ជម្រើស​ជាតិ ទូច ដេវីត យកឈ្នះ​គូប្រជែង ខុន ឌី​ណា Ultimate Boxing Championship 2021

ព្រឹត្តិការណ៍​កីឡា​ប្រដាល់សកល Ultimate Boxing Championship 2021 សប្តាហ៍​ទី​២ ដោយ​កីឡាករ ទូច ដេវីត មក​ពី​ក្លិប​អា​រុណ​រះ​កីឡា និង​ជា​កី​ឡករ​ជម្រើស​ជាតិ បាន​យក​ឈ្នះ​កីឡាករ​មក​ក្លិប​តា​ឯក​ដំបង​ដែក​មានរិ​ទ្ធ​ខេត្ត​ព្រៃវែង ខុន ឌី​ណា ដោយ​ពិន្ទុ នៅក្នុង​ការប្រកួត​កាន់តែ​ទាក់ទាញ​កាលពី​យប់​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២១​។​

​ការប្រកួត​ដ៏​ជក់ចិត្ត​នៃ​គូ​ឯក​ប្រចាំ​សប្តាហ៍​ទី​២ លើ​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នេះ ព្រមទាំង​៥​ប្រកួត​ផ្សេងទៀត ជា​ពិសេស​ក៏​សហព័ន្ធ​បាន​រៀបចំ​ការប្រកួត​នារី​១​ប្រកួត​ផងដែរ ដោយ​ទទួលបាន​ការគាំទ្រ​ពី​មហាជន​តាមរយៈ​ការផ្សាយ​ផ្ទាល់​លើ Page សហព័ន្ធ​កីឡា​ប្រដាល់សកល និង​Page ដៃគូ ជាច្រើន​ទៀត​។​

​ចំពោះ​គូ​ឯ​ករង ដែល​ជា​ការប្រកួត​ផ្នែក​នារី គឺ​កីឡាការិនី នៅ​ស្រី​ពៅ និង​កីឡាការិនី វី ស្រី ស្រី​ស្រស់ លើ​ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម បញ្ចប់​ជាមួយនឹង​លទ្ធផល​ស្មើគ្នា បន្ទាប់​ពី​តស៊ូ​ជាមួយ​គ្នា​យ៉ាង​ស្វិតស្វាញ​ជក់ចិត្ត​យ៉ាងខ្លាំង​ផ​ដែរ​។​

​ដោយឡែក​គូ​ពិសេស​លើ​ប្រភេទ​ទម្ងន់ ៤៩​គីឡូក្រាម គឺ​កីឡាករ អំ ខេ​ម មក​ពី​ក្លិប​អា​រុណ​រះ​កីឡា​បាន​យក​ឈ្នះ​ដោយ​ពិន្ទុ​លើ​កីឡាករ ឈុន ប្រាក់​កាក់ មក​ពី​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិទ្ធ ខេត្ត​ព្រៃវែង​។ ក្រៅពីនេះ​ក៏​មាន​៣​ប្រកួត​បើកឆាក​ផ្សេងទៀត ដែល​ជួយ​អង្រួន​ឲ្យ​សង្វៀន Ultimate Boxing Championship 2021 កាន់តែ​កក្រើក​យ៉ាងខ្លាំង​ប្រចាំ​សប្តាហ៍​ទី​២​នេះ​ផង​ដែរ​។​

​លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការផ្គូផ្គង​របស់​គណៈកម្មកា​រ​បច្ចេកទេស ដោយ​ក្រោយ​បញ្ចប់​នៃ​ការប្រកួត​នីមួយៗ គឺ​មាន​កម្រិត​ប្រហាក់ប្រហែលគ្នា មិន​មាន​កម្រិត​បច្ចេក​ទេស​ខុសគ្នា​ឆ្ងាយ​ពេក​ទេ​។ ជាក់ស្តែង​នៅ​សប្តាហ៍​ទី​នេះ​មិន​មាន​កី​ឡ​ករ កីឡាការិនី​ណា​ម្នាក់​សន្លប់​ទេ ដោយ​ឈ្នះ​ចាញ់​ដោយ​ពិន្ទុ និង​ស្មើគ្នា​។ «​ការផ្គូផ្គង​នេះ​មាន​លក្ខណៈ​ល្អប្រសើរ ជាង​សប្តាហ៍​មុន ហើយ​សហព័ន្ធ​ប្រដាល់សកល​នឹង​រៀបចំ​គូប្រកួត​ឲ្យ​កាន់តែ​ទាក់ទាញ ដោយ​ការប្រកួត​បន្ត សប្តាហ៍​ទី​៣ គ្រោង​នឹង​ធ្វើឡើង នា​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២១ ដោយ​មាន​គូប្រកួត​ដណ្តើម​ប្រាក់​លាន ដោយ​ជើងឯក​នឹង​ទទួលបាន ៣​លាន​រៀល និង​រង​ជើងឯក ១​លាន​រៀល​។ សហព័ន្ធ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​យ៉ាងណា​ឲ្យ​ព្រឹត្តិការណ៍​នេះ​កាន់តែ​ទាក់ទាញ​ខ្លាំង តាមរយៈ​ការរៀបចំ​គូប្រកួត​ល្បីៗ​»​។​

​លោក​អគ្គលេខាធិការ​សង្កត់ធ្ងន់​ថា សម្រាប់​គូ​ដណ្តើម​ប្រាក់​លាន​រៀល​នេះ សហព័ន្ធ​នឹង​រៀបចំ​កីឡាករ​ល្បីៗ​៤​នាក់ តាម​រូបមន្ត​សន្សំ​ពិន្ទុ​លើ​ប្រភេទ​ទម្ងន់ ៦៣,៥ គីឡូក្រាម ដោយ​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ នៅ​សប្តាហ៍​ទី​៣ ហើយ​បេក្ខភាព​២​នាក់ ដែល​មាន​ពិន្ទុ​ខ្ពស់ៗ​ជាង​គេ​នឹង​ឡើង​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើម​ម្ចាស់​ជើងឯក នា​សប្តាហ៍​ទី​៤​។ អ្វី​ដែល​សំខាន់ បេក្ខភាព​ទាំង​៤​នាក់​នេះ​សុទ្ធសឹង​ជា​កីឡាករ​ជម្រើសជាតិ ដែល​សហព័ន្ធ​ផ្តល់ឱកាស​ឲ្យ​ពួកគាត់​បាន​ចូលរួម​ប្រកួតប្រជែង​ឲ្យ​កាន់តែច្រើន ដើម្បី​បង្កើន​គុណភាព​បច្ចេកទេស​កាន់តែ​ខ្ពស់ មុន​ឈានដល់​ការចូលរួម​ប្រកួតប្រជែង​មេដាយ នៅក្នុង​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នា​ឆ្នាំ​២០២២​។ «​ក្នុង​ការប្រកួត​សប្តាហ៍​ទី​២​នេះ​ទទួលបាន​ជោគជ័យ ហើយ​ខ្ញុំ​សង្ឃឹមថា ឆ្នាំ​ក្រោយ​ព្រឹត្តិការណ៍​ដូចគ្នានេះ សហព័ន្ធ​នឹង​រៀបចំ​ការប្រកួត​ដណ្តើម​ប្រាក់​លាន ដណ្តើម​ខ្សែក្រវ៉ាត់ ដោយ​សម្រួច​គោលដៅ​ធ្វើឲ្យ​កាន់តែ​ទាក់ទាញ និង​ទទួលបាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​ក្លាយ​បន្ថែមទៀត​»​។​

​សូមបញ្ជាក់​ថា Ultimate Boxing Championship 2021 គឺជា​ព្រឹត្តិការណ៍​កីឡា​ប្រដាល់សកល​ថ្មី​មួយទៀត ដែល​សហព័ន្ធ​កីឡា​ប្រដាល់សកល​ប្រឹងប្រែង​បង្កើត​វា​ឡើង ដើម្បី​ផ្តល់​ឱកាស​ឲ្យ​កីឡាករ កីឡាការិនី​តាម​បណ្តា​ក្លិប និង​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ប្រកួតប្រជែង​បង្កើន​បច្ចេកទេស ដើម្បី​ត្រៀម​ឆ្ពោះ​តាម​ផែនការ យុទ្ធសាស្ត្រ​របស់​ខ្លួន​ក្នុងការ​ប្រជែង​មេដាយ ក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម និង​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ឲ្យទទួល​បាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​ផងដែរ​៕