ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ គ្រប់​សាសនា​ទាំងអស់ គឺ​អប់រំ​មនុស្ស​ឲ្យ​រស់នៅ​ប្រកប​ដោយ​ធម៌ និង​ផ្តល់​នូវ​ពុទ្ធិ​បញ្ញាញាណ ដើម្បី​បែងចែក​រវាង​អំពើអាក្រក់ និង​អំពើ​ល្អ​

ខេត្ត​កំពង់ចាម​៖ ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៣ បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​សម្ពោធ​ឆ្លង​អគារ​ពុទ្ធិក​បឋមសិក្សា​កម្រង និង​សមិទ្ធផល​នានា ក្នុង​វត្ត​កែវ​មុនី (​ហៅ​វត្ត​ថ្មី​) ស្ថិតនៅ​ភូមិ​អង្គរ​បាន​ទី​៨ ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្ត​កំពង់ចាម​។​

​ក្នុងឱកាស​នោះ ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សូម​អនុមោទនា​ត្រេកអរ​ចំពោះ​ការកកើត​ឡើង​នូវ​សមិទ្ធផល​ថ្មីៗ នៅក្នុង​ទី​អារាម​វត្ត​កែវ​មុនី ហៅ​វត្ត​ថ្មី ដែល​មាន​អាយុកាល​ប្រមាណ​៧៧​ឆ្នាំ សម្រាប់​បម្រើ​ជា​ប្រយោជន៍ ដល់​ការជួបជុំ និង​ការ​ធ្វើ​បុណ្យ​បំពេញ​ទាន​តាម​ប្រពៃណី ព្រះពុទ្ធ​សាសនា​របស់​ពុទ្ធបរិស័ទ ចំណុះជើងវត្ត​ក្នុង​មូលដ្ឋាន​នេះ​ផ្ទាល់ ក៏​ដូច​ជា​ពុទ្ធបរិស័ទ ដែល​អញ្ជើញ​មក​ពី​គ្រប់ទិសទី​។​

​ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ថា គ្រប់​សាសនា​ទាំងអស់ គឺ​បាន​អប់រំ​មនុស្ស ឲ្យ​រស់នៅ​ប្រកបដោយ​ធម៌ និង​ផ្តល់​នូវ​ពុទ្ធិ​បញ្ញាញាណ ដើម្បី​បែងចែក​រវាង​អំពើអាក្រក់ និង​អំពើ​ល្អ ព្រមទាំង​ចៀសវាង​ការប្រើប្រាស់​ចំណេះដឹង និង​ជំនាញ​ទៅក្នុង​ផ្លូវខុស ដែល​អាច​នាំមក​នូវ​ការបំផ្លិចបំផ្លាញ​ដល់​បុគ្គល​ខ្លួនឯង និង​សង្គមជាតិ​។​

​ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បន្ដថា ក្នុងន័យនេះ ការអប់រំ​ដែល​ពេញលេញ គឺ​ត្រូវ​ដើរ​ទន្ទឹម​គ្នា និង​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក រវាង​ផ្នែក​វិទ្យា​សាស្ត និង​ផ្នែក​សាសនា ដើម្បី​ជួយ​អភិវឌ្ឍ​សង្គម​មួយ​ឱ្យមាន​ការរីកចម្រើន​លូតលាស់​ប្រកបដោយ​គុណធម៌ និង​សីលធម៌​ខ្ពស់​។​

​ទន្ទឹមគ្នានេះ ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ តែង​បាន​ផ្តល់​ការគោរព និង​បដិបត្តិ​តាម​បាវចនា​ជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ​៖

​ទី​១៖ ជាតិ គឺ​ទឹក​ដី និង​ប្រជាជន ដែល​ក្នុងនេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ការពារ​យ៉ាង​ប្តូរផ្តាច់​នូវ​បូរណភាព​ទឹកដី និង​បាន​ជួយសង្គ្រោះ​ជីវិត​របស់​ប្រជាពលរដ្ឋ រួមទាំង​ការលើកកម្ពស់​ជីវភាព​រស់នៅ​ផង​ដែរ​, ទី​២៖ សាសនា គឺ​ការសង្គ្រោះ​វិស័យ​សាសនា ឲ្យ​រស់​ឡើង​វិញ​នៅ​ក្រោយ​របប​ប៉ុលពត និង​ការលើកស្ទួយ​វិស័យ​សាសនា ឲ្យមាន​ការអភិវឌ្ឍ​រីកចម្រើ​ន​ប្រកប​ដោយ​សុខដុម​នីយកម្ម ដើម្បី​សេចក្តីសុខ​ផ្លូវចិត្ត​របស់​ប្រជាពលរដ្ឋ​
​និង​ទី​៣៖ គឺ​ព្រះមហាក្សត្រ ដោយ​ក្នុងនេះ ថ្នាក់ដឹកនាំ​គណបក្ស​បាន​ចូលរួម​តស៊ូ​ក្នុង​ព្រៃម៉ាគី តាម​ការអំពាវនាវរ​បស់​អង្គ​អតីតព្រះមហាក្សត្រ ជាពិសេស​នៅ​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចូលរួម​បង្កើត​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ឡើងវិញ និង​បន្ត​គោរព​ប្តូរផ្តាច់​ការពារ​យ៉ាង​ម៉ឺងម៉ាត់​រហូតមក​ដល់​បច្ចុប្បន្ន និង​តទៅ​អនាគត​។​

​ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានឲ្យដឹងថា សម័យ​តេជោ​សន្តិភាព ដែល​បាន​ចាប់​កកើតឡើង​ពី​ចុងឆ្នាំ​១៩៩៨ ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ បាន​ធ្វើឲ្យ​កម្ពុជា​មាន​សន្តិភាព​ពេញលេញ ឯកភាព​ទឹកដី និង​ឯកភាព​ជាតិ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ ព្រម​ទាំង​រាជរដ្ឋាភិបាល​តែមួយ បន្ទាប់​ពី​ជម្លោះ​បែកបាក់​អស់​រយៈកាល​ជាង ៥០០ ឆ្នាំ នៅក្នុង​ដាន​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។ ទាំងនេះ គឺជា​អ្វី​ដែល សម្តេច​តេជោ និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ខិតខំ​សម្រេច​បាន​ប្រកប​ដោយ​វីរភាព​លះបង់ ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន​កម្ពុជា​ទាំង ១៧ លាន​នាក់​។ នេះ​ជា​ការ​បញ្ជាក់បន្ថែម របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៕