អភិបាល​ខេត្ត​កំពត​ថា វិស័យ​អប់រំ​គឺជា​វិស័យ​គ្រឹះ​មួយ​ដែល​ធ្វើឱ្យ​ប្រទេសជាតិ​មាន​ភាពរឹងមាំ​

​ខេត្ត​កំពត​៖ វិស័យ​អប់រំ​គឺជា​វិស័យ​អាទិភាព​មួយ​ដែល​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់ ជ្រោមជ្រែង ព្រមទាំង​ធ្វើការ​កំណែរ​ទម្រង់​ផ្សេងៗ​ធ្វើយ៉ាងណា​ឱ្យ​ការបណ្តុះបណ្តាល​មាន​ប្រសិទ្ធភាព​ខ្ពស់ ពិសេស​ជំរុញ​ឱ្យមាន​សាលារៀន​នៅ​គ្រប់​ទីកន្លែង ទោះ​នៅ​តំបន់​ដាច់ស្រយាល​យ៉ាងណាក៏ដោយ​។ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បានចាត់ទុក​គុណភាព​អប់រំ​គឺជា​កត្តា​សំខាន់​ក្នុង​ការធានា​ថា​សិស្សានុសិស្ស​ត្រូវបាន​បំពាក់​ដោយ​ចំណេះដឹង និង​ជំនាញ​អនុវត្ត​ជាក់ស្តែង​ដែល​អាច​ប្រកួតប្រជែង​ជាមួយនឹង​ស្តង់ដារ​តំបន់ និង​អន្តរជាតិ​។​

​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​កំពត និង​បុគ្គលិក​សិក្សា​នៅ​ទូទាំង​ខេត្ត​កំពត ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បាន​លើកឡើង​ថា ក្រោយ​ប្រទេស​កម្ពុជា​មាន​សុខសន្តិភាព ដែល​យក​មក​ដោយ​លំបាក ដោយ​ការលះបង់​របស់​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រហូតមកដល់​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី វិស័យ​អប់រំ​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់ និង​ធ្វើ​កំណែរ​ទម្រង់​ជាច្រើន​ក្នុងន័យ​ធ្វើយ៉ាងណា​ឱ្យ​ការបណ្តុះបណ្តាល​ចំណេះដឹង​ដល់​សិស្សានុសិស្ស​មាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​បាន​ចាត់ទុក​គុណភាព​អប់រំ​គឺជា​កត្តា​សំខាន់​ក្នុង​ការធានា​ថា សិស្សានុសិស្ស​ត្រូវបាន​បំពាក់​ដោយ​ចំណេះដឹង និង​ជំនាញ​ពិតប្រាកដ​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តថា ក្រោម​ការយកចិត្តទុកដាក់ និង​គិតគូ​ជា​អាទិភាព​លើ​វិស័យ​អប់រំ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី តែងតែ​ដាក់ចេញ​នូវ​យន្តកា​រណ៍ គោលនយោបាយ ពិសេស​កិច្ច​ចង្អុល​ការសំខាន់ៗ​មកកាន់​រដ្ឋបាល​រាជធានី​-​ខេត្ត ជា​រៀងរាល់ថ្ងៃ​ឱ្យ​ត្រួតពិនិត្យ និង​តាមដាន​ជានិច្ច​នូវ​គុណភាព​សិក្សា ព្រម​ទាំង​តម្រូវការ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ​។

​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្ថែមថា វិស័យ​អប់រំ​បច្ចុប្បន្ន​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកជា​វិស័យ​អាទិភាព​សំខាន់​មួយ​ក្នុង​យុទ្ធសាស្ត្រ​បញ្ជ​កោណ​ដំណាក់កាល​ទី​១ ដែល​ទាមទា​ឱ្យ​បុគ្គលិក​សិក្សា​ទាំងអស់​ត្រូវ​ខិតខំ​បញ្ចេញ​សមត្ថភាព​ក្នុង​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ឱ្យ​ទទួលបាន​ចំណេះដឹង​ខ្ពស់ មាន​គុណភាព និង​មាន​ជំនាញ​អនុវត្ត​ជាក់ស្តែង​ដែល​អាច​ប្រកួតប្រជែង​ជាមួយ​នឹង​ស្តង់ដារ​តំបន់ និង​អន្តរជាតិ ហើយ​វិស័យ​អប់រំ​នេះហើយ​គឺជា​វិស័យ​គ្រឹះ​មួយ​ដែល​ធ្វើឱ្យ​ប្រទេសជាតិ​មាន​ភាពរឹងមាំ ព្រមទាំង​មាន​ការរីកចម្រើន​ឆាប់រ​ហ័យ​។​

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ក៏​បាន​ជំរុញ និង​ស្នើ​ឱ្យ​បុគ្គលិក​សិក្សា ពិសេស​លោកគ្រូ អ្នកគ្រូ នៅ​ទូទាំង​ខេត្ត​ដែល​មាន​តួនាទី​ក្នុង​ការបណ្តុះបណ្តាល​ចំណេះវិជ្ជា​ដល់​កូន​ក្មួយ​ជំនាន់​ក្រោយ ត្រូវ​សាបព្រោះ​នូវ​ចំណេះដឹង សាបព្រោះ​នូវ​វប្បធម៌​ក​ត្ត​ញ្ញូ ពិសេស​ត្រូវ​ធ្វើ​ជាពុ​ម្ភ​មួយដ៏​ល្អ​ដើម្បី​បណ្តុះបណ្តាល​មនុស្ស​ជំនាន់​ក្រោយ​ឱ្យ​មាន​ទាំង​ធនធានមនុស្ស និង​ធនធាន​ជាតិ​។

​ឯកឧត្តម​អភិបាលខេត្ត​បាន​លើក​បញ្ជាក់​ថា ធនធានមនុស្ស គឺជា​ការយល់ដឹង ការចេះដឹង ការទទួលបាន​នូវ​ចំណេះវិជ្ជា​សម្រាប់​បំរើ​ការងារ​សង្គម និង​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន រីឯ​ធនធាន​ជាតិ គឺជា​មនុស្ស​ដែល​មាន​ចំណេះដឹង​ហើយ​ពោរពេញ​ទៅ​ដោយ​មនសិការ​ជាតិ ពោរពេញ​ទៅដោយ​ចរិក​ជាតិនិយម ពោរពេញ​ទៅដោយ​ការស្រឡាញ់ និង​ការពារ​នូវ​ទឹកដី​ជាតិ​របស់​ខ្លួន ហើយ​នេះ​ជា​អ្វី​ដែល លោកគ្រូ អ្នកគ្រូ ត្រូវ​ចូលរួម​ផ្តល់​ទៅ​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​៕​