​អាជ្ញាធរ​ក្រុង​កំពត​រំពឹង​ថា​វិថី​អាហារ​នឹង​ជួយ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ហើយ​កាន់តែ​ទាក់ទាញ​ភ្ញៀវទេសចរ​

​វិថី​អាហារ​ដែល​មាន​ក្បូរ​ក្បាច់រចនា​ជា​ចរ​នា​បថ​ខ្មែរ និង​លេចចេញ​ជា​រូបរាង​នៅ​អំឡុង​ខែ​ធ្នូ​ខាងមុខ ដែល​វិថី​អាហារ​នេះ​និង​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​របស់​ប្រជាពលរដ្ឋ​បន្ថែម ហើយ​កាន់តែ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​មក​លេង​កម្សាន្ត​ខេត្តកំពត​កាន់តែច្រើន​។ អាជ្ញាធរ​ក្រុង​កំពត​រំពឹងថា កំណើន​ភ្ញៀវ​ទេសចរ​នឹង​មាន​ការកើនឡើង ហើយ​ការលក់ដូរ​កាន់តែ​ដាច់​ដោយសារតែ​ការរៀបចំ​បាន​ស្អាត និង​ទាក់ទាញ​ជាង​មុន​ខ្លាំង​។​

​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​មន្ត្រី​ជំនាញ មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​ក្រុង​កំពត ចុះ​ពិនិត្យ​បើក​ការដ្ឋាន​សាងសង់​វិថី​អាហារ និង​សួរ​ច្បារ​ផ្សារ​ចាប់​ពី​ផ្សារ​ក្រណាត់​រហូត​ដល់​សួន​ប្រាសាទ​ដើម​ពោធិ៍ ស្ថិតក្នុង​សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្ត​កំពត​។

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះ ឯកឧត្តម​អភិបាលខេត្ត​បាន​ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង ពិសេស​ក្រុម​ការងារ​សាងសង់​ត្រូវ​រួម​សហការ​គ្នា​ធ្វើយ៉ាងណា​ឱ្យ​ការសាងសង់​នេះ​មាន​ភាពរលូន ហើយ​ឈាន​ទៅ​បញ្ចប់​នៅ​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០២៥​ខាងមុខ ដើម្បី​ជា​កាដូរ​ដល់​អាជីវករ​ដែល​លក់ដូរ​លើ​វិថី​អាហារ​នេះ ក៏​ដូចជា​បង្កើន​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ព្រោះ​វិថី​អាហារ​នេះ និង​រំ​លេចឡើង​នូវ​រចនាបថ​ខ្មែរ និង​ការ​ស្លៀកពាក់​បែប​ប្រពៃណី​ខ្មែរ ក្នុងន័យដើ​ម្ប​បង្ហាញ​ពី​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ទៅ​កាន់​ភ្ញៀវទេសចរ​។​

​អភិបាលក្រុង​កំពត លោក លាង រឿន​សុធី បានឱ្យដឹងថា តាម​ការរំពឹងទុក​ការលក់ដូរ​របស់​អាជីវ​ករ​និង​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន​ក្រោយ​ពី​វិថី​អាហារ​នេះ​សាងសង់​រួចរាល់ ដោយសារ​ភូមិសាស្ត្រ​តំបន់​នេះ​ជាប់​នឹង​ព្រែក​កំពង់បាយ ហើយក៏​ជា​អតីត​ផ្សារ​មួយ​ស្ថិតក្នុង​តំបន់​បេតិក្ខភណ្ឌ​ក្នុងក្រុង​កំពត​ផង​ដែ​រ​។

​លោក​អភិបាលរ​ក្រុង​បាន​បន្តថា បច្ចុប្បន្ននេះ ខេត្ត​កំពត ក៏ដូចជា​ក្រុង​កំពត ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កំណើន​ភ្ញៀវ​ទេសចរ​មាន​ការកើនឡើង​គួរឱ្យកត់សំគាល់ ហើយ​ភ្ញៀវទេសចរ​ភាគច្រើន​តែងតែ​ចូល​មក​លេង​កម្សាន្ត​នៅ​ក្នុង​តំបន់​នេះ ពិសេស​ភ្ញៀវទេសចរ​បរទេស ដោយសារ​តែ​វិថី​អាហារ​គឺ​សំបូរ​ទៅដោយ​អាហារ​ចំរុះ មាន​ទាំង​ម្ហូប​ខ្មែរ និង​ម្ហូប​បរទេស​។​

​លោក​អភិបាលក្រុង​ក៏​បាន​បន្ថែមថា វិថី​អាហារ​នេះ​ក្រោម​ការចង្អុលបង្ហាញ​ដោយ​ផ្ទាល់​ពី​សំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត នឹង​ត្រូវ​សាងសង់​ឡើង​ទៅតាម​រចនាបថ​ខ្មែរ​សុទ្ធសាធ ហើយ​អាជីវករ​គឺ​តម្រូវ​ឱ្យ​មាន​ការ​ស្លៀកពាក់​តាម​បែប​ប្រពៃណី​ខ្មែរ ដើម្បី​ឱ្យមាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង ហើយ​ក៏​ដើម្បី​បង្ហាញ​នូវ​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​ខ្មែរ​ទៅកាន់​កូនក្មួយ​ជំនាន់​ក្រោយ ក៏ដូចជា​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​ផងដែរ​។

​លោក​អភិបាលក្រុង​ក៏​បាន​ស្នើ​ដល់​អាជីវករ​ដែល​លក់ដូរ​នៅ​ក្នុង​វិថី​អាហារ​ទាំងអស់ ត្រូវ​ចូលរួម​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ក្រុង រក្សា​អនាម័យ​បរិស្ថាន​ឱ្យ​បាន​ស្អាត ពិសេស​លក់ដូរ​ដោយ​ភាពស្មោះត្រង់​ដើម្បី​រក្សា​តម្លៃ​ជា​ជនជាតិខ្មែរ​។​

​សូមបញ្ជាក់​ថា ការសាងសង់​នេះ​គឺ​ស្ថិត​លើ​ការចំណាយ​របស់​រដ្ឋបាល​ខេត្ត​កំពត ដោយ​អាជីវករ​ទាំងអស់​មិន​តម្រូវឱ្យ​មាន​ការបង់ប្រាក់​សម្រាប់​ការសាងសង់​នោះ​ឡើង យ៉ាងណាម៉ិញ​ការបង់​ប្រចាំខែក៏​ឯកឧត្តម​អភិបាលខេ​ត្ត​មិន​ឱ្យ​មាន​នោះ​ដែរ​សម្រាប់​ម្ចាស់​តូប​ដែល​អាជ្ញាធរ​ក្រុង​កំពត​បាន​ធ្វើ​បច្ចុប្បន្នភាព​។

​ជាមួយគ្នានេះដែរ ឯកឧត្តម​អភិបាលខេត្ត ក៏​លើកទឹកចិត្ត​ឱ្យ​អាជីវករ​ទាំងអស់​រាយ​ការណ៍​ទៅកាន់​ឯកឧត្តម​ផ្ទាល់​ប្រសិនបើ​មាន​អ្នកដើរ​ទារលុយ ឬ​តម្រូវឱ្យ​បង់​លុយ​តូប​ប្រចាំខែ​៕​