សម្តេច​តេជោ ហ៊ុន សែន នឹង​ផ្ញើ​សុន្ទរកថា​ជា​លាយលក្ខណ៍អក្សរ​ចូលរួម​កិច្ចប្រជុំ​កំពូល​កូវី​ដ​-១៩ ជា​សកល ក្រោម​ប្រធានបទ «​ការបញ្ចប់​ជំងឺ​រាតត្បាត និង​ការកសាង​ឱ្យបាន​ប្រសើរ​ឡើង​វិញ​»

​ភ្នំពេញ​: នៅ​ថ្ងៃ​ទី ២២ ខែ​កញ្ញា ឆ្នាំ ២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ផ្ញើ​សុន្ទរកថា​ជា​លាយលក្ខណ៍អក្សរ​ចូលរួម​កិច្ចប្រជុំ​កំពូល​កូវី​ដ​-១៩ ជា​សកល ក្រោម​ប្រធានបទ «​ការបញ្ចប់​ជំងឺ​រាតត្បាត និង​ការកសាង​ឱ្យបាន​ប្រសើរ​ឡើង​វិញ​» ដែល​ត្រូវបាន​រៀបចំឡើង​ដោយ ឯកឧត្តម ចូ បៃ​ដិន ប្រធានាធិបតី​សហរដ្ឋអាមេរិក តាម​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃ​ទី ២២ ខែ​កញ្ញា ឆ្នាំ​២០២១​។

​កិច្ចប្រជុំ​កំពូល​នេះ នឹង​ផ្តោត​លើ​ការចាក់​វ៉ាក់សាំង​បង្ការ​ដល់​ពិភពលោក ការជួយ​សង្គ្រោះ​ជីវិត ការកសាង​សន្តិសុខ​សុខភាព​ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង​ការធ្វើ​សកម្មភាព​ដើម្បី​វឌ្ឍនភាព និង​ការឯកភាព​លើ​សេចក្តីព្រាង​គោលដៅ​។​

​សុន្ទរកថា​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​គូសបញ្ជាក់​ពី​ភាពចាំបាច់​បន្ទាន់​ក្នុង​ការរួម​គ្នា​ទប់ស្កាត់​ជំងឺ​ឆ្លងកូវី​ដ​-១៩ ក្នុង​ស្មារតី​មនុស្សធម៌​ស្មោះត្រង់ និង​គ្មាន​របៀបវារៈ​នយោបាយ​នៅ​ពីក្រោយ ដើម្បី​អាច​ចាប់ផ្តើម​ដំណើរការ​សេដ្ឋកិច្ច សង្គម​ឡើងវិញ ប្រកបដោយ​សុវត្ថិភាព​។

​សម្តេច​តេជោ ក៏​បាន​សង្កត់ធ្ងន់​ផងដែរ​លើ​សារៈសំខាន់​នៃ​ការរួមបញ្ចូល​វ៉ាក់សាំង​ទាំងអស់​ដែល​អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់ ដែល​ជា​យុទ្ធសាស្ត្រ​សកល​ដ៏​ល្អ ដោយ​គ្មាន​ការរើសអើង​។

​ឆ្លៀត​ក្នុង​ឱកាស​នេះ សម្តេច​តេជោ នឹង​ជំរាប​ជូន​សម័យប្រជុំ​កំពូល​ពី​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព និង​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​កម្ពុជា​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ និង​ពង្រឹង​ភាព​ធន់ និង​ការអភិវឌ្ឍន​ប្រកបដោយ​ចីរភាព នៅក្នុង​តំណាក់កាល​ក្រោយ​វិបត្តិកូ​វីដ​-១៩​។​

​សុន្ទរកថា​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ បាន​ឆ្លុះបញ្ចាំង​ពី​សាមគ្គីភាព​និង​ការប្តេជ្ញាចិត្ត​ដ៏​រឹងមាំ​របស់​កម្ពុជា ជាមួយ​កិច្ចខិតខំ​ប្រឹងប្រែង​អន្តរជាតិ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ នៅ​ក្នុង​ស្មារតី «​គ្មាន​នរណា​ម្នាក់​មាន​សុវត្ថិភាព​ទេ ដរាបណា​មនុស្ស​គ្រប់​គ្នា​មិន​មាន​សុវត្ថិភាព​» ៕