ព្រឹកស្អែក​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ប្រភេទ​វ៉ាក់សាំង​ស៊ីណូ​វ៉ាក់ ចំនួន ៣​លាន​ដូ​សទៀត ដែល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​រដ្ឋាភិបាល​ចិន​ដឹក​មកដល់​កម្ពុជា​

ភ្នំពេញ​ ៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បញ្ជាក់ប្រាប់​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​បានដឹងថា នៅ​ព្រឹក​ថ្ងៃទី ២៨ ខែ​កញ្ញា ឆ្នាំ ២០២១​ស្អែក​នេះ វ៉ាក់សាំង​កូវី​ដ​-១៩ ប្រភេទ សុីណូ​វ៉ាក់ ចំនួន ៣​លាន​ដូ​សទៀត នឹង​ដឹក​មកដល់​កម្ពុជា ដែល​ជា​ការបញ្ជាទិញរ​បស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​វ៉ាក់សាំង​ទាំងនេះ ទុក​សម្រាប់ ចាក់​ជូន កុមារ​អាយុ ៦ ឆ្នាំ ដល់ ១២ ឆ្នាំ និង​សម្រាប់​ចាក់ដូស​ជំរុញ ជូន​មនុស្សពេញវ័យ​។​

​លោកជំទាវ បាន​បញ្ជាក់ទៀតថា រហូតមកដល់​ពេលនេះ ទាំង​វ៉ាក់សាំង​ជំនួយ និង​ការបញ្ជា​ទិញ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា កម្ពុជា​យើង​មាន​វ៉ាក់សាំង​នៅក្នុង​ដៃ​សរុប​ចំនួន ៣៥​លាន ៥​សែន​ដូ​សហើយ​។​

​លោកជំទាវ យក់ សម្បត្តិ បាន​បញ្ជាក់ទៀតថា នៅក្នុង​ខែ​តុលា ឆ្នាំ ២០២១ ខាងមុខនេះ កម្ពុជា​យើង​ក៏​នឹង ទទួលបាន​វ៉ាក់សាំង​ជា​ជំនួយ​របស់​មិត្ត​ចិន ជូន​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន ចំនួន ៣​លាន​ដូស​បន្ថែមទៀត ផងដែរ​។​

​សូមជម្រាបថា ជាមួយនឹង​ការ​ផ្តល់​ជំនួយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ចិន​បាន​ក្លាយជា​ប្រទេស​បង្អែក ក្នុង​ការផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​ប្រទេស​កម្ពុជា​។ មកដល់ពេលនេះ ប្រទេស​កម្ពុជា​ទទួលបាន​វ៉ាក់សាំង​បង្ការ​ការពារ​មេ​រោគកូ​វីដ​-១៩ ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ប្រជាជន​ចិន​ចំនួន ២៦​លាន ៨ សែន​ដូ​សហើយ​។​

​សូមជម្រាបថា កំណេី​នអត្រា​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២១ មាន ៩៨,៨០% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់ និង​លើ​កុមារ​-​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ មាន ៨៩,០៨% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១,៩៦៦,៩៣១ នាក់ និង​លើ​កុមារ​អាយុ​ពី ០៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ មាន ៧៨,៦៤% ធៀប​ជាមួយ​នឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២ នាក់​។​