
មន្ត្រីមន្ទីរបរិស្ថានខេត្តរតនគិរី សហការជាមួយមន្ត្រីជំនាញចុះបង្ក្រាបសាច់សត្វព្រៃដែលដាក់លក់នៅផ្សារបានលុងដោយល្មើសច្បាប់
ខេត្តរតនគិរី៖ បន្ទាប់ពីទទួលបានព័ត៌មានពីការលួចលក់ដូរសាច់សត្វព្រៃនៅក្នុងផ្សារបានលុងខេត្តរតនគិរី មន្ត្រីនៃមន្ទីរបរិស្ថាន ដោយរួមសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធបានចុះបង្ក្រាបបទល្មើសការលក់ដូរសាច់សត្វព្រៃខុសច្បាប់ដោយបានរឹបអូសសាច់សត្វព្រៃនិងសំណាកសត្វព្រៃសរុបចំនួន ១៧ គីឡូក្រាម។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាននៅអំឡុងពេលនៃសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងអំឡុងពេលនៃសន្និសីទសារព័ត៌មានស្តីពីអន្ទាក់សូន្យ នៅខេត្តកោះកុង។
ឯកឧត្តមបាននិយាយរៀបរាប់ថា នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមដើម្បីពង្រឹងការអនុវត្តច្បាប់ និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋទាក់ទងនឹងសាច់សត្វព្រៃ។
បើតាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា សំណាកសត្វព្រៃទាំង ១៧ គីឡូក្រាមដែលមន្ត្រីជំនាញអនុវត្តច្បាប់រឹបអូសបានរួមមាន ១-សាច់ជ្រូកព្រៃស្រស់ចំនួន ៦,៥គីឡូក្រាម ២-សត្វត្រកួតងាប់ចំនួន ៣ ក្បាលស្មើនឹង ៥,៥ គីឡូក្រាម
៣-សាច់ងៀតប្រើសចំនួន ៥ គីឡូក្រាម។
រដ្ឋលេខាធិការក្រសួងបរិស្ថានសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានរាយការណ៍ព័ត៌មាននៃការលក់សាច់សត្វព្រៃនេះដល់មន្ត្រីជំនាញដើម្បីចាត់វិធានការទាន់ពេលវេលាដោយលោកបានថ្លែងថា៖ «ប្រជាពលរដ្ឋភាគច្រើនលើសលុបមានការយល់ដឹងពីសារៈសំខាន់នៃសត្វព្រៃសម្រាប់ភពផែនដីនិងប្រព័ន្ធអេកូឡូស៊ី និងបានស្រឡាញ់សត្វព្រៃ ចូលរួមការពារនិងអភិរក្សសត្វព្រៃ និងបានសហការរាយការណ៍ ករណីឃើញមានការលក់ដូរសាច់សត្វព្រៃខុសច្បាប់»។
ក្នុងកិច្ចខិតខំប្រឹងប្រែងការពារអភិរក្សសត្វព្រៃ និងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងនៅក្នុងចំណោមសាធារណជន ក្រសួងបរិស្ថាន បានផ្តួចផ្តើមនិងដឹកនាំយុទ្ធនាការអន្ទាក់សូន្យនៅតាមបណ្តាខេត្តមួយចំនួនដែលមានតំបន់ការពារធម្មជាតិដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ និងជីវៈចម្រុះផ្សេងៗទៀត និងផ្លាស់ប្តូរឥរិយាបថបុគ្គលមួយចំនួនតូចដែលនិយមហូបសាច់សត្វព្រៃមកបញ្ឈប់ការហូបសាច់សត្វព្រៃ និងកុំឱ្យពួកគាត់ជឿថាសាច់សត្វព្រៃជាថ្នាំ ឬជាថ្នាំប៉ូវសុខភាព។ ប៉ុន្តែតាមពិតគឺពោរពេញដោយមេរោគដែលអាចចម្លងជំងឺ និងធ្វើឱ្យយើងគ្រោះថ្នាក់បាន។ ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងកោតសរសើរចំពោះប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់សត្វព្រៃ និងចូលរួមការពារនិងអភរិក្សសត្វព្រៃឱ្យគង់វង្ស៕