ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ថា​ការ​ទប់ស្កាត់ និង​ការប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ វា​មិនមែន​ជា​ការ​បំបិទ​សិទ្ធិសេរីភាព​ក្នុងការ បញ្ជេញមតិ​នោះ​ទេ ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​បំភ្លៃ វា​មិនមែន​ជា​សេរីភាព​សារព័ត៌មាន​នោះទេ​

ការប្រឆាំង​ព័ត៌មាន​ក្លែង​គឺជា​ការធានា​នូវ​សិទ្ធិ​ទទួល​ព័ត៌មាន​ត្រឹមត្រូវ​ពិតប្រាកដ និង​សុវត្ថិភាព របស់​ប្រជាពលរដ្ឋ​, ​នេះ​ជា​ការ​ថ្លែង​របស់ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​បើក​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​លើក​ទី​២១ ក្រោម​ប្រធានបទ «​វិជ្ជាជីវៈ​សារព័ត៌មាន និង​ការបញ្ចេញមតិ​» ដែល​រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ។​

​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​គូស បញ្ជាក់ថា ការពង្រឹង​វិជ្ជាជីវៈ​សារព័ត៌មាន តាមរយៈ​ការបណ្តុះបណ្តាល​សមត្ថភាព​ដល់​អ្នកសារព័ត៌មាន​អោយបាន​រឹងមាំ គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការចូលរួម​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​អោយមាន​ប្រសិទ្ធិភាព ។

​ទាក់ទង​ទៅ​វិធាន​បទ​សម្រាប់​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​លើក​ទី​២១ នេះ ឯកឧត្តម រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​សមាគម​សារព័ត៌មាន​នានា និង​ផ្នែក​ពាក់ព័ន្ធ​លើ​ការងារ​សារព័ត៌មាន បន្ត​ធ្វើ​ការបណ្តុះ បណ្តាល​ដល់​អ្នកសារព័ត៌មាន ដែល​មាន​ចំនួន​ច្រើន បាន​យល់ដឹង​ច្បាស់​អ្វី​ទៅ​ដែល​ហៅថា ក្រម​សី​លធ​ម៍​វិជ្ជាជីវៈ​សារព័ត៌មាន អ្វី​ទៅ​ដែល​ជា​សេរីភាព​ក្នុងកា​រ​បញ្ជេញមតិ ដើម្បី​អោយ​អ្នកសារព័ត៌មាន​រួចផុត​ពី​ការ​ប្រឈម​ចំពោះ​មុខ​ច្បាប់ ។

​តាមរយៈ​អង្គ​វេទិកា​នេះ​ដែរ ឯកឧត្តម រដ្ឋមន្ត្រី បាន​ធ្វើ​ការអំពាវនាវ​ដល់​អ្នកសារព័ត៌មាន ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ កុំ​ធ្វើ​ហួស​ពី​តួនាទី​របស់​ខ្លួន ហើយ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ ។

​ដូច្នេះ​ចាប់ពី​ពេលនេះ​ទៅមុខ​ត្រូវ​រួមគ្នា​កសាង​នូវ​ជំនឿ​ទុកចិត្ត​ចំពោះ​អ្នកសារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ពិតប្រាកដ ដែលជា​អ្នក​ផ្តល់​ព័ត៌មាន ជា​អ្នកនាំពាក្យ​ពី​ប្រភព​មួយ​ទៅ​ប្រភព​មួយ ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​ប្រកបដោយ​ប្រភព​ច្បាស់​លាស់ ។​

​តូ​នាទី​របស់​អ្នកសារព័ត៌មាន​បាន​ចូលរួម​ផ្សព្វផ្សាយ​នូវ​គោលនយោបាយ ច្បាប់ សមិទ្ធិផល​ផ្សេងៗ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​សារព័ត៌មាន​បាន​ដើរ​តូ​នាទី​សំខាន់​នៅក្នុង​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការពារ​នូវ​សន្តិភាព ។​

​ឯកឧត្តម កឹម គុណ​វ​ឌ្ឍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​អាន​នូវ​សារលិខិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​ឆ្នាំ​២០២៤ ដែល​បាន​លើកយក ប្រធានបទ​ស្តី​ពី «​វិជ្ជាជីវៈ​សារព័ត៌មាន និង​ការបញ្ចេញមតិ​» ខណៈ​ដែល​ការអនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ របស់​អ្នកសារព័ត៌មាន​មួយចំនួន​នៅ​មាន​កម្រិត ជាពិសេស​អ្នកសារព័ត៌មាន​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​ករណី​នេះ ទាមទារ​ឱ្យមាន​កិច្ច​សហការ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​លើកកម្ពស់​ការអនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ ដោយ​ត្រូវ ជំរុញ​ការបណ្តុះបណ្តាល​បង្កើន​ស​ម​ត្ថភាព​ជំនាញ​ដល់​អ្នកសារព័ត៌មា​ន និង​បង្កើន​នូវ​ទំនុកចិត្ត​ដល់​សាធារណជន​។

​ទន្ទឹមគ្នានេះ យើង​បាន​កត់សម្គាល់​ឃើញថា ការប្រើប្រាស់​សិទ្ធិ​នៃ​ការបញ្ចេញ​មតិ​ហួស​ព្រំដែន​ច្បាប់ នៅតែ កើតមាន ដែល​បញ្ហា​នេះ​បាន​បង្ក​នូវ​ផលប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម និង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់ ប្រជាពលរដ្ឋ​។

​នៅក្នុង​សារលិខិត​បាន​បញ្ជាក់​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា ត្រូវការ​សារព័ត៌មាន ដែល​មាន​ថាមពល​ប្រកបដោយ​ការទទួលខុសត្រូវ និង មាន​ភាព​ស្មោះត្រង់​ចំពោះ​វិជ្ជាជីវៈ និង​អ្នកសារព័ត៌មាន ដែល​ហ៊ាន​និយាយ​ការពិត​និង​ហ៊ាន​រិះគន់​ក្នុង​ន័យ ស្ថាបនា ដើម្បី​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​គ្រប់​តថភាព​សង្គម ដើម្បី​ជៀសវាង​ការផ្សព្វផ្សាយ​ព័ត៌មាន​តែមួយ​ជ្រុង ឬ​ព័ត៌មាន​ក្លែងក្លាយ​។

​ករណី​នេះ​យើង​ត្រូវការ​នូវ​ការរួមចំណែក ដើម្បី​ប្រឆាំង​អំពើពុករលួយ ការកែទម្រង់​ច្បាប់ និង ប្រព័ន្ធ​យុត្តិធម៌​សង្គម ការកែទម្រង់រដ្ឋបាល​សាធារណៈ ការលើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស ការកសាង​សង្គម​មួយ​ប្រកបដោយ​ភាពយុត្តិធម៌ សុខសន្តិភាព និង​ការអភិវឌ្ឍ​យូរអង្វែង​ដែល​ជា​បំណងប្រាថ្នា​និង​ជា​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក ពុយ គា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​គូសបញ្ជាក់ថា ការរៀបចំ វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​នេះ​ឡើង មាន​គោលបំណង​ផ្ដល់​នូវ​ឱកាស​ជួបជុំ​ពិភាក្សា​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​សារព័ត៌មាន និពន្ធ​នាយក និង​អ្នកសារព័ត៌មាន ធ្វើការ​ផ្លាស់ប្ដូរ​យោបល់ ចែករំលែក​បទពិសោធ និង​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ប្រឈម និង​រៀបចំ​យន្តការ​សម្រាប់​អនុវត្ត ក្នុង​គោលបំណង​លើកកម្ពស់​សិទ្ធិ​សេរីភាព​ខាង​សារព័ត៌មាន តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​ការទទួលខុសត្រូវ​វិជ្ជាជីវៈ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​វិស័យ​ព័ត៌មាន សន្តិសុខ​ព័ត៌មាន និង​សេរីភាព​សារព័ត៌មាន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕​