កម្ពុជា និង​អូស្ត្រាលី ចុះ​អនុស្សារណៈ​យោគយល់​គ្នា ស្តីពី​ការរៀបចំ​ហិរញ្ញប្បទាន សម្រាប់​គាំទ្រ​ការ​ប្រតិបត្តិការ របស់​តុ​វិនិយោគ​ក​សិ​-​ចំណីអាហារ​

ភ្នំពេញ​៖ យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានឱ្យដឹងថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​, ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី បាន​ចុះហត្ថលេខា លើ​អនុស្សារណៈ​យោគយល់​គ្នា ស្តីពី​ការរៀបចំ​ហិរញ្ញប្បទាន សម្រាប់​គាំទ្រ​ការ​ប្រតិបត្តិការ​របស់ តុ​វិនិយោគ​ក​សិ​-​ចំណីអាហារ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២១ ដែល​នេះ ជា​ព្រឹត្តិការណ៍​សំខាន់ បញ្ជាក់​ឡើងវិញ ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការជំរុញ​វិនិយោគ ក្នុង​វិស័យ​ក​សិ​-​ចំណីអាហារ​ជា​អាទិភាព ដើម្បី​រួមចំណែក​ដល់​ការរក្សាបាន​នូវ​សុវត្ថិភាព​ម្ហូបអាហារ ការបន្ថយ​ភាពក្រីក្រ​តាមរយៈ​ការបង្កើត​ការងារ​បន្ថែម និង​កំណើន​សេដ្ឋកិច្ច និង​ចីរភាព​បរិស្ថាន​។

​អនុស្សារណៈ​យោគយល់​គ្នា​នេះ នឹង​ក្លាយជា​ឧបករណ៍​សារៈសំខាន់ ក្នុង​ការរួមចំណែក​ដល់​ការជំរុញ​វិនិយោ​គ និង​លើកកម្ពស់​ការអភិវឌ្ឍ​ក្នុង​វិស័យ​ក​សិ​-​ចំណីអាហារ ព្រមទាំង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ភាព​ប្រកួតប្រជែង ក្នុង​វិស័យ​កសិកម្ម​។​

​ការ​ប្រតិបត្តិ​របស់​តុ​វិនិយោគ​ក​សិ​-​ចំណីអាហារ នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នឹង​ជួយ​ពង្រឹង​មូលដ្ឋាន​កាន់តែ​រឹងមាំ​នៃ​វិស័យ​ក​សិ​-​ចំណីអាហារ ឱ្យ​កាន់តែ​មាន​ភាព​ធន់​នៅ​កម្ពុជា តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​ធនធាន និង​ទម្រង់​នៃ​ការវិនិយោគ ដែល​ប្រើប្រាស់​បច្ចេកវិទ្យា និង​នវានុវត្តន៍​នៅក្នុង​វិស័យ​នេះ ខណៈ​បង្កើត​ការងារ​ដែល​មាន​តម្លៃ​បន្ថែម​កាន់តែ​ខ្ពស់ ដល់​ប្រជាជន​កម្ពុជា​ក្នុង​វិស័យ​ក​សិ​-​ចំណីអាហារ​។​

​ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ CDC ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី តាមរយៈ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ដែល​ផ្តល់​ជំនួយ​បច្ចេកទេស ដល់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ដើម្បី​ធ្វើ​សកម្មភាព​ជំរុញ​ការវិនិយោគ ក្រោម​កម្មវិធី​ច្រវាក់​តម្លៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី (CAVAC II)​។​

​ឯកឧត្តម រដ្ឋមន្ត្រី​ប្រតិភូ បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា សម្រាប់​តួនាទី​ក្នុង​ការផ្តល់​ជំនួយ​បច្ចេកទេស ដើម្បី​ពន្លឿន​ការស្តារ​ឡើង​វិញ នូវ​សេដ្ឋកិច្ច​កម្ពុជា ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី​ក្រោយ​វិបត្តិកូ​វីដ​-១៩​។​

​ឯកឧត្តម បាន​បន្ថែមថា «​ទន្ទឹម​នេះ​ច្បាប់​ថ្មី​ស្តីពី ការវិនិយោគ​នៃ​កម្ពុជា នឹង​ផ្តល់​ការលើកទឹកចិត្ត​ឆ្លាត​វៃ ដល់​ការវិនិយោគ​តាម​វិស័យ ខណៈ​ដែល​ការវិនិយោគ ក្នុង​វិស័យ​កសិកម្ម និង​ក​សិ​-​ចំណីអាហារ ត្រូវបាន​កំណត់​ជា​វិស័យ​អាទិភាព ដែល​ត្រូវ​ជំរុញ និង​លើកកម្ពស់​ផលិតភាព​បន្ថែមទៀត ដើម្បី​ធានា​ថា​វិស័យ​ទាំងនេះ នឹង​មាន​ភាព​ធន់ និង​ចីរភាព​ក្នុង​ការរួមចំណែក ដល់​ការរក្សា​លំនឹង​សេដ្ឋកិច្ច​ឆ្លើយតប​ទៅនឹង​វិបត្តិ​ជំងឺ​កូវី​ដ​១៩»​។​

​ឯកឧត្តម ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បាន​គូសបញ្ជាក់​ពី ការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​អូស្ត្រាលី ក្នុង​ការគាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ជាពិសេស​ការលើកកម្ពស់​ផលិតភាព ក្នុង​វិស័យ​កសិកម្ម តាមរយៈ​ការរួម​គ្នា​ជំរុញ​ការវិនិយោគ ក្នុង​វិស័យ​ក​សិ​-​ចំណីអាហារ​។​

​ឯកឧត្តម បាន​បន្ដថា ការផ្តល់​ហិរញ្ញប្បទាន ដល់​ការ​ប្រតិបត្តិ​របស់​តុ​វិនិយោគ​ក​សិ​-​ចំណីអាហារ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ពេលនេះ​ជា​ការចូលរួម​បន្ថែម​ទៀត​របស់​អូស្ត្រាលី ក្នុង​ការជួយ​បំពេញបន្ថែម ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋា​-​ភិបាល​កម្ពុជា ក្នុង​ការជំរុញ​ទាក់ទាញ និង​ថែរក្សា​ការវិនិយោគ ក្នុង​វិស័យ​កសិកម្ម​ក​សិ​- ធុរកិច្ច និង​ក​សិ​-​ចំណីអាហារ​។​

​សូមបញ្ជាក់​ថា គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០២១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​ចុះបញ្ជី​គម្រោង​វិនិយោគ ក្នុង​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម ចំនួន ៣៧៦​គម្រោង ក្នុង​ទុន​វិនិយោគ​សរុប​ប្រមាណ ៩.៧​ពាន់​លាន​ដុល្លារ ៕