​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ កីឡាករ​កីឡាការិនី​កា​រ៉ាតេ​ដូ​កម្ពុជា ទទួល​បាន​មេដាយមាស​១​គ្រឿង មេដាយប្រាក់​៣​គ្រឿង​និង​មេដាយសំរិទ្ធ​៦​គ្រឿង​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ជ័យលាភី​កា​រ៉ាតេ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ ថ្ងៃទី​២៥​ខែ​ឧសភា​ឆ្នាំ​២០២៣​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជា​ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ាតេ​កម្ពុជា​មានប្រសាស​ន៍​ថា​ក្នុងនាម​ជា​ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ាតេ​កម្ពុជា សូម​អបអរសាទរ ប្រកប​ដោយ​មោទកភាព ចំពោះ​ជ័យជម្នះ​ដែល​នឹង​ត្រូវបាន​កត់ត្រា​ទុក ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហព័ន្ធ ក៏​ដូច​ជា​ប្រវត្តិសាស្ត្រ​នៃ​វិស័យ​កីឡា​របស់​កម្ពុជា ផងដែរ ។​

​ពាក់ព័ន្ធ​ករណី​ស៊ី​ហ្គេម​ខាងលើនេះ បើ​ទោះ​ទទួលបាន​មេដាយ ឬ មិន​បាន​ទទួល​ក្តី​, ក៏​កីឡាករ​-​កីឡាការិនី​របស់​យើង​, នៅក្នុង​គ្រប់​វិញ្ញាសា ប្រកួត​, បាន​បង្ហាញ​ទៅ​កាន់​បណ្តា​ប្រទេស​ចូលរួម​ទាំងអស់ នូវ​ស្មារតី​នៃ ភាព​ជា​កីឡាករ (Sportsmanship), ពោល​គឺ​ភាព​អំណត់​តស៊ូ​ដល់​ទីបញ្ចប់ ដើម្បី​យកឈ្នះ​; ក៏ប៉ុន្តែ​, បើ​ចាញ់​, ក៏​ចាញ់​ប្រកប​ដោយ​កិត្តិយស ។

​ដោយសារ​មូលហេតុ​នេះ គួបផ្សំ​នឹង​ភាព​ជោគជ័យ​ដ៏​ធំធេង​នៃ​ការធ្វើ​ជា​ម្ចាស់ផ្ទះ​របស់​យើង​, យើង​បាន​បង្ហាញ​ទៅកាន់​អន្តរជាតិ ដោយ​មោទកភាព ថា កម្ពុជា​មិនមែន​ជា​ប្រទេស​អន់ថយ ដែល​ត្រូវបាន​ញ៉ាំ​ញី​ដោយ​សង្គ្រាម​ទៀត​ទេ កម្ពុជា​ក៏​ជា​អរិយ​ប្រទេស​មួយ ដែល​មាន​ប្រជាជន​ខ្លាំង​ពូកែ និង មាន​សមត្ថភាព មិន​ចាញ់ អរិយ​ប្រទេស​ដទៃ​ទៀត​ដែរ​!​ឯកឧត្តម​អគ្គបណ្ឌិត​សភាចារ្យ​បានបញ្ជាក់​ថា​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​កា​រ៉ាតេ ស៊ី​ហ្គេម​លើក​ទី ៣២ មាន​កីឡាករ​-​កីឡា​ការិនី ជម្រើសជាតិ​កា​រ៉ាតេ​កម្ពុជា មក​ពី​ក្លឹប​កីឡា​កា​រ៉ាតេ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចំនួន ៨ រូប បាន​ចូលរួម​ប្រកួត ។

​ជា​លទ្ធផល​, កីឡាករ​-​កីឡា​ការិនី មក​ពី​ក្លឹប​កីឡា​កា​រ៉ាតេ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដណ្តើម​បាន​មេដាយ ចំនួន ៤ គ្រឿង​, ក្នុងនោះ មេដាយប្រាក់ ចំនួន ១ និង មេដាយសំរិទ្ធិ ចំនួន ៣ ។

​ស្របពេល​ដែល​យើង​កំពុង​អបអរ​ចំពោះ​សមិទ្ធផល​របស់​យើង​, យើង​ក៏​គួរ​គិតគូរ​អំពី​ទិសដៅ​អនាគត​នៃ​ការលូតលាស់​កីឡា​កា​រ៉ាតេ​របស់​កម្ពុជា ផងដែរ ។ ក្នុងនាម​ជា​ប្រធាន​សហព័ន្ធ​, ខ្ញុំ​យល់​ថា កិច្ចការ​នេះ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ។ ការណ៍​នេះ​ទាមទារ នូវ​ការចូលរួម​ប្រកប​ដោយ​ឆន្ទៈ និង ស្មារតី​បុរេ​សកម្ម ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ រាប់​ចាប់ពី​ខ្លួន​ខ្ញុំ​ផ្ទាល់ រហូត​ដល់​ថ្នាក់ដឹកនាំ និង មន្ត្រី​សហព័ន្ធ​, ក៏ដូចជា​កីឡាករ​-​កីឡា​ការិនី និង គ្រូបង្វឹក​ទាំងអស់ ផងដែរ ។

​ក្នុង​ស្មារតី​នេះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចារ្យ​បាន​ចែករំលែ​ក​នូវ​ទស្សនាទាន​មួយចំនួន ជាគោលការណ៍​រួម សម្រាប់​កំណត់​ទិសដៅ​អនាគត នៃ​ការអភិវឌ្ឍ​កីឡា​កា​រ៉ាតេ​របស់​កម្ពុជា ដូចខាងក្រោម​៖

​ទី​១-​ពង្រឹង​រចនាសម្ព័ន្ធ និង សមត្ថភាព​ស្ថាប័ន​របស់​សហព័ន្ធ ដើម្បី​ដឹកនាំ និង ជំរុញ​លើក​កម្ពស់​វិស័យ​កីឡា​កា​រ៉ាតេ ឱ្យ​កាន់តែ​រីកចម្រើន និង ក្លាយ​ជា​ផ្នែក​មួយ ក្នុងការ​-​រួមចំណែក​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការកសាង​ធនធានមនុស្ស និង ក្នុង​ការលើកតម្កើង​កិត្យានុភាព​ជាតិ ។

​ទី​២-​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​សហព័ន្ធ​កា​រ៉ាតេ​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់ ក៏ដូចជា​សហព័ន្ធ​កា​រ៉ាតេ​អាស៊ីអាគ្នេយ៍​, សហព័ន្ធ​កា​រ៉ាតេ​អាស៊ី និង សហព័ន្ធ​កា​រ៉ាតេ ពិភពលោក ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​កីឡា​កា​រ៉ាតេ ។

​ទី​៣-​ជំរុញ​ការបណ្តុះបណ្តាល និង ការបង្កើន​ធនធានមនុស្ស​បន្ថែមទៀត​, ទាំង​កីឡាករ​- កីឡា​ការិនី​, គ្រូបង្វឹក និង អាជ្ញាកណ្តាល តាមរយៈ​ការរៀបចំ​ផែនការ​សកម្មភាព​, ទិសដៅ និង យន្តការ​នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស ឱ្យបាន​ច្បាស់លាស់​, ពិសេស ការបណ្តុះបណ្តាល កីឡាករ​-​កីឡាការិនី​កម្ពុជា ប្រកបដោយ​សមត្ថភាព និង និរន្តរភាព ។

​ទី​៤-​ពង្រឹង និង ពង្រីក​ការគាំទ្រ និង ការចូលរួម​ពី​វិស័យ​ឯកជន​, ទាំង​ក្នុង​រូបភាព​ជា​អ្នកគាំទ្រ​, ជា​អ្នក​ផ្តល់​ប្រាក់​ឧបត្ថម្ភ ឬ​ជា​ដៃគូ​សហការ សម្រាប់​ការផ្សាយពាណិជ្ជកម្ម ។​ល​។ ដើម្បី​ធានា​ចីរភាព​នៃ​ការអភិវឌ្ឍ​វិស័យ​កីឡា​កា​រ៉ាតេ​នៅ​កម្ពុជា ។ ក្នុងន័យនេះ​, ខ្ញុំ​សង្ឃឹមថា ថ្នាក់​ដឹកនាំ​សហព័ន្ធ នឹង​បង្កើន​ការផ្សព្វផ្សាយ​កីឡា​កា​រ៉ាតេ​របស់​យើង ទៅដល់​វិស័យ​ឯកជន ក៏ដូចជា​ប្រជាជន​ទូទៅ ឱ្យ​កាន់តែ​ផុសផុល​ថែមទៀត ។

​ទី​៥-​បង្កើន​លទ្ធភាព​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​កា​រ៉ាតេ​, ទាំង​ក្នុង និង ក្រៅប្រទេស​, ឱ្យ​កាន់តែ​ទូលំទូលាយ​, ជាពិសេស ការប្រកួត​កីឡា​កា​រ៉ាតេ​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ និង ជើងឯក​កា​រ៉ាតេ​ពិភពលោក ។ ខ្ញុំ​ក៏​មាន​សុទិដ្ឋិនិយម​ផងដែរ​ថា យើង​នឹង​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ចូលរួម​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី ៣៣ នាពេលខាងមុខ​, ជាមួយ​នឹង​លទ្ធផល​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​៕