​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីអំពី «​ការដាក់​ដំណើរការ​ជា​ផ្លូវការ​កម្មវិធី​ស្វ័យ​សិក្សា MoEYS E-Learning»

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី ២៣ ខែ​កញ្ញា ឆ្នាំ ២០២១ ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីអំពី «​ការដាក់​ដំណើរការ​ជា​ផ្លូវការ​កម្មវិធី​ស្វ័យ​សិក្សា MoEYS E-Learning» ៥​ខែ​បន្ទាប់​ពី​ការ​ដាក់ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​។

​កម្មវិធី​នេះ រៀបរាប់​ពី​វឌ្ឍនភាព​ចុងក្រោយ​បំផុត​នៃ​កម្មវិធី​ស្វ័យ​សិក្សា​នេះ ដែល​នឹង​ផ្តល់​ជា​ជម្រើស​មួយ​បន្ថែមទៀត ក្នុង​ការអនុវត្ត​ទស្សនាទាន “​គន្លង​ជីវិត​ថ្មី​ក្នុង​វិស័យ​អប់រំ​” នៅ​កម្ពុជា ដែល​សិស្សានុសិស្ស​នៅ​កម្រិត​ចំណេះ​ទូទៅ អាច​ធ្វើ​ស្វ័យ​សិក្សា​បន្ថែម​ស្របតាម​ភាពចាំបាច់​។

​សន្និសីទ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពី​សំណាក់ ឯកឧត្តម​បណ្ឌិត សភា​ចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ និង​ជា​ប្រធាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​

​សូមបញ្ជាក់​ថា កម្មវិធី​ស្វ័យ​សិក្សា​នេះ ក៏​ជា​ឧបករណ៍​អប់រំ​ដ៏​ប្រសើរ​មួយទៀត បន្ថែម​លើ​កម្មវិធីសិក្សា និង​សកម្មភាព​រៀន និង​បង្រៀន​ក្នុង​ថ្នាក់ សម្រាប់ លោកគ្រូ អ្នកគ្រូ ក៏ដូចជា​អ្នកអាណាព្យាបាល ក្នុង​ការជួយ​បង្រៀន​កូន​នៅផ្ទះ ចង្អុលបង្ហាញ និង​តម្រង់​ទិស​សិក្សា​ដល់​កូនៗ និង​សិស្សានុសិស្ស ឲ្យ​សិក្សា​បំពេញបន្ថែម រំលឹក​មេរៀន ឬ​រៀន​ត្រៀម​សម្រាប់​មេរៀន​ណាមួយ​ដែល​ចាំបាច់ នៅ​គ្រប់​កម្រិត និង​គ្រប់​ភូមិ​សិក្សា​នៃ​ការអប់រំ​ចំណេះ​ទូទៅ​។

​រយៈពេល​៥​ខែ​កន្លងមកនេះ ក្រុម​ការងារ​បាន​ដាក់​ដំណើរការ​កម្មវិធី​ស្វ័យ​សិក្សា​នេះ ឲ្យប្រើ​ប្រាស់​ផង កែសម្រួល​ផង ហើយ​ចាប់ពី​ពេលនេះ​តទៅ កម្មវិធី​នេះ​គឺជា​របស់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់​គ្នា ហើយ​។

​សូម​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា អាណាព្យាបាល និង​សាធារណជន​ទាំងអស់​ប្រើប្រាស់​App នេះ​ឲ្យអស់​ពី​លទ្ធភាព និង​ឲ្យមាន​ប្រសិទ្ធភាព ហើយ សូម​ចូលរួម​ផ្តល់យោបល់​ទាំងអស់គ្នា ដើម្បី​ស្ថាបនា​កម្មវិធី​នេះ​ឲ្យបាន​កាន់តែ​ប្រសើរ សម្រាប់​អនាគត​កុមារ និង​យុវជន​របស់​កម្ពុជា ក៏ដូចជា​អនាគត​កម្ពុជា​។

​សូម​ជម្រាប​ផងដែរ​ថា កម្មវិធី​ទូរ​សព្ទ​សម្រាប់​ការ​ស្វ័យ​សិក្សា​នេះ ត្រូវ​បាន​ចូលរួម​អភិវឌ្ឍ​ដោយ E-School Cambodia និង​ទទួលបាន​ការគាំទ្រ​ជា​ស្មារតី​ដោយ គណៈកម្មការ អប់រំ យុវជន កីឡា កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា​៕