រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ផ្សព្វផ្សាយ​បច្ចេកវិទ្យា​ថ្មី​មួយទៀត​ជូន​ដល់​កសិករ គឺ​ការ​កៀរ​ពង្រាបដី​ស្រែ​ដោយ​ប្រព័ន្ធ​ឡា​ហ្ស៊ែ​រ អាច​ជួយ​បង្កើន​ទិន្នផល​ស្រូវ​ពី ២០%-៣០%

​ភ្នំពេញ​: ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បានបញ្ជាក់​ថា ថ្មីៗ​នេះ នាយកដ្ឋាន​វិស្វកម្ម​កសិកម្ម​នៃ​អគ្គ​នាកដ្ឋាន​កសិកម្ម ដោយ​សហការ​ជាមួយ​វិស័យ​ឯកជន បាន​ណែនាំ និង​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​ថ្មី​មួយ​ទៀត​ជូន​ដល់​កសិករ គឺ​ការ​កៀរ​ពង្រាបដី​ស្រែ​ដោយ​ប្រព័ន្ធ​ឡា​ហ្ស៊ែ​រ​។

​នាយកដ្ឋាន​បាន​អះអាងថា ការប្រើ​បច្ចេកវិទ្យា​ថ្មី​នេះ​អាច​ជួយ​បង្កើន​ទិន្នផល​ស្រូវ​ពី ២០%-៣០% តាមរយៈ​ការធ្វើឱ្យ​ដីស្រែ​រាបស្មើ​ល្អ ងាយ​គ្រប់គ្រងរ​បាយទឹក និងរ​បាយ​ជី​បាន​ស្មើ​ល្អ ងាយស្រួល​គ្រប់គ្រង​សមាសភាព​ចង្រៃ ងាយស្រួល​ក្នុង​ការ​សាប​ព្រោះ ស្រូវ​ដុះ​លូតលាស់​ស្មើ​ល្អ ស្រូវ​ទុំ​ស្មើ​ល្អ ងាយស្រួល​ក្នុង​ការប្រើប្រាស់​គ្រឿងយន្ត ការប្រើប្រាស់​ទឹក​មាន​ប្រសិទ្ធភាព​ខ្ពស់ គ្រាប់ស្រូវ​មាន​សម្បុរ ទម្រង់ និង​ទំហំ​ធំ​ល្អ​ប៉ុនគ្នា​នៅ​ដំណាក់កាល​ទុំ និង​បន្ថយ​ការបាត់បង់​ក្រោយពេល​ប្រមូល​ផល​។​

​ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេសជាតិ រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​វិស័យ​កសិកម្ម​ជា​វិស័យ អាទិភាព​ក្នុង​ការ​ទ្រទ្រង់​ខឿន​សេដ្ឋកិច្ច​ជាតិ តាមរយ​:​ការដើរ​តូ​នាទី​ជា​អ្នក​ផលិត​ដើម្បី​ធានា​ឲ្យ បាន​នូវ​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ បង្កើត​ការងារ​នៅ​មូលដ្ឋាន បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ ការអនុវត្ត​បច្ចេកវិទ្យា​កសិកម្ម​ទំនើប​ទាន់សម័យ ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ បរិយាប័​ន្ន សំដៅ​ធានាឲ្យបាន​នូវ​បរិមាណ​ផ្គត់ផ្គង់​កសិផល គុណភាព និង​សុវត្ថិភាព ស្របតាម​ស្តង់ដារ​តម្រូវ​របស់​ទីផ្សារ​ក្នុងស្រុក ក្នុង​តំបន់ និង​ទីផ្សារ​អន្តរជាតិ​ដើម្បី​ធ្វើ​ការនាំចេញ​ស្របតាម​បរិបទ​ទាំង​ក្នុងអំឡុងពេល និង​ក្រោយពេល​នៃ​ការរីក​រាលដាល​ជំងីឆ្លង​កូវី​ដ​-១៩ និង​ជា​ពិសេស​ស្របតាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុងកា​រនាំ​ចេញក​សិផល​កម្ពុ​ជា​។

​ដោយ​យល់​ច្បាស់​អំពី​គុណប្រយោជន៍​នៃ​បច្ចេកទេស​នេះ នាយកដ្ឋាន​វិស្វកម្ម​កសិកម្ម បាន​និង​កំពុង​បន្ត​ពង្រឹង​កិច្ច​សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អង្គការក្រៅរដ្ឋាភិបាល និង​វិស័យ​ឯកជន ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​ជូន​ដល់​ប្រជាកសិករ​ឲ្យបាន​ទូលំទូលាយ​តាមរយៈ​ការបណ្តុះបណ្តាល និង​អនុវត្ត​បង្ហាញ​ជាក់ស្តែង​បាន​ចំនួន​១៨​ទីតាំង មាន​កសិករ​ចូលរួម​ចំនួន ២៤៨​នាក់ នៅក្នុង​ខេត្ត​កំពត តាកែវ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ និង​កំពង់ធំ​។

​ក្រៅ​ពី​ការងារ​អនុវត្ត​បង្ហាញ នាយកដ្ឋាន​វិស្វកម្ម​កសិកម្ម​ក៏​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចូលរួម​ជា​គ្រូ​បង្គោល​បណ្តុះបណ្តាល​ដល់​អ្នកម៉ៅការ​កៀរពង្រាប​ដីស្រែ​ដោយ​ប្រព័ន្ធ​ឡា​ហ្ស៊ែ​រ និង​អ្នកពាក់ព័ន្ធ​តាមរយៈ​កម្មវិធី Rice-SDP និង CFAVC ផងដែរ​។

​គោលបំណង​នៃ​វគ្គ​បណ្តុះបណ្តាល និង​ការអនុវត្ត​បង្ហាញ គឺ​ដើម្បី​ផ្សព្វផ្សាយ​ជូន​ប្រជាកសិករ​ឱ្យមាន​ការយល់ដឹង​អំពី​៖
-​យ​ថា​ប្រភេទ​នៃ​ឧបករណ៍ និង​សម្ភារ​ប្រើ​សម្រាប់​វាស់​ស្ទង់​ដី​
-​វិធីសាស្ត្រ​វាស់​ស្ទង់​ស្ថានភាព​ដី​ស្រែ​
-​បច្ចេកទេស​រៀបចំ​ដីស្រែ​ឱ្យបាន​រាបស្មើ ដោយ​ប្រើ​ប្រព័ន្ធ​ឡា​ហ្ស៊ែ​រ​
-​បច្ចេកទេស​រៀបចំ​ដី​ដោយ​គ្រឿងយន្ត និង​ឧបករណ៍​កសិកម្ម​
-​អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​ឧបករណ៍ និង​សម្ភារ​ប្រើ​សម្រាប់​វាស់​ស្ទង់​ដី​។​

​បើ​ឆ្លងតាម​វគ្គ​បណ្តុះបណ្តាល និង​ការអនុវត្ត​បង្ហាញ ប្រជា​កសិករ​មាន​ការ​ចាប់អារម្មណ៍​ខ្ពស់​ទៅលើ​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា និង​ឧបករណ៍​កៀរ​ពង្រាបដី ហើយ​ពួកគាត់​បាន​គាំទ្រ និង​ចាប់ផ្តើម​ប្រើប្រាស់​បច្ចេកទេស និង​ឧបករណ៍​កៀរ​ពង្រាបដី​លើ​ដីស្រែ និង​ចម្ការ​របស់​ពួកគាត់​ជា​បណ្តើរៗ តាមរយៈ​ការផ្តល់​សេវាកម្ម​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​។

​ចំណែក​ទិសដៅ​បន្ត នាយកដ្ឋាន​វិស្វកម្ម​កសិកម្ម នឹង​បន្ត​ផ្សព្វផ្សាយ និង​ការធ្វើ​បង្ហាញ​បច្ចេកទេស និង​ឧបករណ៍​កៀរ​ពង្រាបដី​នេះ​ដល់​ប្រជាកសិករ​ឲ្យបាន​ទូលំទូលាយ ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា បច្ចេកទេស និង​ឧបករណ៍​កៀរ​ពង្រាបដី​នឹង​យកទៅ​អនុវត្ត​ក្នុង​អនុវិស័យ​ផលិតកម្ម​ដំណាំ​យ៉ាង​ទូលំទូលាយ​នាពេល​អនាគត​៕