ពិព័រណ៍​វត្ថុ​បុរាណ​ខែ្មរ​ស្តីពី អង្គរ​៖ អាណាចក្រ​ខ្មែរ​ដែល​បាន​បាត់បង់ (Angkor: The Lost Empire Of Cambodia) នៅ​សារមន្ទីរ Royal British Columbia នៅ​Victoria ប្រទេស​កាណាដា​

រាជរដ្ឋាភិបាល​កម្ពុជា​មាន​គោលនយោបាយ​ពង្រឹង​មិត្តភាព និង​ទំនាក់ទំនង​វប្បធម៌​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ពិភពលោក តាមរយៈ​សកម្មភាព​វ​ប្បធម៌ និង​សិល្បៈ​ផ្សេងៗ​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​។

​ការអនុញ្ញាត​អោយមាន​ការរៀបចំ​តាំងពី​ពិព័រណ៍​វត្ថុ​បុរាណ​ខ្មែរ​នៅ​បណ្តា​ប្រទេស​មួយចំនួន​លើ​ពិភពលោក​គឺជា​សកម្មភាព​វប្បធម៌​មួយ​ដ៏​សំខាន់​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា មិន​ត្រឹមតែ​ក្នុង​បំណង​ផ្សព្វផ្សាយ​វប្បធម៌ និង​អារ្យធម៌​ខ្មែរ​សម័យ​អង្គរ​ដ៏​រុងរឿង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ហាញ​អំពី​ឆន្ទៈ​ខ្ពស់ និង​ការសម្រេចចិត្ត​ប្រកបដោយ​គតិបណ្ឌិត និង​ឧត្តមគតិ​ស្នេហា​ជាតិ ការពារ អភិរក្ស និង​អភិវឌ្ឍន៍​សម្បត្តិ​វប្បធម៌​របស់​បុព្វបុរស​ខ្មែរ​សម័យអង្គរ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន និង​កំពុងតែ​ទទួលបាន​នូវ​សន្តិភាព និង​អភិវឌ្ឍន៍​ឥតឈប់ឈរ​។​

​ក្នុង​ស្មារតី និង​គោលបំណង​បន្ត​ពង្រឹង​មិត្តភាព និង​ទំនាក់ទំនង​វប្បធម៌​ជា​មួយ​ពិភពលោក​នេះ​ហើយ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ទទួល​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​អោយ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ MUSEUMSPARTNER នៅ​ប្រទេស​អូទ្រីស (Austria) ដើម្បី​យក​វត្ថុ​បុរាណ​ខ្មែរ​សម័យអង្គរ​ចំនួន​ជាង​១០០​វត្ថុ ទៅ​តាំងពិព័រណ៍​ចំនួន​១០​ទីតាំងនៅ​តាម​បណ្តា​ប្រទេស​មួយចំនួន តាម​ការគ្រោងទុក​។ រហូតមកទល់​ពេលនេះ ការរៀបចំ​ដាក់​តាំងពិព័រណ៍​នេះ បានធ្វើ​២​ដង​រួចមកហើយ​នៅ​សហរដ្ឋអាមេរិក​។

​ការតាំងពិព័រណ៍​ចម្លាក់​បុរាណ​ខ្មែរ​សម័យ​អង្គរ​ដែល​មាន​ចំណងជើង​ថា “​អង្គរ​៖ អាណាចក្រ​ខ្មែរ​ដែល​បាន​បាត់បង់​” នៅ​សារមន្ទីរ Royal British Columbia នៅ​ទីក្រុង Victoria នៃ​ប្រទេស​កាណាដា ជាការ​ចល័ត​ពិព័រណ៍​លើក​ទី​៣​នៅក្នុង​គម្រោង​ពិព័រណ៍​១០​ទីតាំង​ដែល​បាន​គ្រោងទុក​ជាមួយ MUSEUMSPARTNER​។ ពិព័រណ៍​នៅ​សារមន្ទីរ Royal British Columbia ដែល​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៣ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២៤ នេះ បាន​តាំង​បង្ហាញ​វត្ថុ​បុរាណ​ខ្មែរ​សម័យអង្គរ​ជាង​១០០​វត្ថុ អម​ដោយ​រូបភាព​ពីលើ​អាកាស​បង្ហាញ​អំពី​វិសាលភាព​នៃ​រាជធានី​អង្គរ​, រូបថត​, ផ្ទាំង​ពន្យល់ និង​វីដេអូ​ខ្លីៗ​រៀបរាប់​អំពី​ប្រធានបទ​នីមួយៗ​ដែល​លើកយក​បង្ហាញ​។ អ្វី​ដែល​ពិសេស​នោះ​គឺ​ការប្រើ​បច្ចេកទេស​វិទ្យាសាស្ត្រ​ទំនើប បង្ហាញ​ទេសភាព​ធម្មជាតិ និង​វប្បធម៌ ប្រាសាទ​បុរាណ ប្រព័ន្ធធារាសាស្ត្រ​សម័យអង្គរ និង​ប្រជាជន​ដែល​រស់នៅ​ប្រកាន់​នូវ​ទំនៀមទម្លាប់​បុរាណ​តាំងពី​សម័យអង្គរ​នៅ​តំបន់​អង្គរ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​បានអនុញ្ញាត​តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ចូលរួម​ពិធី​សម្ពោធ​បើក​ពិព័រណ៍​នេះ នៅ​សារមន្ទីរ Royal British Columbia នៅ​ទីក្រុង Victoria នៃ​ប្រទេស​កាណាដា កាលពី​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៣​។ ឯកឧត្តម លី វណ្ណា អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវបាន​អនុញ្ញាត​អោយ​ចូលរួម​ជា​ផ្លូវការ​ក្នុង​កម្មវិធី​សម្ពោធ​ពិព័រណ៍​ខាងលើនេះ ដែល​មាន​ចំណងជើង​ថា “​អង្គរ​៖ អាណាចក្រ​កម្ពុជា​ដែល​បាន​បាត់បង់​”​។

​ឯកឧត្តម​បាន​ថ្លៃ​ង​សន្ទរកថា​បើកសម្ពោធ​ពិព័រណ៍​នេះ ដោយ​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការតាំងពិព័រណ៍​វត្ថុ​បុរាណ​ខ្មែរ​សម័យអង្គរ​នៅ​បរទេស​ដែល​មិន​ត្រឹមតែ​ជា​ការផ្សព្វផ្សាយ​បន្ថែម​នូវ​វប្បធម៌ និង​អារ្យធម៌​ខ្មែរ​នា​សម័យ​អង្គរ​ដ៏​រុងរឿង អោយ​ពិភពលោក ជនបរទេស និង​ជនជាតិ​ខ្មែរ​ដែល​រស់នៅ​បរទេស​បាន​ស្គាល់​ប៉ុណ្ណោះ​នោះ​ទេ តែ​អ្វី​ដែល​សំខាន់​លើ​ពី​នេះ​គឺ​បង្ហាញ​អំពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការពង្រឹង​មិត្តភាព និង​ទំនាក់ទំនង​វប្បធម៌​ជា​មួយ​ពិភពលោក និង​ក៏​បាន​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​លើ​វិស័យ​អភិរក្ស លើកតម្កើង​មរតក​ដូនតា និង​អភិវឌ្ឍន៍​វប្បធម៌​ខ្មែរ​ក្នុង​យុគសម័យ​ថ្មី​ដែល​ពោរពេញ​ទៅ​ដោយ​សន្តិភាព និង​អភិវឌ្ឍន៍​ប្រទេស​៕