
អតីតមេប៉េអឹម២០១ កំពុងក្លាយជាមេសង្វៀនមាន់ធំប្រចាំស្រុកបាទី
ខេត្តតាកែវ: ដោយនៅសេសសល់ចំហាយឥទ្ធិពលអំណាចខ្លះ លោក ប៉ុល ម៉ុក ដែលគេស្គាល់ថា ជាអតីតមេបញ្ជា ការប៉េអឹមលេខ២០១ ត្រូវបានប្រជាពលរដ្ឋរាយការណ៍មកថា ពេលនេះកំពុងក្លាយជាមេសង្វៀនមាន់ធំ ដែលមានទីតាំងស្ថិតនៅក្នុងភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ។
តាមប្រភពថា សង្វៀនមាន់តាម៉ុកដែលមានទីតាំងមិនឆ្ងាយប៉ុន្មានខាងមុខប៉ុស្តិ៍ប៉េអឹម២០១ នោះ បានបើកលេងជាយូរមកហើយយ៉ាងក្ដៅគគុកគាក់ ដោយមានទាំងការចាក់ភ្នាល់មាន់ជល់ពីក្រៅប្រទេសតាមទូរទស្សន៍ និងមាន់មែនទែន ។ គេថាថ្វីដ្បិតតែសង្វៀនប្រក់ស័ង្កសីតែមានគ្រឹះធំៗណាស់សម្រាប់កាងការពារ និងផ្ដល់លុយ ដូចជាឧកញ៉ាល្បែងម្នាក់ នៅទន្លេបាទី នឹងមេធាវីអង្គែស៊ីម្នាក់ ដែលតែងតែនាំសួយសារ ទៅថ្វាយអាជ្ញាធរយកមុខ ដូច្នេះមិនអាចប៉ើងងាយៗបានទេ បើទោះបីជាគេមើលឃើញថា បានបំពានធ្ងន់ធ្ងរទៅលើគោលការណ៍សន្តិសុខ ភូមិឃុំមានសុវត្ថិភាពក្ដី ។
យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថាប័នយើងបានទាក់ទងទៅលោក ប៉ុល ម៉ុក សុំការបំបំភ្លឺ ករណីសង្វៀនជល់មាន់ខាងលើនេះ តែនៅមិនអាចធ្វើការទំនាក់ទំនងបាន បើទោះជាដូចច្នេះក្តីអង្គភាពយើងខ្ញុំនឹងព្យាយាមទាក់ទងទៅលោក ដើម្បីសុំការបំភ្លឺទាក់ទិនទៅនិងវង់ល្បែងខាងលើនេះ។
ទាក់ទងករណីនេះលោក ភួង ឈីម អភិបាលស្រុកបាទីបានដាក់ការស្ដីបន្ទោសក្រុមប៉េអឹមស្នាក់ការ២០១ ដែលព្រងើយកន្តើយចំពោះបញ្ហាសន្តិសុខ សុវត្ថិភាព ។ ហើយថា លោកនឹងនាំកម្លាំងចុះចាត់វិធានការ ៕