ៨៧១ អង្គ នាក់ មកពីមហាវិទ្យាល័យ ព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលសន្និសីទ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានជម្រាបជូនថា សាកលវិទ្យាល័យ បាននឹងកំពុងធ្វើការបណ្តុះបណ្តាលនិស្សិត ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើ១២ មហាវិទ្យាល័យ និង ៤២ មុខ ជំនាញ ស្របតាមតម្រូវការជាក់ស្តែង នៃទីផ្សារការងារនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។
ឯកឧត្តម សាកលវិទ្យាធិការ បានគួសបញ្ជាក់ថា កម្មវិធីចែករំលែកបទពិសោធន៍ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់និស្សិត សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀងរាល់ឆមាស ក្នុងគោលបំណងចង់ឲ្យនិស្សិតទទួលបានចំណេះដឹងល្អៗ និងបទពិសោធន៍ថ្មីៗ ពីសំណាក់ វាគ្មិនកិត្តិយសល្បីៗ ទាំងក្នុង និងក្រៅប្រទេស បន្ថែមពីលើការសិក្សាជាមួយសាស្ត្រាចារ្យក្នុងថ្នាក់ស្របតាមបាវចនា ប៊ែលធីគឺ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានរំលឹកពីកិច្ចសហប្រតិបត្តិការរវាង ក្រសួងព័ត៌មាន និងសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ដោយបានចុះ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ដែលជាការផ្សារភ្ជាប់រវាងការសិក្សាទ្រឹស្តីនៅសាលា និងការអនុវត្តការងារជាក់ស្តែង ដែលនឹងបើកលទ្ធភាពឱ្យនិស្សិតអាចមកបំពេញទស្សនកិច្ចសិក្សា និងកម្មសិក្សាជាមួយ អគ្គនាយកដ្ឋានជំនាញនៃក្រសួងព័ត៌មាន។
ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថាកន្លងមកយើងគិតតែពីការសិក្សាទ្រឹស្តី តែពេលរៀនចប់ចូលធ្វើការងារចាប់ផ្តើមរៀនសារជាថ្មីម្តងទៀត ដោយសារយើងមិនបានផ្សារភ្ជាប់រវាងទ្រឹស្តី និងការអនុវត្ត ដែលធ្វើអោយបាត់នូវការតម្រង់ទឹស ហើយនិស្សិតមួយចំនួនចូលធ្វើការងារមិនចំមុខជំនាញ ។
ដូច្នេះសម្រាប់ឱកាសនៃកម្មវិធីចែករំលែកបទពិសោធន៍ នេះ ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើការផ្តល់នូវផ្តល់ព័ត៌មាន ដល់ប្អូនៗនិស្សិត នៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ហើយក្នុងជាមួយគ្នានេះ ឯកឧត្តម បានលើកពីប្រវត្តិនៃការសិក្សាបានជួបការលំបាកជាច្រើន ហើយជាសិស្សស្នាក់នៅវត្ត ដើម្បីបន្តការសិក្សារៀនសូត្ររហូតបានប្រឡងជាប់អាហារូបករណ៍នៅវិទ្យាស្ថានភាសាបរទេស ដេប៉ាតឺម៉ង់ ផ្នែកឯកទេសសារព័ត៌មាន ឯកទេសភាសាបារាំង និងភាសាវិទ្យា ។
ឯកឧត្តម បានលើកជាបទពិសោធន៍កាលពីជំនាន់នោះ ដោយបានគិតថាតើយើង “ រៀនដើម្បីរង់ចាំទីផ្សារ ឬរៀនដើម្បីឆ្លើយតបតម្រូវការទីផ្សារ “ ជាជម្រើសគឺបានយកជំនាញសារព័ត៌មាន ដោយសារគិតថាប្រពន្ធ័ផ្សព្វផ្សាយគឺមានទីផ្សាររហូត ហើយប្រទេសនីមួយៗ ប្រជាពលរដ្ឋត្រូវការជានិច្ចព័ត៌មាន ។ ដូច្នេះនៅពេលរៀនចប់ យើងមានការងារធ្វើ មានប្រាក់ចូលអាចរៀនបន្តទៀតដើម្បីអភិវឌ្ឍន៍សមត្ថភាពបានកាន់តែរឹងមាំ ។
ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបជូនដែរថា បច្ចុប្បន្ននេះ ប្រពន្ធ័ផ្សព្វផ្សាយចែកចេញ ២ ប្រភេទ គឺទី១ ប្រពន្ធ័ផ្សព្វផ្សាយបុរាណ មាន វិទ្យុ ទូរទស្សន៍ កាសែត និងទស្សនាវដ្តី ។ ទី២ ប្រពន្ធ័ផ្សព្វផ្សាយទំនើប រួមមាន TV Online Facebook TikTok Telegram WeChat ជាដើម ហើយពេលនេះដែរ បណ្តាញផ្សព្វផ្សាយសង្គម Facebook និង TikTok បានក្លាយជាមូលដ្ឋានគ្រឹះរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មាន ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ជម្រាបជូនពី យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រយៈពេល ៥ឆ្នាំ របស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយបានដាក់ចេញនូវគោលនយោបាយបន្ថែមមួយ ទៀត ក្រៅពីគន្លឹះអាទិភាព មនុស្ស ផ្លូវ ទឹក ភ្លើង គឺបច្ចេកវិទ្យា” ជាពិសេស គឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី ៤ និង បរិ- វត្តកម្មឌីជីថលនៃ សេដ្ឋកិច្ច និងសង្គម កម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និង មធ្យោបាយដ៏សំខាន់ នៃការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០។
ឯកឧត្តម បានបញ្ជាក់ថា អ្វីដែរសំខាន់ដែលរាជរដ្ឋាភិបាល បាននឹងធ្វើគឺពង្រឹងការអភិវឌ្ឍមូលធនមនុស្ស ដោយផ្តោត ៣សំខាន់ ។
ទី១ ជាធនធានមនុស្សប្រកបដោយចំណេះដឹង
ទី២ គុណាធិបតេយ្យ សំដៅលើសមត្ថភាព និងស្នាដៃ ។
ទី៣ សីលធម៍ គុណធម៍ និងមានសុខភាពល្អ ។
ទី៤. ការពង្រឹងប្រព័ន្ធគាំពារសង្គម និង ប្រព័ន្ធស្បៀង។
ទី៥. ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីល- ធម៌, សមធម៌ និង បរិយាបន្ន ៕