
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ ប្រតិភូតំណាងស្ថាបនិកវេទិកាយុវអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា (CYJF)
ភ្នំពេញ: នៅរសៀលថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យ លោក ពេជ្រ ប៊ុនសាយ តំណាងស្ថាបនិក វេទិកាយុវអ្នកសារ ព័ត៌មានកម្ពុជា ហៅកាត់ថា (CYJF) និងសហការី ចូលជួបសម្តែងការគួរសម ដោយក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងក្រុមការងារ បានគោរពសុំអនុសាសន៍ ពី ឯកឧត្តម រដ្ឋមន្ត្រី ដើម្បីអនុវត្តការងារក្នុងវិស័យព័ត៌មាន ឱ្យកាន់តែមានប្រសិទ្ធ ភាព។
តាមការបញ្ជាក់របស់លោក ពេជ្រ ប៊ុនសាយ បានលើកឡើងថា វេទិកា យុវអ្នកសារព័ត៌មានកម្ពុជា ដែលបានប្រមូលផ្តុំយុវជន បំពេញការងារនៅក្នុង វិស័យព័ត៌មាន មកជួបគ្នា ផ្លាស់ប្តូរបទពិសោធន៏ និងជួយបណ្តុះបណ្តាលយុវជន ជំនាន់ក្រោយ ដើម្បីអោយមានសមត្ថភាព វិជ្ជាជីវៈ ក្រមសីលធម៏ ក្នុងការបំពេញកិច្ចការងារ លើវិស័យព័ត៌មាន បានល្អប្រសើរ ។
ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសំដែងនូវការគាំទ្រ ចំពោះសកម្ម ភាពការងាររបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា វេទិកាយុវអ្នកសារព័ត៌មាន កម្ពុជា និងឯកភាព អោយមន្ត្រីជំនាញពិនិត្យចំពោះសំណើសុំបង្កើត សមាគមសារព័ត៌មានមួយ ឈ្មោះថា វេទិកាយុវអ្នកសារព័ត៌មានកម្ពុជា ។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រីបានជម្រុញលើកទឹកចិត្ត អោយ”អ្នកសារព័ត៌មាន”ទាំងអស់ ត្រូវបង្កើននូវសមត្ថភាព និងជំនាញរបស់ខ្លួន អោយក្លាយទៅ ជាអ្នកសារសរសេរ អត្ថបទវិភាគ ធំៗ ហើយសម្រាប់អត្ថបទដែលបាន សរសេរ ត្រូវបានគេអោយតំលៃ ហើយពេលនោះ តំលៃ នៃអ្នកសារព័ត៌មាន ក៏ត្រូវបានលើកតម្កើងផងដែរ៕