ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រោម​ឱវាទ​នៃ​ក្រសួង​ព័ត៌មាន កាន់បិណ្ឌ​វេន​ទី ១ នៅ​វត្ត​ពិ​ភ​ទ្ទ​រង្សី ហៅ​ចិន ដំ​ដែក​ខាងជើង សង្កាត់​ស្រះចក ខណ្ឌដូនពេញ

​ភ្នំពេញ​: ក្នុងឱកាស​ដែល​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ នៅ​ទូទាំង​ប្រទេស ដែល​គោរព ប្រតិបត្តិ ទំនៀម​ទំលាប់ ប្រកាន់​ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយ​តែងតែ ធ្វើបុណ្យ ធ្វើ​ទាន នៅ​គ្រប់​រដូវ​កាល​នៃ​ពិធីបុណ្យ​នីមួយៗ ជា​រៀងរាល់ឆ្នាំ​មក សម្រាប់​ឱកាស នៃ​ពិធី​បុណ្យ កាន់​បិណ្ឌ ភ្ជុំ​បិណ្ឌ ឆ្នាំ​២០២១​នេះ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និង លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយស សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍ​ន៏ ក្រសួង​ព័ត៌មាន រួម​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​ក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ វេន​ទី​១ នៅ វត្ត ពិ​ភ​ទ្ទ​រង្សី ហៅ​ចិន​ដំ​ដែក ខាងជើង សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ បាន​ប្រព្រឹត្តទៅ ដោយ​នៅ​រសៀល​ថ្ងៃ​អង្គារ ១៥ កើត ខែ​ភទ្របទ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ ២០២១ ម៉ោង ២:៣០​នាទី រសៀល មានការ​ប្រារព្ធ​ពិធី​សូត្រមន្ត សមាទានសិល និមន្ត​ព្រះសង្ឃ ចំរើន​ព្រះ​ប​រិត្ត និង​សំដែង​ធ​ម៏​ទេសនា ទាក់ទង​ទៅ​និង​ពិធី​បុណ្យកាន់បិណ្ឌ និង ភ្ជុំ​បិណ្ឌ ដែល​ជា​ពិធី​មួយ​ត្រូវបាន​ពុទ្ធបរិស័ទ​ខ្មែរ ទូទាំង ប្រទេស ប្រារព្ធ​ធ្វើ​ជា​រៀងរាល់ឆ្នាំ ក្នុង​ជំនឿ​យ៉ាង​មុតមាំ​លើ ទស្ស​នះ កម្មផល ធ្វើ​ល្អ​បានល្អ ធ្វើ​អាក្រក់​បាន​អាក្រក់ ។​

​ពាក់ព័ន្ធ ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ សម្រាប់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង​ព័ត៌មាន បាន​បន្ត​ដោយ​នៅ ពរឹក​ឡើង​ថ្ងៃ​ពុធ ១​រោច ត្រូវ​នឹង​ថ្ងៃទី​២២ ខែ ឆ្នាំ ដដែល ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និង​លោកជំទាវ ទេព រង្ស៊ី រួមជាមួយ ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទីប្រឹក្សា ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​ក្រសួង​ព័ត៌មាន បានធ្វើការ​ប្រគេន​យាគូ រាប់ បាត និង​វេរ​ភត្តាហា​រ ព្រមទាំង និមន្ត​ព្រះសង្ឃ ដារ បង្សកូល​ពហូ​ឆ្លង ដើម្បី​ជា កិច្ច​ឧទ្ទិស​កុសល ជូន​ចំពោះ​ញាតិ​កា​ទាំង​៧ សណ្តាន ដែល​បាន​ចែក​ឋាន​ទៅ កាន់​លោក​ខាងមុខ សូម​ជួប​តែ​សេចក្តី​ស្ងប់ ក្នុង​សុខ​គតិ​ភព ជា​រៀងរហូត​។​

​ពិធី​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​ឆ្នាំ ២០២១​នេះ ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ ១ រោច ដល់​ថ្ងៃ​១៤ រោច ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​៦ ខែ តុលា ឆ្នាំ​២០២១ ។​

​សម្រាប់​ពិធី​បុណ្យកាន់បិណ្ឌ​នេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ និង​លោកជំទាវ ទេព រង្ស៊ី រួមជាមួយ ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង​ព័ត៌មាន បាន​ចូលរួម​បច្ច័យ​ចំនួន​២ លាន​រៀល សម្រាប់​រួមចំណែក ក្នុង ការកសាង​សមិទ្ធិផល​នានា ក្នុង​ទី​អារាម​វត្ត ពិ​ភ​ទ្ទ​រង្សី ហៅ ចិន​ដំ​ដែក ខាងជើង​។

​ជាមួយនេះ បាន​ប្រគេន​បច្ច័យ​ដល់ ព្រះចៅអធិការ​វត្ត ១ លាន​រៀល ព្រះសង្ឃ ៩ អង្គ ក្នុង ១ អង្គ ៥ ម៉ឺន​រៀល លោកតា​អាចារ្យ ១ នាក់ ៨ ម៉ឺន​រៀល គណ​:​ក​ម្មការ អាចារ្យវត្ត ១២ នាក់ ក្នុង​ម្នាក់ ២ ម៉ឺន​រៀល ដូនជី ៥ នាក់ ម្នាក់ ២ ម៉ឺន​រៀល និស្សិត សិស្ស ស្នាក់​នៅ​រៀនសូត្រ ក្នុង​វត្ត ចំនួន ៤៥ នាក់ ក្នុង​ម្នាក់ ១ ម៉ឺន​រៀល ។ ក្រៅពីនេះ ក៏​បាន​ចំណាយ​ក្នុង​ការរៀបចំ​កម្មវិធី​បុណ្យ អស់​ចំនួន ២ លាន ៣​សែន រៀល​ផង​ដែរ​៕