គណៈមេធាវី  និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ  បានចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា

​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ បាន​បង្កើត​កិច្ចសហប្រតិបត្តិការ​ផ្លូវការ តាមរយៈ​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​៖ “​កិច្ចសហប្រតិបត្តិការ​ក្នុង​ការសម្រុះសម្រួល​ផ្សះផ្សា​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ។​

​ពិធី​ចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​រវាង​  គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ មានការ​អញ្ចើញ​ចូលរួម​ជា​អធិបតី​ពី​ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​យុត្ត​ធម៌ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ និង ឯកឧត្តម លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៤​។ ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ធ្វើឡើង​ក្នុង គោលបំណង​បង្កើត​កិច្ចសហប្រតិបត្តិការ​ផ្លូវការ​ក្នុង​គោលបំណង​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព និង​ភាព​ឆាប់រហ័ស​នៃ ការដោះស្រាយ​វិវាទ តាមរយៈ​ការសម្រុះសម្រួល​ផ្សះផ្សា​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​។

​តាមរយៈ​ស្មារតី​នៃ​កិច្ច​សហប្រតិបត្តិ​នេះ អ​.​ដ​.​ក​. នឹង​សហការ​ជាមួយ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចាត់ចែង​នីតិវិធី​បញ្ចប់​ជា​ស្ថាពរ​នូវ​វិវាទ ដែល​ត្រូវ​បាន​សម្រុះសម្រួល​ផ្សះផ្សា​បញ្ចប់​ជូន​ប្រជាពលរដ្ឋ​ដោយ​ជោគជ័យ ដោយ​មេធាវី ពោល​គឺ មេធាវី​អាច​យក​វិវាទ​ដែល​ខ្លួន​បាន​សម្រុះសម្រួល​ផ្សះផ្សា​បញ្ចប់​ដោយ​ជោគជ័យ​មក​ស្នើសុំ​ឱ្យ អ​.​ដ​.​ក​. ទទួលស្គាល់ និង​រៀបចំ​ផ្តល់​ជា​កំណត់ហេតុ​ព្រមព្រៀង​បញ្ចប់​វិវាទ ដែល​មាន​អានុភាព​អនុវត្ត​ដូច​សេចក្តីសម្រេច​ស្ថាពរ​របស់​តុលាការ ដូច​ករណី​វិវាទ​ដែល​បាន​ដោះស្រាយ​បញ្ចប់​ក្នុង​ក្របខ័ណ្ឌ អ​.​ដ​.​ក​. ផងដែរ​។​ជាងនេះទៅទៀត​ស្ថាប័ន​ទាំង​ពីរ​នឹង​សហការ រៀបចំ​កិច្ចប្រជុំ សិក្ខាសាលា កម្មវិធី​បណ្តុះបណ្តាល ឬ​ព្រឹត្តិការណ៍​នានា​ទាក់ទង​នឹង​យន្តការ​សម្រុះសម្រួល​ផ្សះផ្សា​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជា​ពិសេស​ពង្រឹង និង​លើកកម្ពស់​ការផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​នៃ​ការដោះស្រាយ​វិវាទ តាមរយៈ​ការសម្រុះសម្រួល​ផ្សះផ្សា​ក្រៅ​ប្រព័ន្ធ​តុលាការ ជូន​សាធារណជន និង​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ប្រធាន គណៈមេធាវី លី ច័ន្ទ​តុលា បានបង្ហាញ​សេចក្តីសោមនស្ស​រីករាយ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែល​បាន​ផ្តល់​កិត្តិយស និង​សេចក្តីទុកចិត្ត​ដល់​គណៈមេធាវី ដើម្បី​ក្លាយជា​ដៃគូ​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ដើម្បី​រួមចំណែក​ក្នុង​ការកាត់បន្ថយ​ការកកស្ទះ​សំណុំរឿង​នៅ​តុលាការ តាមរយៈ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​នឹង​ចូលរួម​សម្រេច​ឱ្យបាន​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់ រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត និង​ភាពប្រាកដនិយម​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​កម្ពុជា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ច្បាប់ ប្រព័ន្ធយុត្តិធម៌ សង្គម​នីតិរដ្ឋ ប្រកប​ដោយ​ភាព​សុខុ​ដុមរ​ម្យនា និង​សន្តិភាព ៕​